អានតួអត្ថបទ

ប្រមុខទូត​បារាំង ​ទៅ​អ៊ីស្រាអែលនិងប៉ាឡេស្ទីន ព្រមទាំង​អំពាវនាវ​បទឈប់បាញ់​ជាបន្ទាន់

នៅថ្ងៃអាទិត្យ ទី​១៧ធ្នូ​ រដ្ឋមន្ត្រីការបរទេស​បារាំង​​ បាន​អញ្ជើញដោយផ្ទាល់ទៅ​ដល់ ​អ៊ីស្រាអែល និង ប៉ាឡេស្ទីន។ ក្នុងជំនួបជាមួយ​សមភាគីអ៊ីស្រាអែល អ្នកស្រី កាទ្រីន កូឡូនណា​​ អំពាវនាវឲ្យ​បង្កើត​បទឈប់បាញ់​ ​ម្តង​ទៀត ជាបន្ទាន់។ ដូច​​ប្រមុខ​ការ​ទូត​បារាំងដែរ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស និង ប្រមុខ​ការទូត​អាល្លឺម៉ង់ គឺ​សុទ្ធតែ​អំពាវនាវតាមរយៈ​បណ្តាញ​សង្គម​​​​ ស្នើ​ឲ្យ​បង្កើត​បទ«​ឈប់​បាញ់​ជាប្រញាប់ និង ​រយៈពេល​យូរ»​។​ ក៏ប៉ុន្តែ ​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល បញ្ជាក់ថា​ ប្រសិន​បើឈប់បាញ់ គឺជា«​កំហុស» និងជា​«អំណោយ​ដល់​ក្រុម​ហាម៉ាស»។​

French Foreign Minister Catherine Colonna, right, is greeted by Israeli Col. Olivier Rafowicz as she arrives at the Shura military base, central Israel Sunday Dec. 17, 2023. (AP Photo/Leo Correa)
ប្រមុខ​ទូត​បារាំង អ្នកស្រី Catherine Colonna ទទួល​ស្វាគមន៍​ដោយ វរសេនីយ៍ឯកអ៊ីស្រាអែល Olivier Rafowicz នៅថ្ងៃអាទិត្យ។ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

ពីដែនដី​​​អ៊ីស្រាអែល ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ ​ បាន​លើកឡើង​​ថា ប្រជាជន​ស៊ីវិល បា​នស្លាប់​បាត់​បង់​ជីវិត អស់​ច្រើននាក់​​ណាស់ ហើយ​អ្នកស្រី កាទ្រីន កូឡូនណា​ ក៏​អំពាវនាវឲ្យ​ភាគី​ជម្លោះ​ ​បង្កើតបទ«ឈប់បាញ់ជាប្រញាប់ និង រយៈពេលយូរ»។​ ការ​អំពាវនាវ​ឲ្យ​មាន​បទឈប់​បាញ់​ជាថ្មីនេះ ក៏​ដ្បិត​ថា បទឈប់​បាញ់​លើកទី១ នា​ដើម​ខែ​ធ្នូ បាន​ធ្វើ​ឲ្យ​មាន​ការ​ដោះលែង​ចំណាប់​ថ្នូរ មនុស្ស​ជាង​១០០នាក់។​ ​នៅពេលនេះ មាន​ជន​ជាតិ​បារាំង​ច្រើន​នាក់​ទៀត ដែលកំពុង​​ជាប់ក្នុង​ចំណាប់​ថ្នូររបស់​ក្រុម​អាម៉ាស។ ហេតុនេះ បន្ទាប់ពី​ជួប​ភាគី​អ៊ីស្រាអែល គឺ​តម្រូវ​ឲ្យ​​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ ​អញ្ជើញ​ជាបន្ត​ទៅ​ជួប​ភាគី​អាជ្ញាធរ​ប៉ាឡេស្ទីន​ ដើម្បី​ចរចា។​

​ឆ្លើយ​បកចំពោះ​ការ​អំពាវនាវ​របស់ប្រមុខ​ទូត​​បារាំង ​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក​ Eli Cohen បញ្ជាក់ទៅវិញ​ថា ប្រសិនបើឈប់បាញ់ គឺជា«កំហុស» និងជា«អំណោយដល់ក្រុមហាម៉ាស»។ លើស​ពី​នេះ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ​សង្កត់​ធ្ងន់​ កាលពីល្ងាច​ថ្ងៃសៅរ៍ ថា​នឹង​តាម​កម្ទេច​ពួក​ហាម៉ាសឲ្យ​ដល់​ទីបំផុត ហើយ​និង​នាំ​យក​ចំណាប់​ថ្នូរ​មកវិញ ដោយប្រើ​កម្លាំង​យោធា។​

ទោះបី​ជា​យ៉ាងនេះ​​ក្តី ​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ក៏បា​នទទួល​ស្គាល់​ដែរ ថា ​ប្រទេស​បារាំង​ មាន«​តួនាទី​សំខាន់» ក្នុងការ​ចរចា​ជាមួយ​ពួក​ Hezbollah លីបង់​។ ពួក​ Hezbollah លីបង់ ជា​សម្ព័ន្ធ​របស់​ពួក​ក្រុម​ហាម៉ាស់​​ប៉ាឡេស្ទីន និងជា​ ក្រុម​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត​ ដែល​គាំទ្រ​ដោយ​ អ៊ីរ៉ង់។ ពួក​នេះ​បាន​បាញ់​ផ្លោង​ជា​ញឹក​ញយ​នៅ​ព្រំដែន​អ៊ីស្រាអែល ដែល​ជាក្តីបារម្ភ​មួយ​របស់​​ប្រទេស​បច្ចិមលោក។ បារម្ភព្រោះខ្លាចក្រែង​ផ្ទុះ​ជា​សង្គ្រាម​កាន់តែធំ​ និងច្រើន​ប្រទេស​ចូលរួម។ ដូច្នេះហើយទើប ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ ក៏​នឹង​បន្ត​ដំណើរ​ទៅ​ ប្រទេស​លីបង់​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​១៨ធ្នូ។​

ក្នុង​កិច្ចចរចា​សង្គ្រាម​​នេះដែរ​ នៅចុង​សប្តាហ៍ លោក David Barnea ប្រមុខ​ដឹកនាំ​ចារកម្ម​អ៊ីស្រាអែល​ មូស្សាដ  បាន​ទៅ​ជួប​នឹង​នាយករដ្ឋមន្ត្រីកាតារ​។ កាតារ ​ដែល​មាន​ទឹក​មាត់ប្រៃ​ជាមួយ ​ប៉ាឡេស្ទីន ​​និងជា​អ្នក​ជ្រោម​ជ្រែងមួយ ក្នុង​​បទ​ឈប់​បាញ់​លើកទី១ កាលពីដើមខែធ្នូ។ ចំណែក​សហរដ្ឋអាមេរិក ក្នុង​សប្តាហ៍​នេះ​ រដ្ឋមន្ត្រីការពារ​ជាតិ​ លោក ឡយដ៍ អូស្ទីន បានអញ្ជើញ​​ទៅ​អ៊ីស្រាអែល​ ប៉ារ៉ែន និង កាតារ ហើយ​រដ្ឋបាល​អាមេរិក ក៏​ជំរុញ​ឲ្យ ​អ៊ីស្រាអែល ​គិតគូរ​ពី​មធ្យោបាយ​សង្គ្រោះ​ជន​ស៊ីវិល នៅក្នុងប្រតិបត្តិការ​យោធា​នៅ​តំបន់ហ្កាហ្សា​​។​

គួរ​រំឭកថា សង្គ្រាម​អ៊ីស្រាអែលនិងក្រុម​ហាម៉ាស បាន​ឈាន​ចូល​ ៧២ ថ្ងៃ ហើយ​សម្លាប់​មនុស្ស អស់ ១ ១៤០ នាក់ នៅ​ខាង​អ៊ីស្រាអែល គឺ​ស្លាប់​អស់​ប្រជាជន​ច្រើន​ជាងគេ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ គិត​​ចាប់តាំង​ពី​អ៊ីស្រាអែល​បង្កើត​រដ្ឋ​ នៅឆ្នាំ​១៩៤៨ មក។​ ហើយចំណែក​នៅ​ខាង​ប៉ាឡេស្ទីន គឺ​​បាន​បាត់​បង់​ជីវិតមនុស្ស​ ១៨ ៨០០ នាក់ ដែល​ភាគច្រើន ជា​ស្ត្រី កុមារ និង​យុវជន។ នេះបើតាម​អាជ្ញាធរសុខាភិបាល​របស់​ក្រុម​ហាម៉ាសនៅ​តំបន់​ហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ