អានតួអត្ថបទ
ហៃទី-នយោបាយ

អ្នកនយោបាយ​ហៃទី​ព្រម​ព្រៀង​គ្នាប​ង្កើត​រដ្ឋាភិបាល​ថ្មី​ដើម្បី​អាច​រៀប​ចំ​ការ​បោះឆ្នោត​ឆាប់ៗ

នាយករដ្ឋមន្រ្តី​ផុត​អាណត្តិ​ហៃទី​ដែល​បាន​ឡើង​ដឹកនាំ​ប្រទេស​ក្រោយ​ឃាតកម្ម​សម្លាប់លោក​ប្រធានាធិបតី​ហ្សូវឺណែល​ ម៉ូអ៊ីស៍​ (Jovenel Moise) បាន​សម្រេច​កាលពី​ថ្ងៃ​ចន្ទ​ ១៩ កក្កដាម្សិលមិញ ​យល់​ព្រម​លាលែង​ចេញ​ពី​មុខតំណែង​។ ការ​សម្រេចបែបនេះគឺដើម្បី​បើកផ្លូវ​ឆ្ពោះទៅបង្កើត​រដ្ឋាភិបាលថ្មី​មួយ​និង​ឈាន​ដល់ការរៀប​ចំការ​បោះឆ្នោត​ឆាប់ៗ​តាម​ដែល​អាច​ធ្វើទៅបាន​។

នាយករដ្ឋមន្រ្តីផុតអាណត្តិហៃទីលោកក្លូត ហ្សូហ្សេ។
នាយករដ្ឋមន្រ្តីផុតអាណត្តិហៃទីលោកក្លូត ហ្សូហ្សេ។ Valerie Baeriswyl AFP/File
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃអង្គារ​ ២០ កក្កដា ឆ្នាំ២០២១​នេះ​ លោកនាយករដ្ឋមន្ត្រីក្លូត​ ហ្សូហ្សេ នឹង​ប្រគល់​អំណាច​គ្រប់គ្រងប្រទេស​ទៅឲ្យ​រដ្ឋាភិបាលថ្មី​ដែល​មាន​ភារកិច្ច​ចម្បង​ត្រូវរៀបចំ​ការបោះឆ្នោត​ឲ្យ​បានឆាប់​។ រដ្ឋាភិបាលថ្មី​របស់​ហៃទី​នេះ​នឹងត្រូវ​គ្រប់គ្រង​ដោយ​លោក​អារីយេល ហង់រី​ (Ariel Henry) ជាអ្នក​ដែល​អតីត​ប្រធានាធិបតី​លោក ម៉ូអ៊ីស៍​ជ្រើសរើស​ឲ្យ​ឡើងកាន់​តំណែង​ជំនួស​លោក​នាយករដ្ឋមន្ត្រី​ផុតអាណត្តិ​ហ្សូហ្សេ​ តែប៉ុន្មាន​ថ្ងៃ​មុនពេល​លោក​ប្រធានាធិបតី​ត្រូវគេ​ធ្វើឃាត​កាលពី​ថ្ងៃទី​ ៧ ខែកក្កដា​កន្លងទៅ​។

ប៉ុន្មានម៉ោង​ក្រោយការធ្វើឃាត​ លោក​នាយក​រដ្ឋមន្ត្រី​ហ្សូហ្សេ​ បាន​ចេញ​ក្រឹត្យ​មួយ​ភ្លាម​ដាក់ប្រទេស​ក្នុង​ភាពអាសន្ន និង​បាននិយាយថា​លោកនឹង​ឡើងដឹកនាំ​ប្រទេស​បណ្តោះអាសន្ន​សិនដើម្បី​អាច​រ៉ាប់រង​ធានា​សន្តិសុខជាតិ​។

សេចក្តីប្រកាស​លាលែងពី​តំណែង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ្សូហ្សេ​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ គឺជា​ពន្លឺនៃក្តីសង្ឃឹមក្នុងការនាំហៃទី​ឈានទៅបិទបញ្ចប់​ស្ថានការណ៍​មិនប្រាកដប្រជា និងកសាងស្ថិរភាពនៅក្នុងប្រទេសដែលកំពុងហែកហួរដោយអំពើហិង្សា​។ គេសង្កេតឃើញដែរថា​ការសម្រេចចិត្តរបស់លោកហ្សូហ្សេ ​បានកើតឡើង​នៅបន្ទាប់ពី​មានការ​ជំរុញ​ពី​សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មាន​ឥទ្ធិពលខ្លាំង​នៅ​ហៃទី​ និងដោយមានការ​ចូលរួមផងដែរពី​ប្រទេស​មហាអំណាចដទៃ​ទៀត​។

គួរបញ្ជាក់ថា​ រដ្ឋាភិបាលថ្មី​របស់​ហៃទី​ដែលត្រូវ​ចូលកាន់តំណែង​នៅថ្ងៃអង្គារនេះ​នឹងគ្មាន​ប្រធានាធិបតីនោះទេ​ហើយត្រូវ​មាន​ភារកិច្ច​រៀបចំ​ការបោះឆ្នោតឲ្យ​បាន​ឆាប់​អាចតាមដែល​អាចធ្វើទៅបាន​។

មន្ត្រី​ដែល​ជិតស្និទ្ធ​នឹង​ការិយាល័យ​នាយករដ្ឋមន្ត្រីហៃទី​បានឲ្យដឹងថា​ លោកក្លូត​ ហ្សូហ្សេនិង​លោកហង់រី​ បាន​ជួបពិភាក្សាគ្នា​អស់រយៈ​ពេលជាច្រើន​ថ្ងៃ​ស្តីពី​ការ​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មីនេះ​។ លោកក្លូត​ ហ្សូហ្សេ នឹងវិលត្រឡប់​ទៅកាន់​មុខតំណែងចាស់ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​វិញនៅក្នុងជួរ​រដ្ឋាភិបាលដែល​ទើប​បង្កើតថ្មីនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ