អានតួអត្ថបទ
វ៉េណេស៊ុយអេឡា-នយោបាយ

គណបក្ស​កាន់​អំណាច​របស់​លោក​ម៉ាឌូរ៉ូ ឈ្នះ​ការ​បោះឆ្នោត​សភា​ភ្លូក​ទឹក​ភ្លូក​ដី

នៅថ្ងៃ​អាទិត្យ​ ទី៦ ធ្នូ​ ប្រជាជន​វ៉េណេស៊ុយអេឡា​ប្រមាណជា​ ២០ លាន​នាក់​បាន​ទៅបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រថ្មី​របស់​ខ្លួន​។ យោងទៅតាម​លទ្ធផលបឋម​នៃការ​បោះឆ្នោត​ គណបក្សកាន់​អំណាច​របស់​លោក​ប្រធានាធិបតី​នីកូឡា​ ម៉ាឌូរ៉ូ​ ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ យកឈ្នះ​បក្សប្រឆាំង​របស់​លោក​ហ័ន ហ្កាយដូ ដែល​ស្និទ្ធនឹង​សហរដ្ឋអាមេរិក​។

ប្រធានាធិបតីវ៉េណេស៊ុយអេឡាបច្ចុប្បន្នលោកនីកូឡា ម៉ាឌូរ៉ូ។
ប្រធានាធិបតីវ៉េណេស៊ុយអេឡាបច្ចុប្បន្នលោកនីកូឡា ម៉ាឌូរ៉ូ។ © REUTERS - STRINGE
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការបោះឆ្នោត​សភា​វ៉េណេស៊ុយអេឡា​នាអាណត្តិនេះ​ លោកម៉ាឌូរ៉ូ​ និង​គណបក្ស​សម្ព័ន្ធដៃ​គូចម្រុះ​របស់លោក​ដែលជា​អ្នកឆ្វេងនិយម​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​ប្រមាណ​ ៦៧,៧ ភាគរយជាមួយនឹង​សន្លឹកឆ្នោត​ដែលត្រូវ​រាប់បាន ៨០ ភាគរយ​។

មេបក្សប្រឆាំង​លោកហ័ន ហ្កាយដូ​ ដែល​បាន​ចេញមុខនិយាយតាំងពី​មុនមក​ម្ល៉េះ​អំពី​ភាពមិន​យុត្តិធម៌​ និងការ​គ្មាន​តម្លាភាព​ក្នុងការ​បោះឆ្នោតសភា​ បានលើកឡើងថា​ ​ជ័យជម្នះ​របស់បក្ស​កាន់​អំណាច​វ៉េណេស៊ុយអេឡា​មិនមែន​ជារឿង​ចម្លែក​នោះទេ​។

ស្រដៀងគ្នានេះដែរ​ ក្រោយដឹងពី​លទ្ធផលឆ្នោត​ សហរដ្ឋអាមេរិក​ដែលជា​អ្នក​គាំទ្រ​បក្សប្រឆាំង​វ៉េណេស៊ុយអេឡា​ បាន​បរិហារថា​ការបោះឆ្នោត​សភានេះ​ មិនយុត្តិធម៌​ មានការក្លែងបន្លំ​សន្លឹកឆ្នោត​ និងថាវា​ជារឿង​គួរឲ្យអាម៉ាស់​មួយសម្រាប់​បក្សកាន់​អំណាច​របស់​លោកម៉ាឌូរ៉ូ។

គួររំឭកជូនថា ការ​បោះឆ្នោត​សភា​វ៉េណេស៊ុយអេឡា​លើក​នេះ​ ចូលរួម​ដោយ​ ១០៧ គណបក្ស និង​មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប​ប្រមាណ​ជា ១៤ ០០០នាក់។ មាន​អ្នកតំណាងរាស្រ្ត​ថ្មី​ចំនួន ២៧៧ រូប​ដែល​អ្នក​បោះឆ្នោត​វ៉េណេស៊ុយអេឡា​ប្រមាណ​ជា ២០លាននាក់​ត្រូវ​ជ្រើសរើស។

​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​របស់​គណបក្ស​កាន់អំណាច​នៅពេលនេះ​ នឹងធ្វើឲ្យ​បក្សប្រឆាំង​របស់លោកហ្កាយដូ​ បាត់បង់​អំណាច​នៅសភា​​ដែល​ជា​ស្ថាប័ន​តែ​មួយ​គត់​ដែលមាននៅក្នុងដៃរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ