អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

ក្រោយ​ការវាយប្រហាររបស់អ៊ីរ៉ង់ អ៊ីស្រាអែលស្ថិតនៅចំពោះមុខជំរើស២​ដ៏គ្រោះថ្នាក់

គិតមកត្រឹមពេលនេះ ២ថ្ងៃក្រោយអ៊ីរ៉ង់​បញ្ជាដ្រូននិងមីស៊ីលសរុបជាង​៣០០គ្រាប់ បាញ់ឆ្ពោះមកលើអ៊ីស្រាអែល រដ្ឋាភិបាលរបស់​ណេតាន់យ៉ាហ៊ូ នៅមិនទាន់សម្រេច ឬប្រកាសអ្វីទាំងអស់ ទាក់ទិននឹងការឆ្លើយតបទៅលើ​អ៊ីរ៉ង់​វិញ។ តើអ៊ីស្រាអែល នឹង​ស្ងាត់ត្រឹមនេះ ឬមួយអ៊ីស្រាអែល និងវាយប្រហារ​លើទឹកដី​អ៊ីរ៉ង់ដើម្បីសងសិកវិញ? នេះគឺជាជម្រើសដ៏លំបាក​​ចំនួន​​២ ដែលរដ្ឋាភិបាល​លោកណេតាន់យ៉ាហ៊ូ កំពុងតែប្រឈម ខណៈសហគមន៍អន្តរជាតិ ព្រួយបារម្ភកាន់តែខ្លាំង អំពីសង្គ្រាមឆាបឆេះរាលដាល។​

លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងដឹកនាំការប្រជុំ ក្រុមប្រឹក្សាសង្គ្រាម ដើម្បីពិចារណា​ស្តីពី​លទ្ធភាព​ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ ទែលអាវីវ ថ្ងៃទី​១៤ មេសា ២០២៤
លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងដឹកនាំការប្រជុំ ក្រុមប្រឹក្សាសង្គ្រាម ដើម្បីពិចារណា​ស្តីពី​លទ្ធភាព​ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ ទែលអាវីវ ថ្ងៃទី​១៤ មេសា ២០២៤ AFP - -
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ បានធ្វើឲ្យ​អ៊ីស្រាអែលត្រូវស្ថិតនៅ​ចំពោះមុខ​ការសម្រេចចិត្តដ៏លំបាក​។ បើអ៊ីស្រាអែលវាយបកទៅលើអ៊ីរ៉ង់វិញ នោះ​សង្គ្រាមប្រាកដជាឆេះរាលផ្ទុះសន្ធៅឡើង ក្នុងតំបន់ដើម​បូព៌ាជាក់ជាមិនខាន។ តែបើអ៊ីស្រាអែលសុខចិត្ត​ខាំមាត់នៅស្ងៀម នោះមានន័យថា អ៊ីស្រាអែលសុខចិត្ត​ឲ្យ​អ៊ីរ៉ង់​យកទំលាប់ថ្មីនេះ ទៅធ្វើទៀតនៅថ្ងៃខាងមុខ។ ពោលគឺអ៊ីរ៉ង់នឹង​ប្រើដ្រូន ប្រើ​មីស៊ីលបាញ់​មកលើទឹកដីអ៊ីស្រាអែលដោយ​ផ្ទាល់តែម្តង នៅ​រាល់ពេលដែលអ៊ីស្រាអែល វាយ​ប្រហារទីតាំងផលប្រយោជន៍អ៊ីរ៉ង់នៅក្រៅប្រទេស។

គួរបញ្ជាក់ថា ​​សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល មិនចង់ឃើញ​ភ្លើងសង្គ្រាមឆាបឆេះនៅតំបន់ដើមបូព៌ា ថែមមួយទៀតទេ។ ម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ លោក​ណេតាន់យ៉ាហ៊ូ បានទូរស័ព្ទនិយាយជាមួយ​លោក​ចូ បៃដិន​។ បើផ្អែកតាម​ការចុះផ្សាយ​របស់គេហទំព័រ Axios គឺលោក​ចូបៃដិនបាន ប្រាប់ទៅលោកណេតាន់យ៉ាហ៊ូ ថាមិនត្រូវ​វាយ​បកទៅវិញជាដាច់ខាត​។

គិតមកដល់ព្រឹកថ្ងៃចន្ទទី​១៥មេសា គឺគ្មានការការសម្រេចអ្វីទាំងអស់ពីរដ្ឋាភិបាល​អ៊ីស្រាអែល។ ក្រុមប្រឹក្សាសង្គ្រាម​បានប្រជុំចប់ តែដោយ​គ្មានប្រកាសអ្វីទាំងអស់។ លោក​ណេតាន់យ៉ាហ៊ូ បានត្រឹម​ចេញលិខិតប្រកាសខ្លីមួយ ដែលសរសេរថា “យើងបាន​ចាប់ស្ទាក់បានសឹងទាំងអស់ ការ​សាមគ្គីរួមគ្នានឹងធ្វើឲ្យ​យើងឈ្នះ​”។

ភាពស្ងាត់ស្ងៀម​របស់រដ្ឋាភិបាលអ៊ីស្រាអែលនេះ បាន​ធ្វើឲ្យ​មានពាក្យ​ចចាមអារ៉ាមជាច្រើន ដែលលើកឡើងពីគំនិតខុសៗគ្នា នៃឥស្សរៈជន​សមាជិកក្រុមប្រឹក្សាសង្គ្រាមអ៊ីស្រាអែល។ បណ្តាញសារព័ត៌មានអ៊ីស្រាអែល បានចុះផ្សាយ​នៅព្រឹកថ្ងៃចន្ទ ដោយស្រង់ប្រភពពីមន្ត្រីយោធា​មួយចំនួន​ ដែលថាសមាជិកភាគច្រើន​នៃ​ក្រុមប្រឹក្សាសង្គ្រាម បានរុញគ្នាថា “ តោះកុំបង្អង់! ត្រូវតែវាយអ៊ីរ៉ង់នៅពេលនេះឲ្យចាស់ដៃបំផុត ព្រោះវាជាឱកាសហើយ​”។ មន្ត្រីយោធាអ៊ីស្រាអែលខាងលើ​​បានបង្ហាញ​ការព្រួយបារម្ភ ក្នុងករណីដែលអ៊ីស្រាអែលវាយបកវិញដោយ​កំហឹង ដោយ​តក់ក្រហល់ ដោយ​មិនបានគិត​ឲ្យវែងឆ្ងាយ​អំពីផលវិបាក​។

ការពិត​​ទៅ​ រដ្ឋបាល​លោកចូ បៃដិន​បារម្ភណាស់ ខ្លាចក្រែងលោក​ណាតាន់យ៉ាហ៊ូ ពង្រីកសមរភូមិសង្គ្រាម​ជាមួយ​អ៊ីរ៉ង់ បន្ថែមជាពីលើសមរភូមិនៅហ្កាហ្សា ព្រោះថាវាគឺជាឱកាសល្អមែនសម្រាប់លោកណេតាន់យ៉ាហ៊ូ ដែលចង់កំទេចសមត្ថភាព​នុយក្លេអ៊ែររបស់អ៊ីរ៉ង់​។​ គ្រប់គ្នាដឹងច្បាស់ ថាលោក​ណេតាន់យ៉ាហ៊ូ និង​ក្រុមស្តាំនិយមជ្រុលអ៊ីស្រាអែល ស្អប់របបអ៊ីស្លាម​ផ្តាច់ការ​​អ៊ីរ៉ង់កម្រិតណា ហើយព្រួយបារម្ភកម្រិតណាប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ​។​​ គេនៅចាំបាន ថាកាលពីចុងឆ្នាំ​២០២០ លោកណេតាន់យ៉ាហ៊ូ ធ្លាប់បាន​បបួល​លោក​ដូណាល់ត្រាំ ឲ្យរួមគ្នា​វាយ​កំទេចទីតាំង​នុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីក​អ៊ីរ៉ង់។

ទន្ទឹមគ្នានេះ លោក​ណេតាន់យ៉ាហ៊ូ កំពុងរងសំពាធខ្លាំង ពីក្រុម​ស្តាំនិយមជ្រុលដែលជាសមាជិករដ្ឋាភិបាលចម្រុះ​។ ជាក់ស្តែង លោក Itmar Ben Gvir រដ្ឋមន្ត្រី​សន្តិសុខជាតិ បាន​ប្រកាសដាច់ណាត់កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល​ត្រូវតែយកឱកាសនេះ​ ស្រោចស្រង់កិត្តិយសវិញ ធ្វើ​ឲ្យ​គ្រប់គ្នានៅតំបន់ដើមបូព៌ា​កោតខ្លាច​កម្លាំងអ៊ីស្រាអែល​។ ដូចគ្នាដែរ លោក Naftali Bennett អតីតនាយករដ្ឋមន្ត្រី​ស្តាំនិយមជ្រុលសាសនា បាន​លើកឡើងថា “ អ៊ីស្រាអែលមិនអាចសប្បាយចិត្តស្ងប់ចិត្ត​​​ ដោយគ្រាន់តែ​បាញ់ស្ទាក់ស្កាត់ដ្រូន និងមីស៊ីលអ៊ីរ៉ង់បានជោគជ័យប៉ុណ្ណោះទេ។ ត្រឹមទប់គ្រាប់របស់សត្រូវបាន​ គេមិនហៅថាបានឈ្នះសង្គ្រាមឡើយ​ ចង់ឈ្នះគឺទាល់តែ​ធ្វើឲ្យសត្រូវខ្លាច​លែងហ៊ាន”​។

ដោយឡែក លោក Benny Gantz អតីតអគ្គមេបញ្ជាការកងទ័ពអ៊ីស្រាអែល ថ្វីបើមានគោលជំហរ ចង់ឲ្យ​អ៊ីស្រាអែល​វាយ​បកទៅលើអ៊ីរ៉ង់វិញ តែលោក​មានយោបល់ថា ត្រូវពិចារណា​ឲ្យ​គ្រប់ជ្រុងជ្រោយ​​ កុំ​ប្រញេបប្រញាប់​។ លោក Benny Gantz បាន​លើកឡើងថា អ៊ីស្រាអែលត្រូវប្រមូលកម្លាំងពីសម្ព័ន្ធមិត្ត ព្រោះថា​អ៊ីរ៉ង់​គឺជាគ្រោះថ្នាក់គំរាមសន្តិសុខ​តំបន់ដើមបូព៌ាទាំងមូល មិនមែនគំរាម​តែអ៊ីស្រាអែលតែម្នាក់ឯងឡើយ​។ ក្នុងន័យនេះ អ៊ីស្រាអែលត្រូវប្រើប្រាស់​ អត្ថប្រយោជន៍ដែលបានមក សន្ធិសញ្ញា​សន្តិភាពជាមួយ​ហ្សកដានីដែលចុះនៅឆ្នាំ​១៩៩៤ ព្រមទាំង​កិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងល្អនៅឆ្នាំ​២០២០ ដែលអ៊ីស្រាអែលបានចុះជាមួយ​បារ៉ែននិង​អេមីរ៉ាតអារ៉ាប់រួម​។ លោកអតីត​​អគ្គមេបញ្ជាការអ៊ីស្រាអែលរូបនេះ បានសំឡឹងឃើញ​ក្តីសង្ឃឹមនេះ បន្ទាប់ពី​ឃើញថា ហ្សកដានីក៏បានបាញ់ស្ទាក់មីស៊ីលអ៊ីរ៉ង់ដែរ កាលពីយប់ថ្ងៃសៅរ៍ ហើយ​ប្រព័ន្ធរ៉ាដា​របស់បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួម បានជូនដំណឹងទៅ​កងទ័ពអាមេរិក​ថាមានមីស៊ីលនិងដ្រូនហោះចេញពី​ដីអ៊ីរ៉ង់​។​

តែយ៉ាងណាក៏ដោយ ប្រទេសអារ៉ាប់ក្បែរខាងអ៊ីស្រាអែល មានការទើសទ័លចិត្តណាស់ នៅពេលណាអ៊ីស្រាអែលលើកឡើងថាចង់ផ្សារភ្ជាប់សម្ព័ន្ធមិត្ត តែទន្ទឹមនឹងនេះ អ៊ីស្រាអែលនៅតែបន្តធ្វើសង្គ្រាមនៅហ្កាហ្សា ធ្វើបាបប្រជាជនប៉ាឡេស្ទីន។ ប្រទេសអារ៉ាប់ក្នុងតំបន់ដើមបូព៌ា កាន់តែដកចិត្តពីអ៊ីស្រាអែល បន្ទាប់ពីឃើញ​អ៊ីស្រាអែល​ប្រើកម្លាំងវាយប្រហារនៅលីបង់ នៅស៊ីរី និងដោយទាំងហ៊ាន​វាយប្រហារស្ថានទូតអ៊ីរ៉ង់នៅក្រុងដាម៉ាស​ ដើម្បី​​សម្លាប់​មេបញ្ជាការធំៗ​របស់អ៊ីរ៉ង់។ គឺ​ភាពកម្រោល​ពុលនឹង​កម្លាំងខ្លួន​ឯង​របស់អ៊ីស្រាអែលនេះហើយ ដែលបានហុចឱកាសឲ្យអ៊ីរ៉ង់សងសឹក កាលពីយប់ថ្ងៃសោរ៍ទី​១៣មេសា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ