អានតួអត្ថបទ
បារាំង-យេម៉ែន

កងទ័ពបារាំងនៅសមុទ្រក្រហម បាញ់ទម្លាក់ដ្រូន​២គ្រឿងរបស់ក្រុមហ៊ូទីយេម៉ែន

នាវាយាមល្បាតរបស់កងទ័ពបារាំង ប្រចាំនៅក្នុងសមុទ្រ​ក្រហមតំបន់ដើមបូព៌ា បានបាញ់ទម្លាក់យានដ្រូន​២គ្រឿង របស់​ក្រុមហ៊ូទីយេម៉ែន។ ផ្អែក​តាមលិខិត​ប្រកាស​ របស់​សេនាធិការដ្ឋាន​នៃកងទ័ពបារាំង គឺការ​បាញ់ស្ទាក់​កម្ទេចនេះ ត្រូវបាន​​ធ្វើឡើង ដោយនាវាយាមល្បាតកងកងទ័ពបារាំង Languedoc កាលពី​យប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ​ទី​១០ធ្នូ​ ចំងាយ​ប្រមាណ​​១១០គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្ររបស់យេម៉ែន មិនឆ្ងាយប៉ុន្មានពីកំពង់ផែ Hodeida ដែលជាតំបន់​ស្ថិតក្រោមការកាន់កាប់របស់​ក្រុមហ៊ូទី​។

Newly recruited fighters who joined a Houthi military force intended to be sent to fight in support of the Palestinians in the Gaza Strip, march during a parade in Sanaa, Yemen December 2, 2023. REUTE
ក្រុមឧទ្ទាមហ៊ូទី ដើរដង្ហែរក្បួន លើកកាំភ្លើង​និង​ទង់ប៉ាឡេស្ទីន ដើម្បីបង្ហាញ​​ការទ្រ​ដល់​ក្រុមហាម៉ាស។ ក្រុងសាណា យេម៉ែន ថ្ងៃទី ២ធ្នូ២០២៣ REUTERS - KHALED ABDULLAH
ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រុមឧទ្ទាមហ៊ូទី ដែលគេស្គាល់ថាគឺជាកូនចៅរបស់អ៊ីរ៉ង់ បាន​ប្រកាសគំរាមថា នឹង​បាញ់​កម្ទេចគ្រប់នាវាដឹកទំនិញ​​ទាំងអស់ នៅក្នុងសមុទ្រក្រហម ដែល​បើកសំដៅចូលទៅ​អ៊ីស្រាអែល ប្រសិនបើប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា មិនទទួលបាន​ជំនួយបន្ទាន់ទេនោះ​។ ក្រោយការប្រកាសដូច្នេះ​ ក្រុមហាម៉ាស បានប្រកាសកោតសរសើរក្រុមឧទ្ទាមហ៊ូទី ថាមានភាពក្លាហាន ចូលរួម​ក្នុង​ខ្សែបណ្តាញ​តស៊ូប្រឆាំងអ៊ីស្រាអែល ដែល​មាន ក្រុមហាម៉ាស ក្រុមហេសបូឡា និងក្រុមហ៊ូទី។

គួររំលឹកថា ការគំរាម​របស់​ក្រុមហ៊ូទីនេះ បាន​ធ្វើឲ្យស្ថានការណ៍​សន្តិសុខនៅតំបន់​សមុទ្រក្រហម កាន់តែជួបភាពតានតឹង។ ច្រកសមុទ្រក្រហម គឺជាផ្លូវឆ្លងកាត់​នៃនាវាដឹកទំនិញអន្តរជាតិ ដ៏សំខាន់​បំផុតមួយ​។ ក្រុមហ៊ូទី ដែលគ្រប់គ្រង​ដែនដីភាគខាងជើង​យេម៉ែន បាន​វាយប្រហារមកលើសន្តិសុខ​នាវាដឹកទំនិញអន្តរជាតិជាច្រើន​ដងមក​ហើយ​។ កាលពីសប្តាហ៍​មុន ក្រុមឧទ្ទាម​ហ៊ូទី បានវាយ​ប្រហារទៅលើនាវាដឹកទំនិញមួយ ដោតទង់ជាតិបាម៉ាម៉ាស ដែលក្រុមហ៊ូទី ចោទថាជានាវា​ដឹកទំនិញអ៊ីស្រាអែល​។ កាលពីថ្ងៃទី​១៩វិច្ឆិកា ក្រុមហ៊ូទីបាន​ប្លន់យកនាវា​ដឹកទំនិញមួយ ឈ្មោះ Galaxy Leader ដែលជាកម្មសិទ្ធិរបស់​ក្រុមហ៊ុនអង់គ្លេសមួយ មានម្ចាស់ជាអ្នកជំនួញសញ្ជាតិ​​អ៊ីស្រាអែល​។

លោក​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខផ្ទៃក្នុង​អ៊ីស្រាអែល បាន​ចាត់ទុកសកម្មភាពគំរាម​របស់ក្រុមហ៊ូទី ថាគឺជាការ​បិទផ្លូវរាំងខ្ទប់អ៊ីស្រាអែល តាមច្រក​សមុទ្រ។ កាលពីសប្តាហ៍​មុនដែរ នាវាចម្បាំងរបស់កងទ័ពអាមេរិក ដែលយាម​ការពារសន្តិសុខនៅតំបន់សមុទ្រក្រមហម បាន​វាយកម្ទេចយានដ្រូនអត្តឃាតរបស់​ក្រុមឧទ្ទាមហ៊ូទី ចំនួន​៣គ្រឿង។ ក្រៅពីប្រើយានដ្រូន​មក​បាញ់បំផ្ទុះនាវាដឹកទំនិញ ក្រុមហ៊ូទីកូនចៅអ៊ីរ៉ង់ ក៏បាន​បាញ់​មីស៊ីលជាច្រើនគ្រាប់ សំដៅទៅអ៊ីស្រាអែលដែរ តែភាគច្រើន​ត្រូវប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែល និង​នាវាចម្បាំងអាមេរិក​​ស្ទាក់កំទេចបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ