អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

អ៊ីរ៉ង់គំរាមវាយប្រហារ អ៊ីស្រាអែល​ពង្រឹងប្រព័ន្ធការពារដែនអាកាសនិងហាមមិនឲ្យកងទ័ពសុំច្បាប់សម្រាក

ពាក្យគំរាមរបស់​អ៊ីរ៉ង់​ដែល​ថា​ នឹង​សងសឹក​ដាក់ទោស​អ៊ីស្រាអែល ដែលបានវាយប្រហារ​ស្ថានកុងស៊ុល​ និង​សម្លាប់មេឆ្មាំបដិវត្តន៍ កាលពី​ថ្ងៃទី ១​ខែ​មេសានេះ គឺជារឿងពិត និង​គួរឲ្យជឿទុកចិត្ត។ នេះបើតាមការអះអាង​របស់​អ្នកនាំពាក្យ​សេតវិមាន។ បន្ទាប់ពីធ្វើបុណ្យសព​ឲ្យ​សមាជិក​ឆ្មាំបដិវត្តនៅទីក្រុង​តេហេរ៉ង់ ថ្នាក់ដឹកនាំអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា នឹង​វាយប្រហារចាស់ដៃ​ទៅលើ​អ៊ីស្រាអែល​ដើម្បីសងសឹក​ឲ្យ​វីរជនរបស់ខ្លួន។ នៅថ្ងៃពុធ​កន្លងទៅ លោក ចូបៃដិន​និយាយថា អាមេរិកនឹងនៅតែការពារ​សន្តិសុខអ៊ីស្រាអែល​។ នៅចំពោះមុខការគំរាមកំហែង​របស់អ៊ីរ៉ង់ រដ្ឋមន្រ្តីការពារ​ជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រទី​១២​មេសា​​ថា អ៊ីស្រាអែល និង​អាមេរិក​កៀកស្មាគ្នា​ដើម្បីប្រឈមទប់ទល់​អ៊ីរ៉ង់។ នៅចំពោះមុខ​ស្ថានការណ៍កាន់តែរំជើបរំជួល​នៅ​ដើមបូព៌ា ដោយសារ​ការគំរាមវាយប្រហារគ្នា​រវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់ បារាំង​ឯណោះវិញបានអំពាវនាវ​ឲ្យ​ប្រជាជនរបស់ខ្លួន ផ្អាក ធ្វើដំណើរទៅ​អ៊ីរ៉ង់ លីបង់ អ៊ីស្រាអែល​និង​ទឹកដីហ្កាហ្សា​ ចំណែក​ក្រុមហ៊ុនហោះហើរ អាល្លឺម៉ង់​ប្រកាសផ្អាកការហោះហើរទៅ​អ៊ីរ៉ង់ រហូត​ដល់​សប្តាហ៍ក្រោយ។

បាតុករអ៊ីរ៉ង់​ដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល​នៅក្នុង​បាតុកម្ម​បង្ហាញកំហឹង​ក្រោយ​ស្ថានកុងស៊ុលរបស់អ៊ីរ៉ង់​នៅ​ស៊ីរី​រងការវាយប្រហារ ដែលអ៊ីរ៉ង់ចាត់ទុកថាជាស្នាដៃរបស់​អ៊ីស្រាអែល
បាតុករអ៊ីរ៉ង់​ដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល​នៅក្នុង​បាតុកម្ម​បង្ហាញកំហឹង​ក្រោយ​ស្ថានកុងស៊ុលរបស់អ៊ីរ៉ង់​នៅ​ស៊ីរី​រងការវាយប្រហារ ដែលអ៊ីរ៉ង់ចាត់ទុកថាជាស្នាដៃរបស់​អ៊ីស្រាអែល AP - Vahid Salemi
ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​នៅតំបន់ដើមបូព៌ា​កាន់តែពុះកញ្រ្ជោលខ្លាំង បន្ទាប់ពី​អ៊ីរ៉ង់​គំរាមវាយប្រហារ​សងសឹក​អ៊ីស្រាអែល​ រឿង​បាញ់កម្ទេច​ស្ថានកុងស៊ុលនៅស៊ីរី ដែលបានសម្លាប់​មេឆ្មាំបដិវត្តន៍អ៊ីរ៉ង់​៦នាក់កាលពីថ្ងៃទី១​ខែ​មេសា។ នៅសប្តាហ៍នេះ ​ប្រមុខសាសនា​អ៊ីរ៉ង់ ខាមេណី និង​ប្រធានាធិបតី​អ៊ីរ៉ង់​ប្រកាស​សងសឹក​​ឲ្យវីរជនឆ្មាំបដិវត្តន៍​ដែលស្លាប់​ក្នុងការវាយប្រហារ ដែលអ៊ីរ៉ង់​ចាត់ទុកថា ជាស្នាដៃរបស់អ៊ីស្រាអែល។ សម្រាប់​ប្រមុខសាសនាអ៊ីរ៉ង់ អ៊ីស្រាអែលត្រូវតែទទួលទោស។ គេនឹងដាក់ទោសលើ​អ៊ីស្រាអែល។

នៅ​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅ រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់និយាយ​ថា បន្ទាប់ពី​ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ​មិនចាត់វិធានការអ្វីសោះ អ៊ីរ៉ង់ហាក់​គ្មាន​ជម្រើសអ្វីផ្សេង ក្រៅតែពី​វាយប្រហារតបតទៅលើ​​អ្នកដែលបាន​សម្លាប់មន្រ្តីទូតអ៊ីរ៉ង់។​​

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃ​សុក្រ​ អ្នកនាំពាក្យ​របស់​សេតវិមាន​ លោក​ចន ឃើប៊ីបាននិយាយ​ថា ពាក្យគំរាមវាយប្រហារ​របស់អ៊ីរ៉ង់លើកនេះ គឺពិត និងគួរឲ្យជឿទុកចិត្តបាន។ លោក​ចន ឃើប៊ី​នៅ​បានបន្ថែមថា លោកប្រធានាធិបតី​ ចូ បៃដិនបានទទួលដំណឹងជាបន្តបន្ទាប់ពី​​ក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក និង​ថា អាមេរិកចង់​​ធ្វើគ្រប់បែបយ៉ាងដើម្បីធានាថា អ៊ីស្រាអែល​អាច​ការពារ​ខ្លួន​។​​ នៅ​ថ្ងៃ​ពុធ កន្លងទៅ ប្រធានាធិបតី​អាមេរិក លោកចូ បៃដិនបាន​និយាយ​ថា អ៊ីរ៉ង់​នឹងធ្វើការ​វាយប្រហារ​ធំមួយ​ទៅលើ​អ៊ីស្រាអែល​។ ប៉ុន្តែ លោកចូ បៃដិន​សន្យាថា អាមេរិក​នឹង​ជួយ​គាំទ្រអ៊ីស្រាអែលដោយមិន​បន្ថយដៃឡើយ។ សេតវិមានមិនបាន​បញ្ជាក់ថា តើ​អាមេរិកនឹង​ប្រកាន់ជំហរយ៉ាងណា​ដើម្បីជួយ​​អ៊ីស្រាអែលនោះទេ។ ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ មេបញ្ជាការកងទ័ពអាមេរិក​ប្រចាំតំបន់ដើមបូព៌ា លោក​Michael Erik Kurilla បាន​ធ្វើដំណើរ​ទៅអ៊ីស្រាអែល ដើម្បីជួបពិភាក្សា​ជាមួយ​រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលស្តីពីការគំរាមកំហែង​​សន្តិសុខ​នៅក្នុងតំបន់។ នៅក្នុងកិច្ចសន្ទនា​ជាមួយ​សមភាគីអាមេរិក រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល លោក​Yaov Gallantបាន​សង្កត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់ចេញមុខដោយផ្ទាល់ ​វាយប្រហារ​អ៊ីស្រាអែល នោះអ៊ីស្រាអែល​នឹងវាយតបតវិញ។ ដោយលើកឡើង​ពីការកៀកស្មាជាមួយ​អាមេរិក ប្រមុខការពារជាតិអ៊ីស្រាអែល​អះអាងថា អ៊ីស្រាអែល​ត្រៀមខ្លួន ត្រៀមគ្រប់សេណារីយ៉ូ និងថា អ៊ីស្រាអែល​មាន​សមត្ថភាពគ្រប់គ្រាន់ដើម្បីវាយបកវិញ ក្នុងករណីអ៊ីរ៉ង់វាយប្រហារលើទឹកដីអ៊ីស្រាអែល។ នៅចំពោះមុខការគំរាមកំហែង​របស់​អ៊ីរ៉ង់ អ៊ីស្រាអែលស្ថិតនៅក្នុង​ស្ថានភាពប្រកាសអាសន្នជាប់ជានិច្ច និង​បាន​ពង្រឹង​ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន និង​ផ្អាកមិន​ឲ្យ​ទាហាន​ឈប់សម្រាក។

ការឆេះរាលដាល​សង្រ្គាមហ្កាហ្សា ទៅជា​សង្រ្គាមក្នុងតំបន់ដើមបូព៌ា គឺជាអ្វីដែល​សហគមន៍អន្តរជាតិព្រួយបារម្ភ បន្ទាប់ពី​អ៊ីស្រាអែល​ មិនត្រឹម​តាមកម្ទេច​ក្រុមហាម៉ាស​នៅហ្កាហ្សា ប៉ុន្តែ នៅបាន​វាយប្រហារទៅលើ​ក្រុមហេសបូឡា​លីបង់ និង​ទីតាំងយោធា​របស់​អ៊ីរ៉ង់ នៅ​ក្នុងទឹកដីស៊ីរី​។

ស្ថិតក្នុងស្ថានភាពដ៏គួរឲ្យគ្រោះថ្នាក់ ប្រទេស​ធំមួយចំនួន តាំង​ពី​ឥណ្ឌា បារាំង អាល្លឺម៉ង់ អ៊ីតាលី រុស្ស៊ី​ បានអំពាវនាវ​ឲ្យភាគីជម្លោះ អត់ធ្មត់។ អាមេរិក និងចិន​វិញ បាន​បោះសំដីដាក់គ្នា ព្រោះថា នៅពេល​អាមេរិក​តាមរយៈ​រដ្ឋមន្រ្តីការបរទេស​ ទាមទារ​ឲ្យ​ចិន​អន្តរាគម និយាយ​បញ្ចុះបញ្ចូលអ៊ីរ៉ង់ដែលជាអ្នកលក់ប្រេងឲ្យចិន ប៉េកាំងវិញ​តាមរយៈ​អ្នកនាំពាក្យ​ការបរទេស​បាន​តបវិញថា អាមេរិក​ត្រូវដើរតួនាទីស្ថាបនា​នៅតំបន់ដើមបូព៌ា។ ម្យ៉ាង កំរិតស្អប់គំរាមកំហែងគ្នា​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​កើតឆ្លងចេញមកពីជម្លោះនៅហ្កាហ្សា។ ដូច្នេះ គេចាំបាច់​ត្រូវ​បិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា​ឲ្យបានឆាប់បំផុត។

ដោយសារ​តែ​ស្ថានការណ៍​កាន់តែឡើង​ក្តៅនៅដើមបូព៌ា បារាំង​ជាដើម​បាន​អំពាវនាវ​ឲ្យប្រជាជន​របស់ខ្លួនផ្អាកធ្វើដំណើរ​ទៅ​អ៊ីស្រាអែល លីបង់ អ៊ីរ៉ង់ និងទឹកដីហ្កាហ្សា។ មួយវិញទៀត គ្រួសារ​របស់មន្រ្តីទូតបារាំង​នៅ​ក្នុង​ទឹកដីអ៊ីស្រាអែល​ត្រូវ​ចាកចេញ​ឲ្យបានឆាប់ពីទឹកដីអ៊ីស្រាអែល។ សហរដ្ឋអាមេរិកវិញ​បានប្រាប់ប្រជាជន​របស់ខ្លួន​នៅក្នុងទឹកដី​អ៊ីស្រាអែល​ឲ្យ​កាត់បន្ថយ​ការធ្វើដំណើរក្រៅផ្ទះ ក្រៅស្ថានទូត​បើសិនគ្មានការចាំបាច់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ