អានតួអត្ថបទ

FMI ព្រមាន​ពី​ការកើតមាន ចលនា​តវ៉ាប្រឆាំង ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​កូវីដ១៩

ប្រទេស​មួយចំនួន​នឹង​អាច​ប្រឈម​នឹង​ការកើតមាន​វិបត្តិសង្គម ដូចជា​ចលនា​តវ៉ា របស់​ប្រជាជន ប្រសិនបើ វិធានការ​របស់​រដ្ឋាភិបាល សម្រាប់​ដោះស្រាយ វិបត្តិ​កូវីដ១៩ ត្រូវ​គេមើលឃើញ​ថា មិន​គ្រប់គ្រាន់ ឬ​មិន​យុត្តិធម៌ ផ្តល់​ប្រយោជន៍​ទៅ​ក្រុមហ៊ុន បក្សពួក អ្នកមាន ក៏ប៉ុន្តែ មិនមែន​ប្រជាជន។ នេះ​ជា​ការព្រមាន​របស់​អ្នកសរសេរ​របាយការណ៍ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ដែល​ត្រូវ​បានចេញ​បោះពុម្ព​ផ្សាយ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ នៅមុន​កិច្ចប្រជុំ​រួមគ្នា​រវាង​មូលនិធិ​IMF និង​ធនាគារ​ពិភពលោក ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ នៅទីក្រុង​វ៉ាស៊ីនតោន។ 

ស្លាកសញ្ញា​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិនៅទីស្នាក់ការ​​នៅទីក្រុង​វ៉ាស៊ីនតោន
ស្លាកសញ្ញា​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិនៅទីស្នាក់ការ​​នៅទីក្រុង​វ៉ាស៊ីនតោន REUTERS/Yuri Gripas/File Photo
ផ្សាយពាណិជ្ជកម្ម

ជំងឺរាតត្បាត​កូវីដ​១៩​នឹង​រុញច្រាន​ពិភពលោក​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​មួយ​ដ៏ធ្ងន់ធ្ងរ​យ៉ាង​ប្រាកដ។ ប៉ុន្តែ ការសម្រេចចិត្ត ណាមួយ របស់​អ្នកនយោបាយ​ដើម្បី កាត់បន្ថយ​ផលវិបាក​សេដ្ឋកិច្ច ដោយសារ​កូវីដ ១៩ ក៏​នឹង​អាច​ជំរុញ​ផងដែរ ឲ្យ​មាន​បាតុកម្ម ចលនា​ប្រឆាំង​តវ៉ា នៅក្នុង​ពិភពលោក។ មូលនិធិ​រូបិយវត្ថុអន្តរជាតិ​បាន​ព្រមាន យ៉ាងដូច្នេះ នៅក្នុង​របាយការណ៍​ប្រចាំឆមាស ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

តាម​IMF ប្រសិន​បើ​វិធានការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច របស់​រដ្ឋាភិបាល ត្រូវ​បាន​វិនិច្ឆ័យថា មិន​គ្រប់គ្រាន់ ឬ​មិន​ស្មើភាព អយុត្តិធម៌ លំអៀង​ទៅរក​តែ​ក្រុមហ៊ុន និង​ក្រុមអ្នកមាន នោះ ចលនា​តវ៉ា​ប្រឆាំង​នឹង​ផ្ទុះឡើង។ ភាពតានតឹង​សង្គម និង​បាតុកម្ម​តវ៉ា​កើតមានផងដែរ នៅពេល​រដ្ឋាភិបាល​សម្រេច​ដោយ​អត្តនោម័ត​លុបចោល​ទៅវិញ វិធានការ​ជំនួយ នៅក្នុង​អំឡុង​វិបត្តិ​កូវីដ១៩។

នៅ​អាហ្វ្រិកខាងត្បូង កាលពី​ថ្ងៃ​អង្គារ កន្លងទៅ ប៉ូលិស​បាន​បាញ់​គ្រាប់កៅស៊ូ និង​ឧស្ម័ន​បង្ហូរ ទឹកភ្នែក ទៅលើ​ក្រុមបាតុករ ដែល​ផ្ទុះកំហឹង ដុតកង់ឡាន នៅតាមផ្លូវ បន្ទាប់​ពី​ពួកគេ​មិន​បាន​ទទួល​ជំនួយ​អាហារ នៅក្នុង​អំឡុង​បិទទីក្រុង ដោយសារ​កូវីដ ១៩។

នៅក្នុង​របាយការណ៍​របស់ខ្លួន IMF បាន​រំលឹក​ពីការកើនឡើង​នៃ​ចលនា​បាតុកម្ម​តវ៉ា​របស់​មហាជន ដោយសារ​តែ​កម្មវិធី​នយោបាយ​សេដ្ឋកិច្ច នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយនេះ។ ភាពតានតឹង​សង្គម កើតមាន​ភាគច្រើន​នៅ​បណ្តា​ប្រទេស​ដែល​មាន​អំពើពុករលួយ គម្លាតរវាង​អ្នកមាន និងអ្នកក្រ។ នៅ​លីបង់ ប្រជាជន​ចុះថ្នល់​ធ្វើបាតុកម្មប្រឆាំង​នៅក្រោយ រដ្ឋអំណាច​ប្រកាស​ដំឡើង​តម្លៃ​អ៊ីនធ័រនែត ចំណែក នៅ​បារាំង និង​នៅ​អ៊ីរ៉ង់ ប្រជាជន​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​សម្រេច​ដំឡើង​តម្លៃប្រេង។ នៅពេល​ការតវ៉ា​មានលក្ខណៈ​ខុសប្លែក​ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ ប៉ុន្តែ អ្វី​ដែល​អ្នកសរសេរ​របាយការណ៍​របស់​IMF កត់សំគាល់​ឃើញ​ចំណុច​រួមគ្នា​នោះ គឺ ប្រធានបទ​តវ៉ា​របស់​ពួកគេ​ដូចគ្នា ពោល​គឺ​ដើម្បី​តវ៉ា បរិហារ​អំពើ​អយុត្តិធម៌ អំពើពុករលួយ​នៅក្នុងសង្គម។

សម្រាប់​មូលនិធិ IMF នៅក្នុង​អំឡុងពេល​ដែល​រដ្ឋាភិបាល ចាត់វិធានការ បិទទីក្រុង ដាក់​បង្ខាំង​ឲ្យ​មនុស្ស​នៅក្នុង​ផ្ទះ ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ឬ​ដាក់បំរាមគោរច ដើម្បី កាត់បន្ថយ ការឆ្លង​កូរ៉ូណាវីរុស ចលនា​បាតុកម្ម តវ៉ា​ប្រឆាំង​រដ្ឋាភិបាល កើតមាន​ដោយ​កម្រ។ ប៉ុន្តែ វា​នឹង​លេចចេញ កើត​មាន​ច្រើន នៅក្រោយ​ពេល​ពិភពលោក បាន​ធូរស្រាល​ទៅវិញ ពី​ជំងឺ​រាតត្បាត​កូវីដ ១៩។ តាម​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ​របស់​មូលនិធិ ហិរញ្ញវត្ថុ​អន្តរជាតិ IMF ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters វិបត្តិ​សង្គម ចលនាតវ៉ា​ប្រឆាំង នឹង​ចាប់កើតមាន នៅពេលគេ​អាច​គ្រប់គ្រង​បាន វិបត្តិ​កូវីដ​១៩។

ដូច្នេះ ដើម្បី​ជៀសវាង​វិបត្តិ​សង្គម ការងើបតវ៉ាប្រឆាំង​របស់​ប្រជាជន មូលនិធិ​IMF អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច។ បើតាម​IMF នៅក្នុង​វិធានការផ្តល់ជំនួយ​បន្ទាន់​សម្រាប់​ប្រជាជន ក៏ដូចជា​ក្រុមហ៊ុន​ដែល​រងគ្រោះ​ខាតបង់​ដោយសារ​កូវីដ ១៩ រដ្ឋាភិបាល ត្រូវ​បង្ហាញ​ច្បាស់ៗ​ថា វាជា​វិធានការបណ្តោះអាសន្ន នៅក្នុង​កាលៈទេសៈ​នៃ​ជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ​មិនមែន​ជា​ជំនួយ​គ្មាន​ថ្ងៃ​បញ្ចប់​នោះទេ។ បើសិន​រដ្ឋាភិបាល​បង្ហាញ ភាពស្មោះត្រង់ មាន​តម្លាភាព ក្នុង​ការពន្យល់​កុំ​ឲ្យ​ប្រជាជន​សង្ស័យ និង​អាក់អន់ចិត្ត នោះ គេ​នឹង​កាត់បន្ថយ​បានច្រើន ការយល់ច្រលំ និង​ការខឹងសម្បារ រហូត​ដល់កើតចេញ​ជា​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ