អានតួអត្ថបទ
អាមេរិក-ដូណាល់ត្រាំ

លោកត្រាំ​ក្លាយ​ជា​ប្រធានាធិបតី​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​ត្រូវ​សភា​ចោទ​ប្រកាន់​ដក​តំណែង​ដល់​ទៅ​ពីរ​ដង

លោក​ដូណាល់​ ត្រាំ​ បាន​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​ត្រូវ​រដ្ឋសភា​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​ចំនួន​ពីរដង​ បន្ទាប់ពី​រង​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ម្តង​ទៀត​ក្រោម​បទ​ “ញុះញង់ឲ្យ​មាន​ការ​បះបោរ​” កាលពី​ថ្ងៃ​ពុធ ទី១៣ មករា​ម្សិលមិញ​។ រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​បទ​ចោទ​ប្រកាន់​លើ​លោកត្រាំ​ហើយ​ ចុះ​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ដំណាក់​កាល​បន្ទាប់​ទៀត​?

ថ្ងៃពុធទី១៣ មករា ឆ្នាំ២០២១ ប្រធានសភាអាមេរិកលោកស្រីណាស៊ី ផេឡូស៊ី បង្ហាញពីការចុះហត្ថលេខាយល់ព្រមលើបទចោទប្រកាន់ប្រឆាំងនឹងលោកប្រធានាធិបតីដូណាល់ ត្រាំ មុនពេលបញ្ជូនសំណុំរឿងនេះទៅព្រឹទ្ធសភា។
ថ្ងៃពុធទី១៣ មករា ឆ្នាំ២០២១ ប្រធានសភាអាមេរិកលោកស្រីណាស៊ី ផេឡូស៊ី បង្ហាញពីការចុះហត្ថលេខាយល់ព្រមលើបទចោទប្រកាន់ប្រឆាំងនឹងលោកប្រធានាធិបតីដូណាល់ ត្រាំ មុនពេលបញ្ជូនសំណុំរឿងនេះទៅព្រឹទ្ធសភា។ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​សភា​អាមេរិក​ដែល​ជា​ទី​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន​ បាន​សម្រេច​អនុម័ត​ដោយ​ជោគជ័យលើ​បទ​ចោទ​ប្រកាន់​ដើម្បី​ឈានទៅ​ដកតំណែង​លោក​ដូណាល់​ ត្រាំ​។ សមាជិក​សភា​តំណាងរាស្ត្រ​អាមេរិក​បាន​ចោទ​ប្រកាន់​លោក​ត្រាំ​ថា​បាន​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​តាមរយៈ​ពាក្យសម្តី​អះអាង​មិនពិត​របស់​លោក​អំពី​ការ​លួចបន្លំ​សន្លឹក​ឆ្នោត​។

​ក្នុង​អំឡុង​ពេល​ថ្លែង​សន្ទរក​ថា​មួយ​ លោកត្រាំ​បាន​ជំរុញ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅឯ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃទី​៦​ មករា​។ ក្រោយ​ការ​លើកឡើង​បែបនេះ​របស់​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ អ្នកគាំទ្រ​លោក​បាន​ចេញចុះ​ផ្លូវ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ និង​បន្ទាប់​មក​ទៀត​ក៏​ឈាន​ដល់​មាន​ហេតុការណ៍​ចូល​លុកលុយ​ដោយហិង្សា​ដល់​ក្នុង​វិមាន​កាពីតូល​រហូត​បណ្តាល​ឲ្យ​មនុស្ស​៥ ម្នាក់​ស្លាប់​។

ការ​ប្រជុំ​របស់​រដ្ឋសភា​ដើម្បី​បោះឆ្នោត​អនុម័ត​លើ​បទចោទ​ប្រកាន់​លើ​លោកត្រាំ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​យាមកាម​តឹងរ៉ឹង​ពី​សំណាក់​កងឆ្មាំ​ការពារ​វិមាន​កាពីតូល​។ សមាជិក​សភា​តំណាងរាស្ត្រ​អាមេរិក​ បាន​បោះឆ្នោត​ចោទប្រកាន់​​លោកត្រាំ​ ដោយ​សំឡេង​ ២៣២​ ទល់នឹង​ ១៩៧ ​ដែល​ក្នុងនោះ​ក៏មានផងដែរ សមាជិក​បក្ស​សាធារណរដ្ឋ​រហូត​ដល់​ទៅ​ ១០​រូប​ បាន​ចូលរួម​បោះឆ្នោត​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​។

ក្រោយ​រដ្ឋ​សភា​អនុម័ត​បទ​ចោទ​ប្រកាន់​លើ​លោកត្រាំ​ តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ដំណាក់កាល​បន្ទាប់​? លោក​ដូណាល់​ ត្រាំ​ នឹង​ត្រូវ​ប្រឈមមុខ​ទៅនឹង​ការ​ជំនុំជម្រះ​ទាក់ទង​សំណុំរឿង​នេះ​នៅ​ព្រឹទ្ធ​សភា​។ យោងតាម​រដ្ឋធម្មនុញ្ញ​អាមេរិក​ សវនាការ​ជំនុំ​ជម្រះ​ដើម្បី​កំណត់ពី​ទោស​កំហុស​របស់​ប្រធានាធិបតី​ត្រូវ​ការ​ពេល​យូរ​។ ដូច្នោះហើយ​ ព្រឹទ្ធសភា​មិន​អាច​សម្រេច​លើ​បទចោទ​ប្រកាន់​នេះ​ មុន​ពេល​លោកត្រាំ​ចុះចេញ​ពី​តំណែង​ក្នុង​រយៈពល​ ៦ ថ្ងៃ​ទៀត​នោះ​ទេ​។

គួរគូសបញ្ជាក់ជូនថា​ យោង​តាម​ចំនួន​អាសនៈ​នៅ​ព្រឹទ្ធសភា​ គណបក្ស​ប្រជាធិបតេយ្យ​​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​សមាជិកព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​យ៉ាងតិច​ ១៧​រូប ទើប​ទទួល​បាន​សំឡេង​ ២ភាគ៣ អាច​ដកតំណែង​លោក​ដូណាល់ ត្រាំ​បាន​។

បើ​តាម​កាសែត​ញូវយ៉កថែមស៍​បាន​រាយការណ៍​កាលពី​ថ្ងៃអង្គារ​ មាន​សមាជិក​​ព្រឹទ្ធ​សភា​បក្ស​សាធារណ​រដ្ឋ​ចំនួន​ ២០​រូប​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ចំណាត់ការទម្លាក់​លោកត្រាំ​ចេញពី​តំណែង​ប្រធានាធិបតីនេះ​។

ក្នុង​ករណី​លោកត្រាំ​ ត្រូវ​ព្រឹទ្ធសភា​បោះឆ្នោត​សម្រេច​ដក​តំណែង​មែននោះ​ សមាជិក​សភា​អាច​ធ្វើការ​បោះឆ្នោត​មួយ​ផ្សេងទៀត​ដើម្បី​រារាំង​លោក​ត្រាំ មិនឲ្យ​អាច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ជាថ្មីម្តងទៀត​នៅឆ្នាំ ២០២៤ខាងមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ