អានតួអត្ថបទ
អ.ស.ប.-អាវុធនុយក្លេអ៊ែរ

អ.ស.ប.ផ្តើមជជែកពីការរំសាយអាវុធនុយក្លេអ៊ែរដោយគ្មានសង្ឃឹមទទួលបានលទ្ធផល

នៅ​ថ្ងៃ​សុក្រ ទី២ តុលា អង្គការសហប្រជាជាតិ​ផ្តើម​ជជែក​ពី​ការ​រំសាយ​អាវុធនុយក្លេអ៊ែរ។ ការ​ជជែក​លើ​សំណុំរឿង​ដ៏​រស៊ើប និង​សំខាន់​មួយ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចាំ​ឆ្នាំ​លើកទី៧៥។ តែ​ក្តីសង្ឃឹម​ទទួល​បាន​លទ្ធផល​វិជ្ជមាន និង​ដូច​ក្តី​រំពឹង​មាន​តិចតួច។ នេះ​ក៏​ដោយសារ​ថា កិច្ចសន្ទនា​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ស្តីពី​ការ​រំសាយ​អាវុធនុយក្លេអ៊ែរ​កំពុង​បន្ត​ជាប់គាំង។ គួរ​បញ្ជាក់​ថា រុស្ស៊ី និង​សហរដ្ឋអាមេរិក​កំពុង​មាន​អាវុធនុយក្លេអ៊ែរ​ក្នុង​ដៃ​ដល់​ទៅ ៩០% នៃ​អាវុធនុយក្លេអ៊ែរ​សរុប​ក្នុង​លោក។

អ.ស.ប.ផ្តើមជជែកពីការរំសាយអាវុធនុយក្លេអ៊ែរដោយគ្មានសង្ឃឹមទទួលបានលទ្ធផល
អ.ស.ប.ផ្តើមជជែកពីការរំសាយអាវុធនុយក្លេអ៊ែរដោយគ្មានសង្ឃឹមទទួលបានលទ្ធផល AP - Mary Altaffer
ផ្សាយពាណិជ្ជកម្ម

អង្គការសហប្រជាជាតិ​បាន​កត់សម្គាល់ និង​ទាញ​សញ្ញាអាសន្ន​ថា​នា​ពេល​បច្ចុប្បន្ន​នេះ ហានិភ័យ​នៃ​ការ​ប្រើ​អាវុធនុយក្លេអ៊ែរ​ដោយ​ចេតនា ដោយ​អចេតនា ឬ​ដោយ​កំហុសឆ្គង​ក្តី​កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមត្រជាក់។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​អង្គការសហប្រជាជាតិ​បាន​សម្គាល់​ឃើញ​ពី​ទំនាក់ទំនង​មិន​ល្អ​រវាង​រដ្ឋ​មាន​នុយក្លេអ៊ែរ ការ​ចាត់​ទុក​អាវុធនុយក្លេអ៊ែរ​ជា​យុទ្ធសាស្រ្ត​នៃ​សន្តិសុខជាតិ ភាព​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និង​ការ​បំពាន​លើ​សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ​របស់​ប្រទេស​មួយ​ចំនួន។

កម្មវត្ថុ​នៃ​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​ពេល​នេះ គឺ​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចសន្ទនា និង​កិច្ចចរចា​ឡើង​វិញ​ស្តីពី​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ និង​គិតគូរ​ពី​របៀប​ដែល​រដ្ឋ​នីមួយៗ​អាច​ធ្វើ​ការ​រួម​គ្នា​ឆ្ពោះ​ទៅ​រក​ផ្លូវ​រំសាយ​នុយក្លេអ៊ែរ។ តែ​នៅ​ក្នុង​បរិបទ​នៃ​កំណើន​តានតឹង​ក្នុង​លោក​សព្វថ្ងៃ ក្តីសង្ឃឹម និង​ក្តីរំពឹង​ទទួល​បាន​លទ្ធផល​ពី​កិច្ចប្រជុំ​មួយ​នេះ​ហាក់​មាន​តិចតួច ស្តួចស្តើង។ ប្រទេស​ដែល​គ្រប់​គ្នា​កំពុង​សម្លឹង​មើល គឺ​រុស្ស៊ី និង​សហរដ្ឋអាមេរិក​ដែល​កំពុង​មាន​អាវុធនុយក្លេអ៊ែរ​ក្នុង​ដៃ​ដល់ ៩០% នៃ​អាវុធនុយក្លេអ៊ែរ​ទាំង​អស់​ក្នុង​លោក។ ក្នុង​ឆ្នាំ ១៩៨៧ ក្រុង​មូស្គូ និង​វ៉ាស៊ីនតោន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ស្តីពី​កម្លាំងនុយក្លេអ៊ែរ​កម្រិត​មធ្យម។

តាម​រយៈ​សន្ធិសញ្ញា​ដែល​បាន​ស្លាប់​តាំង​ពី​ឆ្នាំ ២០១៩ មួយ​នេះ រុស្ស៊ី និង​អាមេរិក​បាន​បំផ្លាញ​គ្រាប់មីស៊ីល​បាញ់​ចម្ងាយ​ពី ៥០០ ទៅ ៥ ៥០០គីឡូម៉ែត្រ​ចំនួន ២ ៧០០គ្រាប់។ ក្នុង​ឆ្នាំ ២០១០ រុស្ស៊ី និង​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​មួយ​ទៀត​ឈ្មោះ « New Start »។ តែ « New Start » នឹង​ត្រូវ​អស់​សុពលភាព​នៅ​ដើម​ឆ្នាំ ២០២១ ខាង​មុខ និង​ដែល​រុស្ស៊ី និង​អាមេរិក​កំពុង​និយាយ​មិន​ចុះ​សម្រុង​គ្នា​ដើម្បី​ពន្យារ​ពេល​បន្ថែម។ ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ដាក់​លក្ខខណ្ឌ​បន្ថែម​ដើម្បី​អាច​ពន្យារ​សន្ធិសញ្ញា « New Start » បាន ពិសេស​លោកត្រាំ​ចង់​ទាញ​ចិន​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចចរចា។ តែ​ចិន​បាន​បដិសេធ ហើយ​រុស្ស៊ី​ក៏​មិន​ច្បាស់​ចង់​ឲ្យ​ចិន​ចូលរួម​ដែរ។

ខណៈ​ដែល​កិច្ចចរចា​រវាង​រុស្ស៊ី និង​អាមេរិក​កំពុង​ជាប់គាំង ក្រុមសកម្មជន​រំសាយនុយក្លេអ៊ែរ​បាន​បន្ត​គាំទ្រ និង​សាទរ​លើ​សន្ធិសញ្ញា​ហាមឃាត់​អាវុធនុយក្លេអ៊ែរ​ដែល​បាន​អនុម័ត​ដោយ ១២២ប្រទេស​កាល​ពី​ឆ្នាំ ២០១៧ និង​មាន​ជិត ៥០ប្រទេស​បាន​ឲ្យ​សច្ចាប័ន។ តែ​អ្វី​ដែល​គួរ​ឲ្យ​ស្តាយ មាន​មហាអំណាច​នុយក្លេអ៊ែរ​ចំនួន ៩ប្រទេស​មិន​បាន​ចុះ​ហត្ថលេខា​ទេ គឺ​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ