អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អារ៉ាប៊ីសាអូឌីត

ឃាតកម្ម​កាស៊ូហ្ស៊ី ៖ អាមេរិក​ចោទ​រាជបុត្រ​ស្នង​រាជ​ជា​សាធារណៈ​តែ​មិន​ដាក់​ទណ្ឌកម្ម

រាជបុត្រ​ស្នង​រាជ​របស់​អារ៉ាប៊ីសាអូឌីត ជា​អ្នកផ្តល់​ភ្លើង​ខៀវ​ដល់​ប្រតិបត្តិការ​ធ្វើ​ឃាតកម្មសម្លាប់​អ្នកកាសែត​ ចាម៉ាល់ កាស៊ូហ្ស៊ី កាលពី​ឆ្នាំ​២០១៨។ នេះ​បើភ្នាក់ងារ​ចារកិច្ច​អាមេរិក​ដែល​ទើប​ចេញរបាយការណ៍​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃសុក្រ​ទី ២៦​កុម្ភៈ​២០២១។ តាមរ​យៈ​ការ​ចោទ​ប្រកាន់​​នេះ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្មមនុស្ស​ជំនិត​នឹង​រាជបុត្រ​ បិនសាល់ម៉ាន់ ជា​ច្រើន​រូប តែ​មិន​ដាក់​ទណ្ឌកម្មលើ​រូប​មេដឹកនាំ​ដ៏​មាន​អំណាច​នេះ​ទេ ព្រោះ​ដើម្បី​រក្សា​​ទំនាក់ទំនង​ជា​មួយអារ៉ាប៊ីសាអូឌីត​ដែល​ជា​​សម្ព័ន្ធមិត្ត​​ដ៏​ចំបងរបស់​អាមេរិក។

អ្នកកាសែត Jamal Khashoggi និង​រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌួត  Prince Mohammed bin Salman
អ្នកកាសែត Jamal Khashoggi និង​រាជបុត្រ​ស្នងរាជ​អារ៉ាប៊ីសាអូឌួត Prince Mohammed bin Salman © AFP/file
ផ្សាយពាណិជ្ជកម្ម

ដូចកា​រ​ស្មានទុក របាយការណ៍កម្រាស់​៤​ទំព័រ​ ដែល​អតីត​ប្រធានាធិបតី​អាមេរិកបាន​បិទ​ខ្ទប់​ជា​ការ​សម្ងាត់​រដ្ឋ និង​ទើប​ត្រូវ​បានទម្លាយ​តាម​សំណើ​របស់​ប្រធានាធិបតី​ថ្មី​​លោកចូបៃដិន​ ​បាន​ ​បញ្ជាក់​ ជា​សាធារណៈ​​ថា​ រាជបុត្រ​ស្នង​រាជ​ បិនសាល់ម៉ាន ជា​អ្នកនៅ​ពីក្រោយ​ឃាតកម្ម​លើ​រូប​អ្នកកាសែត ចាម៉ាល់ កាស៊ូហ្ស៊ី នៅ​ក្នុង​ស្ថានទូត​​អារ៉ាប៊ីសាអូឌីត នាទីក្រុង​អ៊ីស្តង់ប៊ូល ​ប្រទេស​តួកគី កាលពី​ឆ្នាំ​២០១៨​​។

ព្រះ​រាជបុត្រ​ស្នង​រាជ ដែល​ជា​អ្នក​គ្រប់គ្រង​ស្ថាប័ន​ចារកិច្ច​ និង​សន្តិសុខ​ជាតិ​​ទាំង​ស្រុង ពិត​ជា​មិន​អាច​បណ្តោយ​ឱ្យ​មាន​ប្រតិបត្តិការ​អ្វី​ដែល​ពុំ​ឆ្លងកាត់​សេចក្តី​សម្រេច​របស់​លោកឡើយ។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​នៅ​ក្នុង​របាយការណ៍​ ដោយ​មាន​រាយ​ឈ្មោះ​អ្នកចូល​រួម​ធ្វើ​ប្រតិបត្តិការ​ដល់​ទៅ​ប្រមាណ​២០នាក់ មាន​ជាអាទិ៍ អតីត​មេចារកិច្ចលំដាប់​ទីពីរ​របស់​អារ៉ាប៊ីសាអូឌីត Ahmed al-Assiri និង​អតីត​ទីប្រឹក្សា​របស់​រាជបុត្រ Saoud al-Qahtani ​ដែល​ត្រូវ​បាន​តុលាការ​លាង​ទោស​ឱ្យ​រួច​ទៅ​ហើយ។​

របាយការណ៍​ចេញ​ភ្លាម រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ចាត់​វិធានការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុប្រឆាំង​នឹង​​ឧត្តមសេនីយ៍​ អាស៊ីរី និង​កង​កម្លាំង​អន្តរាគមន៍​រហ័ស​ ដែល​ជា​កង​ជើង​ឆើត​ការពារ​រាជបុត្រ​ស្នង​រាជ​និង​ដែល​គ្រប់គ្រង​ដោយ​រាជបុត្រ​អាល់កាតានី។ ជា​សរុប​ មានជនអារ៉ាប៊ីសាអូឌីត ចំនួន ៧៦​រូបទៀត​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូលជាន់​ដី​សហរដ្ឋ​អាមេរិក ក្នុង​ក្របខ័ណ្ឌ​នៃ​ទណ្ឌកម្ម​ក្នុង​សំណុំ​រឿង​កាស៊ូហ្ស៊ី​នេះ​។

ប៉ុន្តែ​រាជបុត្រស្នង​រាជ​ បិន សាលម៉ាន គ្មាន​ឈ្មោះក្នុង​បញ្ជី​​​ទណ្ឌកម្មអាមេរិកទេ បើ​ទោះ​បីជាប់​ចោទ​​ដោយ​ផ្ទាល់​ក្នុង​សំណុំ​រឿង​ឃាតកម្មលើ​អ្នក​កាសែត​នេះក៏​ដោយ។ ឆ្លើយ​តបនឹង​សំឡេង​ប្រឆាំង​ទាមទារឱ្យ​ដាក់ទណ្ឌកម្ម​រាជបុត្រ​ស្នងរាជ លោកប្រមុខការទូត​អាមេរិក​បាន​ពន្យល់​ថា ទំនាក់ទំនងមិត្តភាព​​អាមេរិក-អារ៉ាប៊ីសាអូឌីត​សំខាន់​ណាស់​។ អាមេរិកគ្រាន់​តែចង់សម្រិត​សម្រាំ​ង​ទំនាក់ទំនង​ថ្មី​ជាមួយ​អារ៉ាប៊ីសាអូឌីត​ និង​​មិន​ចង់​ឱ្យ​មាន​ភាព​ល្អក់កករប៉ះពាល់​ដល់​​ទំនាក់ទំនង​ប្រទេស​ទាំងពីរទេ។

ចំណែក​អារ៉ាប៊ីសាអូឌីតវិញ បាន​ច្រាន​ចោល​ភ្លាម​ របាយការណ៍​របស់​ភ្នាក់ងារចារកិច្ច​អាមេរិក ដោយ​ចាត់​ទុក​ថាជា​សេចក្តី​សន្និដ្ឋាន​ខុស និង​បាន​បង្ហាញជំហរ​បន្ត​រក្សា​ភាព​ជា​ដៃ​គូ​រឹង​មាំ និង​ខ្លាំង​ក្លា​ជាមួយ​អាមេរិក​ដដែល៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ