អានតួអត្ថបទ
អាមេរិក-ក្វាតេម៉ាឡា

អាមេរិក-ក្វាតេម៉ាឡា៖អ្នកការពារសិទ្ធិមនុស្សសាទរដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក

អនុប្រធានាធិបតី​អាមេរិក​លោកស្រី​កាម៉ាឡា ហារីស​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិកឡាទីន។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​លើក​ទី១ តាំង​ពី​លោកស្រី​ឡើង​កាន់​តំណែង​ក្នុង​ខែ​មករា​ដើម​ឆ្នាំ ២០២១ នេះ។ បន្ទាប់​ពី​ប្រទេស​ក្វាតេម៉ាឡា លោកស្រី​ហារីស​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក​ដែល​លោកស្រី​បាន​ទៅ​ដល់​នា​យប់​ថ្ងៃ​ចន្ទ ទី៧ មិថុនា។ បញ្ហា​អន្តោប្រវសេន៍​ខុសច្បាប់​ជា​ប្រធានបទ​ចម្បង​នៃ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា​ក៏​ដូច​ជា​ម៉ិចស៊ិក។ តែ​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ក្វាតេម៉ាឡា​លោក​អាឡេហាន់ដ្រូ យ៉ាម៉ាតេ លោកស្រី​ហារីស​មិន​ញញើត​និយាយ​ពី​បញ្ហា​ពុករលួយ​ទេ។ លោក​ហ្សកដាន រ៉ូដា អ្នក​ការពារសិទ្ធិមនុស្ស​នៅ​ក្វាតេម៉ាឡា​បាន​សាទរ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ហារីស ពិសេស​កោតសរសើរ​លោកស្រី​ហារីស​ដែល​ហ៊ាន​លើក​បញ្ហា​ពុករលួយ​ទៅ​និយាយ​ជាមួយ​លោក​អាឡេហាន់ដ្រូ យ៉ាម៉ាតេ។

អនុប្រធានាធិបតីអាមេរិកលោកស្រីកាម៉ាឡា ហារីស និងប្រធានាធិបតីក្វាតេម៉ាឡាលោកអាឡេហាន់ដ្រូ យ៉ាម៉ាតេ ថ្ងៃទី៧ មិថុនា ២០២១។
អនុប្រធានាធិបតីអាមេរិកលោកស្រីកាម៉ាឡា ហារីស និងប្រធានាធិបតីក្វាតេម៉ាឡាលោកអាឡេហាន់ដ្រូ យ៉ាម៉ាតេ ថ្ងៃទី៧ មិថុនា ២០២១។ AP - Oliver de Ros
ផ្សាយពាណិជ្ជកម្ម

« សម្រាប់​ខ្ញុំ អ្វី​ដែល​សំខាន់​ជាង​គេ​នៃ​ជំនួប​រវាង​ប្រធានាធិបតី​ក្វាតេម៉ាឡា និង​អនុប្រធានាធិបតី​អាមេរិក​គឺ​ថា លោកស្រី​កាម៉ាឡា ហារីស​បាន​និយាយ​ពី​បញ្ហា​ពុករលួយ​ដោយ​ច្បាស់ៗ និង​ដោយ​ផ្ទាល់។ នេះ​ស បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​របស់​យើង​ត្រូវ​ការ​ឲ្យ​មាន​ការ​ជួយ​សហការ​អន្តរជាតិ ព្រោះ​ប្រព័ន្ធ​តុលាការរបស់​យើង​មិន​ឯករាជ្យ​ទេ។ ដូច្នេះ ឧក្រិដ្ឋកម្ម​ដែល​បាន​រៀបចំឡើង និង​អំពើ​ពុករលួយ​ធ្វើ​ឱ្យ​ខូចខាត​ច្រើន​ណាស់​ដល់​រឿង​សិទ្ធិមនុស្ស។

មាន​អំពើ​ពុករលួយ​កាន់​តែ​ច្រើន​ស្មើ​នឹង​មាន​ការ​គោរពសិទ្ធិមនុស្ស​កាន់​តែ​តិច។ មាន​អំពើ​ពុករលួយ​កាន់​តែ​ច្រើន​ស្មើ​នឹង​មាន​ជនអន្តោប្រវេសន៍​កាន់​តែ​ច្រើន។ តែ​ខ្ញុំ​ជឿ​ថា បើ​គ្មាន​ការ​ប្តេជ្ញាចិត្ត​ម៉ឺងម៉ាត់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ទេ កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​ក៏​នឹង​គ្មាន​ហុច​លទ្ធផល​ជាក់ស្តែង​អ្វី​ដែរ។ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ការ​រួម​សហការណ៍ តែ​កិច្ចសហប្រតិបត្តិការ​មួយ​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​លើ​លក្ខខណ្ឌ​នៃ​ជីវិត​របស់​ប្រជាជន​ក្វាតេម៉ាឡា​ទេ។

គឺ​ដោយ​ហេតុផល​នេះ​ហើយ​បាន​ជា​ការ​លើក​ឡើង​របស់​អនុប្រធានាធិបតី​អាមេរិក​លោកស្រី​កាម៉ាឡា ហារីស គឺ​ជា​មូលដ្ឋានគ្រឹះ។ យើង​កំពុង​រង់ចាំ​ឲ្យ​ស្ថាប័ន​តុលាការ​ក្វាតេម៉ាឡា​ទទួល​ស្គាល់​ពី​ចំណុច​ខ្សោយ​របស់​ក្វាតេម៉ាឡា ហើយ​នៅ​ក្នុង​បញ្ហា​នេះ យើង​ត្រូវ​ការ​ឲ្យ​មាន​ការ​សហការ​អន្តរជាតិ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ