អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

ប្រមុខ AIEA ផ្តើមទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់កំពុងបង្កើនសមត្ថភាពនុយក្លេអ៊ែរ

នៅ​ថ្ងៃ​អង្គារ ទី២៣ វិច្ឆិកា ប្រមុខ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ (AIEA) លោក​រ៉ាហ្វាអ៊ែល ក្រូស៊ី​បាន​ផ្តើម​កិច្ចប្រជុំ​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់។ ជំនួប​នេះ​បាន​ធ្វើ​ឡើង មុន​ការ​ផ្តើម​កិច្ចចរចា​ជា​ថ្មី​រវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​នៅ​ថ្ងៃទី២៩ វិច្ឆិកា​ខាង​មុខ​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ តែ​អ្វី​ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​របស់​ប្រទេស​ជា​ច្រើន​ពេល​នេះ គឺ​កំណើន​ខ្លាំង​នៃ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ គឺ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​ប្រមុខ AIEA ត្រូវ​លើក​យក​ទៅ​ជជែក​ជាមួយ​អ៊ីរ៉ង់។

លោក Rafael Mariano Grossi នាយកទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (រូបស្តាំ) និងលោក Behrouz Kamalvandi នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ ២០២១។
លោក Rafael Mariano Grossi នាយកទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (រូបស្តាំ) និងលោក Behrouz Kamalvandi នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ ២០២១។ © Atomic Energy Organization of Iran via AP
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មួយ​នឹង​តួលេខ​មិន​ល្អ​ទាល់​តែ​សោះ​ដែល​ប្រមុខ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ (AIEA) លោក​រ៉ាហ្វាអ៊ែល ក្រូស៊ី​កំពុង​មាន​វត្តមាន​លើ​ទឹកដី​អ៊ីរ៉ង់។ តួលេខ​មិន​ល្អ​ដែល​គេ​ចង់​និយាយ​នេះ គឺ​ការ​ដែល​អ៊ីរ៉ង់​បាន​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​បរិមាណ ១២ដង​ច្រើន​ជាង​ការ​អនុញ្ញាត និង​ការ​ដែល​អ៊ីរ៉ង់​បាន​ធ្វើ​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ដល់​ទៅ ៦០%។ ការ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា ៦០% នេះ​មិនមែន​សម្រាប់​ប្រើ​នៅ​ក្នុង​វិស័យ​ស៊ីវិល​ទេ។ ដូច្នេះ​សម្រាប់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ពិសេស​អាមេរិក អ៊ីរ៉ង់​កំពុង​ធ្វើ​ដំណើរ​ខុស​គោលដៅ​ដែល​គេ​ត្រូវ​កែ​តម្រង់​ជា​បន្ទាន់។

នេះ​ហើយ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​រ៉ាហ្វាអ៊ែល ក្រូស៊ី​នៅ​អ៊ីរ៉ង់​ពេល​នេះ។ នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ លោក​ក្រូស៊ី​ជួប​សន្ទនា​ជាមួយ​ប្រមុខ​ការទូត និង​ប្រមុខ​អង្គការ​ថាមពល​បរមាណូ​អ៊ីរ៉ង់។ អ៊ីរ៉ង់​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​ដោយ​សង្ឃឹម​ថា ទស្សនកិច្ច​របស់​លោក​ក្រូស៊ី​មាន​លក្ខណៈ​ស្ថាបនា​ដូច​ទស្សនកិច្ច​លើក​មុន​កាល​ពី​ថ្ងៃទី១៩ កញ្ញា​អ៊ីចឹង​ដែរ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​រូប​នេះ​ដដែល​បាន​បន្ថែម​ថា អ៊ីរ៉ង់​តែង​ណែនាំ AIEA ឲ្យ​ស្ថិត​លើ​ផ្លូវ​នៃ​កិច្ចសហប្រតិបត្តិការ និង​មិន​ត្រូវ​បណ្តោយ​ឲ្យ​ប្រទេស​ខ្លះ​ប្រើ​ឈ្មោះ AIEA ក្នុង​គោលដៅ​នយោបាយ​របស់​ខ្លួន​ឡើយ។

វត្តមាន​របស់​ប្រមុខ AIEA លោក​ក្រូស៊ី​នៅ​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​មុន​ការ​ផ្តើម​កិច្ចចរចា​ជាថ្មី​រវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​ក្នុង​ប្រទេស​អូទ្រីស​ដែល​បាន​ផ្អាក​អស់​រយៈ​ពេល ៥ខែ។ គឺ​ជា​កិច្ចចរចា​ដែល​ភាគី​ហត្ថលេខី​បន្ត​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ គួរ​បញ្ជាក់​ថា ខុស​ពី​ប្រទេស​ហត្ថលេខី​ផ្សេង មាន​អាល្លឺម៉ង់ ចិន បារាំង អង់គ្លេស និង​រុស្ស៊ី កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ មួយ​នេះ​ត្រូវ​បាន​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ដក​អាមេរិក​ចេញ​ក្នុង​ឆ្នាំ ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់។

តាំង​ពី​ពេល​នោះ​មក អ៊ីរ៉ង់​ក៏​បាន​ចាប់​ផ្តើម​មិន​គោរព​ពេញលេញ​លើ​កិច្ចព្រមព្រៀង ពិសេស​បាន​ស្តុក​លើស​ចំនួន និង​បាន​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ខ្ពស់​ខ្លាំង​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ