អានតួអត្ថបទ

ប្រធានាធិបតី​តួកគី​ប្រកាស​រៀបចំ​បោះឆ្នោត​មុន​កាល​កំណត់​នៅ​ថ្ងៃទី​២៤មិថុនា

លោក​អ៊ែរដូហ្កាន់ ប្រធានាធិបតី​តួកគី បាន​ប្រកាស​ឲ្យ​ដឹង​នៅថ្ងៃ​ពុធ​ថា តួកគី​នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​មុនកាល​កំណត់ នៅថ្ងៃទី២៤​ខែមិថុនា ពោលគឺ ជាង​មួយ​ឆ្នាំ​មុន​កាលបរិច្ឆេទ ដែល​គេ​បាន​កំណត់​កាល​ពី​មុន។ ការបោះឆ្នោត​នៅថ្ងៃទី២៤មិថុនា​នោះ នឹង​មាន​ទាំង​ការ​បោះឆ្នោត​តំណាងរាស្រ្ត និង​ការ​បោះឆ្នោត​ប្រធានាធិបតី។

លោក​តៃយីប អ៊ែរដូហ្កាន់ (Tayyip Erdogan) ប្រធានាធិបតី​តួកគី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ឯ​វិមាន​ប្រធានាធិបតី​ ថ្ងៃទី១៨ មេសា ២០១៨
លោក​តៃយីប អ៊ែរដូហ្កាន់ (Tayyip Erdogan) ប្រធានាធិបតី​តួកគី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ឯ​វិមាន​ប្រធានាធិបតី​ ថ្ងៃទី១៨ មេសា ២០១៨ REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ពី​ការ​បោះឆ្នោត​មុនកាលកំណត់​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន់​ធ្វើឡើង​ដោយ​ផ្ទាល់ នៅ​ឯ​វិមាន​ប្រធានាធិបតី ក្រោយ​ពី​លោក​បាន​ជួប​ជាមួយ​នឹង​ប្រមុខដឹកនាំ​គណបក្ស​ដែល​ជា​ដៃគូ​របស់​លោក​ក្នុង​រដ្ឋាភិបាល​ចម្រុះ។

គណបក្ស​ដៃគូ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គណបក្ស​ដែល​មាន​និន្នាការ​ជាតិនិយម ហើយ​មេដឹកនាំ​គណបក្ស​នេះ​បាន​ធ្វើការ​ទាមទារ​ឲ្យ​លោក​អ៊ែរដូហ្កាន់ រំកិល​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត ដែល​ពីដំបូង​គ្រោងធ្វើ​នៅ​​​ថ្ងៃទី៣ខែ​វិច្ឆិកា​ឆ្នាំ២០១៩ មក​នៅថ្ងៃទី២៦​ខែ​សីហា​ឆ្នាំ២០១៨​នេះវិញ។

កាល​ពីដំបូង​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​អ៊ែរដូហ្កាន់​ធ្លាប់​បានបញ្ជាក់​ម្តងហើយ​ម្តងទៀត​ថា​នឹង​មិនមាន​ការផ្លាស់ប្តូរ​កាល​បរិច្ឆេទ​បោះឆ្នោត​នេះ​ទេ។ ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ លោក​អ៊ែរដូហ្កាន់​ក៏ស្រាប់តែ​បាន​ផ្លាស់ប្តូរ​ជំហរ​មកវិញ ហើយ​សម្រេច​រំកិល​កាល​បរិច្ឆេទ​បោះឆ្នោត​​មក​នៅ​ថ្ងៃទី២៤មិថុនា​ឆ្នាំ២០១៨​នេះ ពោលគឺ មុនកាលបរិច្ឆេទ​ដែល​ទាមទារ​ដោយ​គណបក្ស​ដៃគូ​រដ្ឋាភិបាល​ចម្រុះ​ទៅទៀត។

ការបោះឆ្នោត នៅថ្ងៃ​ទី២៤មិថុនា​ខាងមុខនេះ គឺ​ជា​ការ​បោះឆ្នោត​ដ៏​មាន​សារៈសំខាន់​សម្រាប់​នយោបាយ​តួកគី ពីព្រោះ​ថា ចាប់ពី​ការបោះឆ្នោត​នោះហើយ ដែល​សិទ្ធិអំណាចថ្មី​របស់​ប្រធានាធិបតី​តួកគី​ត្រូវ​ចាប់ផ្តើម​ចូល​ជាធរមាន។ សិទ្ធិអំណាច​ប្រធានាធិបតី ដែល​កើតចេញ​ពី​ការកែប្រែរដ្ឋធម្មនុញ្ញ​និង​ប្រជាមតិ​កាលពីឆ្នាំ២០១៧ ហើយ​ដែល​នឹង​ប្រគល់​អំណាច​នីតិប្រតិបត្តិ​ទាំងអស់​ទៅ​ឲ្យ​ប្រធានាធិបតី ដែល​កាល​ពី​មុន​មាន​មុខនាទី​ត្រឹមតែ​ជា​ប្រមុខរដ្ឋតែ​មិន​គ្រប់គ្រង​រដ្ឋាភិបាល។

ការបោះឆ្នោត​នេះ​ក៏​នឹង​ជា​ឱកាស​មួយដែរ សម្រាប់​លោក​អ៊ែរដូហ្កាន់ ក្នុងការ​រក្សា​អំណាច​របស់​លោក​មួយ​អាណត្តិ ៥ឆ្នាំ​ទៀត ក្រោយ​ពី​លោក​បាន​កាន់​អំណាច​អស់រយៈពេល ១៥ឆ្នាំ​ជាប់ៗគ្នារួច​មកហើយ គឺ​ពីដំបូង​ជា​នាយករដ្ឋមន្រ្តី និង​បច្ចុប្បន្ន​ជា​ប្រធានាធិបតី​។

រហូតមកទល់​នឹង​ពេលនេះ គេ​នៅមិនទាន់​ដឹងច្បាស់​នៅឡើយទេ​ថា តើ​មាន​ហេតុផល​អ្វី ដែល​ធ្វើ​ឲ្យ​លោ​កអ៊ែរដូហ្កាន់​ផ្លាស់ប្តូរ​ជំហរ ហើយ​សុខចិត្ត​ធ្វើការ​បោះឆ្នោត​មុនកាល​កំណត់​នេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គណបក្ស​ប្រឆាំង​តួកគី​បាន​ប្រកាស​ស្វាគមន៍​ការ​បោះឆ្នោត​មុន​កាលកំណត់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ