អានតួអត្ថបទ

បាក់ទំនប់នៅឡាវ៖ សំណួរចោទឡើងជុំវិញយន្តការប្រកាសអាសន្ន ក្នុងពេល​ដែល​សាកសពជនរងគ្រោះ​២៦នាក់​ត្រូវបានគេ​រកឃើញ

ការ​បាក់ទំនប់​វារីអគ្គិសនី​នៅឡាវ​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាជន​ដល់​ទៅជាង​១ម៉ឺននាក់ ក្នុងនោះ ប្រមាណ​ជា ៦ពាន់នាក់​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ចោលផ្ទះសម្បែង។ នេះ​បើ​យោងតាម​ការ​អះអាង​​របស់​​​ការិយាល័យ​អ.ស.ប​ប្រចាំ​នៅ​ក្នុង​ប្រទេស​ឡាវ​ ​នៅថ្ងៃ​ពុធនេះ​ថា។ មន្រ្តី​កុងស៊ុល​ថៃវិញ ​​ដែល​បាន​ទៅដល់​ទីកន្លែងកើតហេតុ ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​បាន​ឲ្យដឹង​ថា មាន​សាកសព​ចំនួន ២៦នាក់​ហើយ ដែល​ត្រូវ​បាន​គេ​រកឃើញ តែ​ចំនួន​អ្នក​បាត់ខ្លួន​នៅតែ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​ច្បាស់លាស់នៅឡើយ។ ក្នុងពេល​ជាមួយគ្នា សំណួរ​កំពុងតែ​ចោទឡើង ជុំវិញ​យន្តការ​នេះ​ការ​ប្រកាស​អាសន្ន ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយនេះ។ សំណួរចោទឡើង គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​លើ​ទំនប់​វារី​អគ្គិសនី​នេះ​បាន​អះអាង​ថា​ខ្លួន​បានប្រកាស​អាសន្ន​ដល់​អាជ្ញាធរ​តាំង​ពី​មួយថ្ងៃ​មុន​ពេល​ទំនប់​បាក់។

អ្នកភូមិ​នាំគ្នា​ឡើង​ទៅ​លើ​ដំបូលផ្ទះ ដើម្បី​គេច​ពី​ទឹកជំនន់ ក្រោយ​បាក់​ទំនប់​វារីអគ្គិសនី​ នៅ​ខេត្ត​អាតាពឺ ប្រទេសឡាវ
អ្នកភូមិ​នាំគ្នា​ឡើង​ទៅ​លើ​ដំបូលផ្ទះ ដើម្បី​គេច​ពី​ទឹកជំនន់ ក្រោយ​បាក់​ទំនប់​វារីអគ្គិសនី​ នៅ​ខេត្ត​អាតាពឺ ប្រទេសឡាវ ATTAPEU TODAY/AFP
ផ្សាយពាណិជ្ជកម្ម

រហូតមកទល់​នឹង​ពេលនេះ តាមរយៈ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ពី​សំណាក់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សំខាន់ៗ​ក្នុង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេពៀន-សេណាមណូយ (Xe Pian-Xe Namnoy) នេះ គេ​អាច​ដឹង​បាន​ថា ទំនប់​នេះ​មិនមែន​ស្រាប់តែ​បាក់​ភ្លាមៗ​ដោយ​គ្មាន​សញ្ញា​អ្វី​ដែល​អាច​ឲ្យ​គេ​ដឹង​មុន​បានសោះ​​នោះទេ។

ក្រុមហ៊ុន​ថៃ​​ Ratchaburi Electricity Generating បាន​ឲ្យដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បាក់​ទំនប់នេះ គឺ​ដោយសារ​តែ​មាន​ភ្លៀងធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​ជាប់ៗគ្នា បណ្តាល​ឲ្យ​ទឹក​ហូរ​ចូល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ក្នុង​អាង​ស្តុកទឹក​នៅ​ពីលើ​ទំនប់ ហើយ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ដល់​តួទំនប់។

ក្រុមហ៊ុន​ពីរ​ទៀត​របស់​​កូរ៉េ​ខាង​ត្បូង គឺ​ក្រុមហ៊ុន​ Korea Western Power និង​ក្រុមហ៊ុន SK Engineering & Construction ដែល​ជា​អ្នក​សាងសង់​ទំនប់ បាន​ឲ្យដឹង​​តាមរយៈ​​​សេចក្តីថ្លែងការណ៍​សាធារណៈ និង​តាម​រយៈ​របាយការណ៍​ផ្ញើ​ជូន​ទៅ​កាន់​សមាជិកសភាកូរ៉េ​ខាង​ត្បូង​ថា ខ្លួន​បាន​ឃើញ​​ស្នាមប្រេះ​ប្រមាណ​ជា ១១សង់ទីម៉ែត្រ​ នៅចំកណ្តាល​តួទំនប់ តាំង​ពី​ថ្ងៃ​សុក្រ ពោលគឺ តាំង​ពី​៣ថ្ងៃ​មុន​ពេល​ទំនប់​បាក់ ហើយ​នៅប្រមាណ​ជា​ម៉ោង ៩យប់ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​ឃើញ​ផ្នែក​ខាងលើ​នៃ​តួទំនប់​ត្រូវ​ទឹកហូរ​បុករបេះ​ទៅបាត់ ក្រុមហ៊ុន​ក៏​បាន​ជូនដំណឹង​ភ្លាមៗ​ទៅកាន់​អាជ្ញាធរឡាវ ពោលគឺតាំង​ពី​​​ជិត ២៤ម៉ោង មុន​ពេល​ទំនប់​បាក់។ ក៏ប៉ុន្តែ រហូតទាល់តែ​ដល់​​មួយថ្ងៃឡើង​ទៀត គឺ​នៅថ្ងៃ​ចន្ទ ប្រមាណ​ជា​ម៉ោង ១២ថ្ងៃត្រង់ ក្រោយ​ពី​ក្រុមហ៊ុន​​បាន​សង្កេតឃើញ​ថា ការ​ខូចខាត​លើ​ទំនប់​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ក្រុមហ៊ុន​ក៏​បាន​ជូនដំណឹង​សា​ជាថ្មី​ម្តងទៀត​ទៅកាន់​អាជ្ញាធរ ហើយ​ដល់​ពេលនោះ ទើប​អាជ្ញាធរ​ចាប់ផ្តើម​ចេញ​បទបញ្ជា ដើម្បី​ជម្លៀស​ប្រជាជន​។ ក៏ប៉ុន្តែ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ គឺ​នៅម៉ោង ៨យប់ថ្ងៃ​ចន្ទ ទំនប់​ក៏​ត្រូវបាក់ ធ្លាយ​ទឹក​ទាំង​ ៥ពាន់លានម៉ែត្រគូប ជន់លិចភូមិ ព្រមទាំង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់ និង​បាត់ខ្លួន​រហូតដល់​ទៅ​រាប់​រយនាក់។

ហេតុដូច្នេះហើយ​បាន​ជា​គេ​ចោទ​ជា​សំណួរឡើង​ជុំវិញ​ប្រសិទ្ធភាព​នៃ​យន្តការ​ប្រកាស​អាសន្ន ដើម្បី​ជម្លៀសប្រជាជន ពី​គ្រោះមហន្តរាយនេះ។ តើហេតុអ្វី​បាន​ជា​ការ​ខូចខាត​ទំនប់​ត្រូវ​បានគេ​សង្កេតឃើញ​តាំង​ពី៣ថ្ងៃមុន ហើយ​អាជ្ញាធរ​ក៏​ទទួល​បាន​ការ​ជូនដំណឹងតាំង​ពី​ជិត២៤ម៉ោងមុន តែ​​​ប្រជាជន​មិន​ត្រូវ​បាន​ជម្លៀស​ទាន់ពេលវេលា ហើយ​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ និង​បាត់ខ្លួន​រាប់រយនាក់​បែបនេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ