អានតួអត្ថបទ
អ៊ីស្រាអែល-ហាម៉ាស

អ៊ីស្រាអែលបង្កើនការវាយប្រហារដ៏សន្ធឹកលើហ្កាហ្សា បន្ទាប់ពីការចរចាដោះដូរចំណាប់ខ្មាំងឈានដល់ផ្លូវទ័ល

អ៊ីស្រាអែលនៅតែសម្រុកវាយប្រហារតាមផ្លូវអាកាសផ្លូវគោក​ទៅលើ​ហ្កាហ្សា នោះបើទោះបីជាមានការអំពាវនាវ​ពីសហគមន៍អន្តរជាតិឲ្យអ៊ីស្រាអែល​គិតពីសុវត្ថិភាព​របស់​ប្រជាជន​ស៊ីវិលប៉ាឡេស្ទីន។ ​នៅក្រោយ​ការផ្អាកបាញ់​មនុស្សធម៌មួយសប្តាហ៍ដើម្បីឈាន​ទៅ​ដោះដូរ​ចំណាប់ខ្មាំង និងអ្នកទោសប៉ាឡេស្ទីន ​អ៊ីស្រាអែលនិងពួកហាម៉ាស​ចាប់ផ្តើម​ប្រយុទ្ធគ្នាសាជាថ្មី​ឡើង និងកាន់តែខ្លាំងក្លាជាងមុន។ ខណៈពេល​ដែល​ភាគីជម្លោះទាំងពីរ​ទម្លាក់កំហុសដាក់គ្នា​ពីការរំលោភបទឈប់បាញ់ ប៉ុន្តែ គេជឿថា អ៊ីស្រាអែល​ចាប់ផ្តើម​វាយប្រហារ​ដ៏សន្ធប់ខ្លាំងទៅលើ​ក្រុមហាម៉ាស​នៅ​ហ្កាហ្ស បន្ទាប់ពីការចរចានៅកាតាដើម្បីការផ្អាកបាញ់សាជាថ្មី ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង​ឈាន​ដល់​ផ្លូវទ័លគ្មានច្រកចេញ។

ផ្សែងពពកខ្មៅ​នៅក្រោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើទឹកដីភាគខាងត្បូង​នៅថ្ងៃទី ២​ធ្នូ ២០២៣
ផ្សែងពពកខ្មៅ​នៅក្រោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើទឹកដីភាគខាងត្បូង​នៅថ្ងៃទី ២​ធ្នូ ២០២៣ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​បទឈប់បាញ់​មនុស្សធម៌ចប់ភ្លាម នៅ​ថ្ងៃសុក្រ អ៊ីស្រាអែល​និង​ក្រុមហាម៉ាស​លើកអាវុធ​វាយប្រហារគ្នា​ដោយ​មិនបន្ថយដៃ។ ខណៈពេល​ដែល ក្រុមហាម៉ាស​និង​ក្រុមជីហាត​អ៊ីស្លាម​ដែលជា​ដៃគូ​ប្រកាស​បាញ់​គ្រាប់រ៉ូក្កែត​សំដៅ​ទឹកដី​អ៊ីស្រាអែល ជាពិសេស​ទីក្រុង​តែលអាវីវ ប្រជាជនប៉ាឡេស្ទីននៅក្នុង​តំបន់​ហ្កាហ្សាយល់ថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​ នៅក្រោយបទឈប់បាញ់​ គឺ​សន្ធឹកខ្លាំងក្លាជាងពេលណាៗទាំងអស់ គិតចាប់តាំង​អ៊ីស្រាអែលផ្តើមសង្រ្គាមប្រឆាំង​ក្រុមហាម៉ាសកាលពី​ដើមខែ​តុលា។

នៅព្រឹកថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែល​នៅតែ​បន្ត​ជញ្ជ្រុំទម្លាក់គ្រាប់បែក បាញ់គ្រាប់ផ្លោងទៅលើ​ទឹកដីហ្កាហ្សា ដោយ​មិន​ខ្វល់ពីការអំពាវនាវ​របស់​សហគមន៍អន្តរជាតិ​ដែលទាមទារ​ឲ្យ​អ៊ីស្រាអែល​គិតគូរការពារ​ជីវិត​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន។ តាម​កងទ័ពអ៊ីស្រាអែល​ គិត​ចាប់តាំង​ពីថ្ងៃសុក្រ ថ្ងៃ​ចប់ការផ្អាកបាញ់មនុស្សធម៌ អ៊ីស្រាអែល​វាយប្រហារ​ទៅលើទីតាំង​របស់​ពួកហាម៉ាស​ជាង​៤០០កន្លែង នៅ​ក្នុង​ទឹកដី​ហ្កាហ្សា ប៉ុន្តែ ក្រសួងសុខាភិបាល​ហាម៉ាស​វិញ អះអាងថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​នៅ​២ថ្ងៃមកនេះសម្លាប់​មនុស្ស​យ៉ាងតិច​២៤០នាក់។

ការវាយប្រហារ​របស់កងទ័ព​​អ៊ីស្រាអែល​នៅ​ពីរថ្ងៃ​មកនេះលែងផ្តោតសំខាន់តែ​នៅតំបន់ភាគខាងជើងហ្កាហ្សាដូចមុន ប៉ុន្តែ រាលដាល​មកដល់​តំបន់ភាគខាងត្បូង​ជាប់ជាមួយព្រំដែន​អេហ្ស៊ីប ជាទីដែលអ៊ីស្រាអែល​ធ្លាប់​បញ្ជាប្រាប់ឲ្យប្រជាជន​ប៉ាឡេស្ទីន​រត់មកជ្រកកោន ដើម្បីគេចពីការទម្លាក់គ្រាប់នៅភាគខាងជើងហ្កាហ្សា​។ សម្រាប់ប្រជាជនប៉ាឡេស្ទីន ពួកគេអស់សង្ឃឹម គ្មាន​កន្លែងណាត្រូវទៅជ្រកដើម្បីសុវត្ថិភាពទៀតទេ ព្រោះសូម្បីតែ​ទីក្រុង Khan Youes និង​Rafahនៅជាប់ព្រំដែនអេហ្ស៊ីបក៏ក្លាយជា​តំបន់សង្រ្គាម គោលដៅវាយប្រហារ​របស់​​អ៊ីស្រាអែលដែរ។ ​​

កងទ័ពអ៊ីស្រាអែល​ពង្រីកការវាយប្រហារ​ទៅលើ​ទឹកដីហ្កាហ្សា​នៅក្នុង​គោលដៅពីរ។ នេះបើតាម​រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល។​ ទីមួយគឺ​វាយប្រហារ​ក្រុមហាម៉ាស សម្លាប់ពួកភេរវជនឲ្យបានច្រើនបំផុត បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលែង​ឲ្យមាន​ទីបញ្ជាការដ្ឋាន រូងក្រោមដី​របស់​ពួកហាម៉ាសតទៅទៀត។ ​ទី២​គឺបង្កើត​បរិយាកាស​​ដាក់សម្ពាធ​លើ​ក្រុមហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង។ សម្រាប់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប្រតិបត្តិការយោធា​ជើងគោក​ជាមធ្យោបាយ​តែមួយគត់​ដើម្បីអាច​សម្រេច​គោលដៅខាងលើ ជាមួយនឹងការគោរពច្បាប់អន្តរជាតិ។

អ៊ីស្រាអែល​បង្កើនការវាយប្រហារ​សន្ធប់ខ្លាំង​លើ​ហ្កាហ្សា នៅបន្ទាប់ពី​ការចរចាដើម្បីការផ្អាកបាញ់សាជាថ្មី។ នៅថ្ងៃ​សៅរ៍ ប្រតិភូ​អ៊ីស្រាអែល​ទទួលបន្ទុកការចរចាដើម្បីដោះលែងចំណាប់ខ្មាំង ​បាន​ចាកចេញពីកាតា​ នៅបន្ទាប់ពី​ភាគីជម្លោះទាំងពីរ អ៊ីស្រាអែល និង​ហាម៉ាស​និយាយមិនត្រូវគ្នា​ពីលក្ខខណ្ឌដោះលែងចំណាប់ខ្មាំងទល់នឹង​អ្នកទោស​ប៉ាឡេស្ទីន។ ម្យ៉ាង អ៊ីស្រាអែលបានចោទក្រុមហាម៉ាសថា រំលោភបទឈប់បាញ់។

ដោយពង្រីកការវាយប្រហារ​របស់អ៊ីស្រាអែលទៅលើ​ហ្កាហ្សា​ខាងត្បូងដែលជា​កន្លែងប្រមូលផ្តុំប្រជាជនប៉ាឡេស្ទីន​ដែល​រត់ភៀសខ្លួនចេញពីភាគខាងជើង ដោយ​មិន​ខ្វល់​ពីអាយុជីវិត​របស់​ប្រជាជន​ស៊ីវិល​កំពុងធ្វើ​ឲ្យ​មានការចោទសំនួរពីគោលដៅចង់បាន​ពិតប្រាកដរបស់​អ៊ីស្រាអែល​នៅក្នុង​ការធ្វើ​សង្រ្គាមហ្កាហ្សា។ នៅក្នុង​សន្និសីទកាសែត​ដែលធ្វើឡើង​នៅ​ក្រៅក្របខ័ណ្ឌជំនួបកំពូលស្តីពីអាកាសធាតុនៅ​អេមីរ៉ាតអារ៉ាប់រួម ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានទាមទារ​ឲ្យអ៊ីស្រាអែល​កំណត់​ច្បាស់ៗពីគោលដៅចង់បានរបស់ខ្លួន ព្រោះថា សន្តិសុខ​របស់​អ៊ីស្រាអែល​មិនអាចត្រូវធានាបានឡើយ បើសិន​មានការបាត់បង់ជីវិតប្រជាជន​ប៉ាឡេស្ទីន។ ប្រធានាធិបតីបារាំងបានព្រមានដែរថា ប្រសិន​បើ​អ៊ីស្រាអែល​នៅតែដៅ​ចង់​កម្ទេច​ក្រុមហាម៉ាស​ទាំងស្រុង នោះសង្រ្គាម​នឹង​អូសបន្លាយយ៉ាងតិច១០ឆ្នាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ