អានតួអត្ថបទ

អាមេរិក៖រដ្ឋមន្រ្តីការពារជាតិទៅកាន់តំបន់សមុទ្រខ្មៅ មុននឹងទៅចូលរួមប្រជុំជាមួយអង្គការអូតង់

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​បាន​ចេញ​ដំណើរ​ទៅ​កាន់​តំបន់​សមុទ្រ​ខ្មៅ​នៅ​ថ្ងៃ​អាទិត្យ ទិ១៧ តុលា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​អាមេរិក និង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​កំពុង​ស្ថិត​ក្រោម​គំនាប​របស់​ប្រទេស​រុស្ស៊ី។ បន្ទាប់​មក លោក​ឡយដ៍ អូស្ទីន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការពារជាតិ​របស់​អង្គការ​អូតង់។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកឡយដ៍ អូស្ទីន
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកឡយដ៍ អូស្ទីន AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទៅ​កាន់​តំបន់​សមុទ្រខ្មៅ ប្រមុខ​មន្ទីរបញ្ចកោន​អាមេរិក​លោក​ឡយដ៍ អូស្ទីន​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចំនួន ៣ គឺ​ហ្សកហ្ស៊ី រូម៉ានី និង​ប្រទេស​អ៊ុយក្រែន។ « យើង​ធានា និង​ពង្រឹង​អធិបតេយ្យភាព​របស់​ក្រុម​ប្រទេស​ដែល​ស្ថិត​នៅ​ជួរ​មុខ​នៃ​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី » នេះ​ជា​ការ​ថ្លែង​ដោយ​មិន​ញញើត​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការពារជាតិ​អាមេរិក។ ក្រៅ​ពី​ធានា និង​ពង្រឹង​អធិបតេយ្យភាព​របស់​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់ លោក​ឡយដ៍ អូស្ទីន​ក៏​នឹង​ថ្លែង​សារ​អរគុណ និង​ដឹងគុណ​ដល់​ក្រុម​ប្រទេស​ដៃគូ​ចំពោះ​ការ​ចូលរួម​របស់​ពួក​គេ​ជាមួយ​អាមេរិក​នៅ​ក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន​រយៈពេល ២០ឆ្នាំ។ សង្រ្គាម​ដែល​អាមេរិក​ទើប​បាន​សម្រេច​ដក​ទ័ព​ទាំង​អស់​យ៉ាង​ទាន់​ហន់​នៅ​ជាង ២ខែ​មុន​នេះ។

ជម្រើស​ទៅ​កាន់​តំបន់​សមុទ្រខ្មៅ​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​រុស្ស៊ី​បាន និង​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ពិសេស​បាន​រារាំង​មិន​ឲ្យ​សម្ព័ន្ធ​អាមេរិក អឺរ៉ុប ឬ​អង្គការ​អូតង់​អាច​ពង្រីក​សមាជិក​បន្ថែម​របស់​ខ្លួន ពិសេស​ការ​ព្យាយាម​ចង់​ចូល​របស់​ប្រទេស​អ៊ុយក្រែន។ គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រទេស​ទាំង ៣ គឺ​ហ្សកហ្ស៊ី រូម៉ានី និង​អ៊ុយក្រែន​ដែល​លោក​ឡយដ៍ អូស្ទីន​ទៅ​ទស្សនកិច្ច មាន​តែ​រូម៉ានី​មួយ​ជា​សមាជិក​ពេញសិទ្ធិ​របស់​អូតង់។ ចំណែក​ហ្សកហ្ស៊ី និង​អ៊ុយក្រែន​បន្ត​នៅ​ត្រឹម​ជា​ប្រទេស​ដៃគូ​របស់​អូតង់។ ហ្សកហ្ស៊ី និង​អ៊ុយក្រែន​សង្ឃឹម​ដូច​គ្នា​ថា ទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​នឹង​ជួយ​ពន្លឿន​សំណើ​សុំ​ចូល​ជា​សមាជិក​អូតង់​របស់​ពួក​គេ។

បន្ទាប់​ពី​ហ្សកហ្ស៊ី រូម៉ានី និង​ប្រទេស​អ៊ុយក្រែន លោក​ឡយដ៍ អូស្ទីន​នឹង​បន្ត​ដំណើរ​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការពារជាតិ​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃទី២១ និង ២២ តុលា។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ទំនាក់ទំនង​រវាង​អាមេរិក និង​អឺរ៉ុប និយាយ​ជារួម និង​រវាង​អាមេរិក និង​អូតង់ និយាយ​ដោយឡែក​ហាក់​កំពុង​ស្គាល់​ភាព​តានតឹង​ជា​ថ្មី បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បង្កើត​សម្ព័ន្ធភាព​ត្រីភាគី​ជាមួយ​អូស្រា្តលី និង​អង់គ្លេស​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ សម្ព័ន្ធភាព​ត្រីភាគី​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អូស្រា្តលី​លុប​កុងត្រា​ទិញ​នាវា​មុជទឹកបារាំង និង​ងាក​ទៅ​ទិញ​នាវា​មុជទឹកអាមេរិក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ