អានតួអត្ថបទ

បោះឆ្នោត​អាមេរិក៖ Facebook Twitter​ដាក់​ស្លាក​សញ្ញាលើ សារ​របស់​លោកដូណាល់ ត្រាំ ថា អាច​ភូតកុហក

ដោយយ​គ្មាន​ការភ្ញាក់ផ្អើល Facebook និង​Twitter បាន​បិទស្លាក សំគាល់​សារ​របស់​លោកដូណាល់ ត្រាំ ដែល​អះអាង​ថា លោក​បាន​ឈ្នះឆ្នោតនាំមុខដាច់ឆ្ងាយ ប៉ុន្តែ មានគេព្យាយាម​លួច​ជ័យជំនះឆ្នោត​របស់​លោក។ នៅក្នុង​ការបោះឆ្នោត​ដ៏តានតឹងខ្លាំង ជាមួយ សំឡេង​ឆ្នោត​ដ៏ប្រកៀកប្រកិត ក្រុមហ៊ុន​ ​អាមេរិកាំង ដូចជា​Facebook Twitter Google និង​Youtube បាន​ត្រៀមយន្តការ​រួចជាស្រេច ដើម្បី ទប់ស្កាត់​ការបង្ហោះផ្សាយ ព័ត៌មាន​មិនពិត ព័ត៌មាន​បោកបន្លំ​ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតីអាមេរិក នៅលើ​បណ្តាញ​សង្គម។

រូបសញ្ញា​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក និង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិកាំង ឆ្នាំ ២០២០
រូបសញ្ញា​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក និង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិកាំង ឆ្នាំ ២០២០ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

សារ​របស់​បេក្ខជន​ដែល​អះអាង​ពី​ជ័យជំនះ​របស់ខ្លួន នៅមុន​ការរាប់សន្លឹកឆ្នោត បិទបញ្ចប់។ នេះជាសេណារីយ៉ូ ដែល​ក្រុមហ៊ុន​បណ្តាញសង្គម ដូចជា​Twitter បាន​Facebook បានព្យាករ​ទុកមុន​ហើយ​ថា នឹង​កើតមាន​ដោយ​ជៀសមិនផុត ជាពិសេស នៅ​កាលៈទេសៈ ដែល ការរាប់សន្លឹក​ឆ្នោត​យឺតយ៉ាវ  ដែលជាហេតុ​ធ្វើ​ឲ្យ​បេក្ខជន​អាច​ប្រកាស​ពី​ជោគជ័យ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​លទ្ធផល​មិន​ទាន់​ពេញលេញ ដូចជា​លោកដូណាល់ ត្រាំ។

តាំងពីយប់​ថ្ងៃ​បោះឆ្នោត Twitter​បានឲ្យ​សញ្ញា​ពី​ខ្លឹមសារ​ចម្រូងចម្រាស ភូតកុហក នៅ​លើ​សារ​ទ្វីត​របស់​លោកដូណាល់ ត្រាំ។ នៅក្នុង​សារ Twitter ដែល​លោក បាន​សរសេរ​ នៅយប់​ថ្ងៃ​បោះឆ្នោត លោក​ដូណាល់ ត្រាំ​បាន​សរសេរ​ថា លោក​បាន​ឈ្នះនាំមុខ ដាច់ឆ្ងាយ ប៉ុន្តែ គេ​បាន​ព្យាយាម​លួចយក​សំឡេងឆ្នោត​របស់​លោក។

ដូចការសន្យា​ដែល​ថា នឹង​ចាត់វិធានការ រឹតបន្តឹង​ការបង្ហោះផ្សាយ​ព័ត៌មាន​បោកប្រាស់ ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត ក្រុមហ៊ុន​Twitter បាន​បិទខ្ទប់​សារ​ចំនួន​២​របស់​លោកដូណាល់ ត្រាំ តាំង​ពី​យប់​ថ្ងៃ​អង្គារ។ នៅក្នុង​សារ​ទ្វីត​ទី​២​ដែល​លោក​បង្ហោះ ​តាំង​ពីព្រឹកព្រលឹម​ថ្ងៃ​ពុធ លោកដូណាល់​ត្រាំ បាន​សរសេរ​ថា កាលពីយប់​លោក​នាំមុខ នៅក្នុង​រដ្ឋ​គន្លឹះ​ជាច្រើន មិនថា​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ក្រុមបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ ចម្លែកណាស់ ស្រាប់តែ លោក​របូត​បាត់​រដ្ឋ​ម្តងមួយៗ នៅក្រោយ គេ​ចាប់រាប់​សន្លឹកឆ្នោត បោះ​តាម​សំបុត្រ។ ដូចសារទី១ របស់​លោកដូណាល់ ត្រាំ ​ក្រុមហ៊ុន​Twitter បិទ និង​ដាក់​សញ្ញាសំគាល់ ដែល​ជាហេតុ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ផ្សេងទៀត មិនអាច ចុច Like ឬ​ចែករំលែក​បន្ត។ លើកនេះ Twitter បាន​ចំណាយពេល​តែ កន្លះម៉ោង​ប៉ុណ្ណោះសម្រាប់​ចាត់វិធានការ​ទៅលើ​សារ​របស់​លោកដូណាល់ ត្រាំ។

នៅលើបណ្តាញ​របស់ខ្លួន Facebook ឯណោះវិញ បាន​បិទភ្ជាប់​សារ​របស់​លោកដូណាល់ ត្រាំ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​អាច​ចូល​ទៅ​អាន​ព័ត៌មាន​ពិតប្រាកដ​ស្តីពី​លទ្ធផល​បោះឆ្នោត​ផ្លូវការ។ សម្រាប់​ហ្វេសប៊ុក នៅពេល ​លោក​ដូណាល់ ត្រាំ ឆាប់​ប្រកាស​ជ័យជំនះពេក ហ្វេសប៊ុក និង​Instagram បាន​ដាក់សញ្ញា​សំគាល់ ថា ការរាប់​សន្លឹកឆ្នោត​នៅមិនទាន់​ចប់​ និង​ថា លោកដូណាល់ ត្រាំ នៅមិនទាន់​ឈ្នះ​នៅឡើយទេ។

នៅប៉ុន្មាន​ថ្ងៃ​មុន​ការបោះឆ្នោត ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​សំដែង​ក្តីបារម្ភ​ពី​គ្រោះថ្នាក់ ភាពចលាចល​ស៊ីវិល នៅទូទាំង​ប្រទេស នៅក្រោយ​ការបោះឆ្នោត។ លទ្ធផលឆ្នោត បឋម ដ៏ប្រកៀកប្រកិត ហើយ​និង​សារ​ចោទប្រកាន់​របស់​លោកដូណាល់ ត្រាំ រឹត​តែ​ជំរុញ​ឲ្យ​មាន​ការភ័យខ្លាច​ស្តីពីការបែកបាក់​នយោបាយ ហើយ​គឺបណ្តាញ​សង្គម​ដែលនឹង​ត្រូវ​គេ​យក​ប្រើ នៅក្នុង​ផ្លូវមិនល្អ។

សូមបញ្ជាក់ថា ចាប់តាំង​ពី​ថ្ងៃ​ពុធ ការផ្សាយ​ពាណិជ្ជកម្ម​នយោបាយ ឬ​ប្រធានបទ​ស្តីពី​បញ្ហា​សង្គម ការបោះឆ្នោត នឹង​ត្រូវ​ហាម​មិន​ឲ្យ​បង្ហោះផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​អាមេរិក រហូត​ដល់​សប្តាហ៍ក្រោយ ដើម្បី​កាត់បន្ថយ ការប្រឈម យល់ច្រលំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ