អានតួអត្ថបទ
សហរដ្ឋអាមេរិក-វេណេស៊ុយអេឡា

អាមេរិកផ្តើម​​បន្ធូរ​ទណ្ឌកម្ម​វេណេស៊ុយអេឡា ដែលចុះ​​​កិច្ចព្រមព្រៀងជាមួយ​បក្ស​ប្រឆាំង

គ្រាន់​តែ​រដ្ឋាភិបាលកាន់​អំណាច​និង​បក្ស​ប្រឆាំង​វេណេស៊ុយអេឡា​បានចុះ​កិច្ចព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រនឹង​គ្នា ​នៅល្ងាច​ថ្ងៃទី ២៦​វិច្ឆិកា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​​លើក​ទណ្ឌកម្ម​ប្រឆាំង​នឹងវិស័យ​​ប្រេង​វេណេស៊ុយអេឡា​​ជា​បណ្តើរ​ៗ​ភ្លាម​ៗ ដែរ។ វ៉ាស៊ីនតោន​ថែម​ទាំង​បាន​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​អាមេរិក Chevron ត្រលប់​ទៅ​ធ្វើ​សកម្មភាពបូមប្រេង​ នៅវេណេស៊ុយអេឡា សម្រាប់​នាំ​ចូល​ទៅអាមេរិក​​ទៀតផង។

ពី​ឆ្វេងទៅស្តាំ ៖ ប្រតិភូ​បក្ស​ប្រឆាំង​វេណេស៊ុយអេឡា Gerardo Blyde Pérez រដ្ឋមន្ត្រីការបរទេស​ម៉ិចស៊ិក Marcelo Ebrard តំណាង​ទូតន័រវែស Dag Nylander និង​ប្រធានសភាវេណេស៊ុយអេឡាJorge Rodriguezចុះ​កិច្ចព្រមព្រៀង​ថ្ងៃទី ២៦ វិច្ឆិកា២០២២
ពី​ឆ្វេងទៅស្តាំ ៖ ប្រតិភូ​បក្ស​ប្រឆាំង​វេណេស៊ុយអេឡា Gerardo Blyde Pérez រដ្ឋមន្ត្រីការបរទេស​ម៉ិចស៊ិក Marcelo Ebrard តំណាង​ទូតន័រវែស Dag Nylander និង​ប្រធានសភាវេណេស៊ុយអេឡាJorge Rodriguezចុះ​កិច្ចព្រមព្រៀង​ថ្ងៃទី ២៦ វិច្ឆិកា២០២២ AP - Fernando Llano
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ ​Chevron អាច​ត្រលប់​ទៅផ្តើម​សកម្មភាព​ ​​បូមប្រេង​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុនប្រេង​រដ្ឋ​វេណេស៊ុយអេឡា តែ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​វេណេស៊ុយអេឡា​មិន​ប៉ះប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​Chevronតែ​ប៉ុណ្ណោះ។

​ការ​សម្រេចបន្ធូរ​បន្ថយ​ទណ្ឌកម្ម​លើ​វិស័យ​ប្រេងនេះ ​បាន​ប្រកាស​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​វេណេស៊ុយអេឡា និង​បក្ស​ប្រឆាំង​បាន​រក​ឃើញ​កិច្ចព្រមព្រៀងនៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក ​​បង្កើត​មូលនិធិ​ការពារសង្គម និង​ក្នុង​ខណៈ​ដែល​អាមេរិក​កំពុង​ស្វែង​រក​ប្រភព​ថាមពល​មក​ជំនួស​ ប្រភព​​ថាមពលរុស្ស៊ី​​ដែល​ជាប់​ទណ្ឌកម្ម​​​ពីបទ​ចូល​ធ្វើ​​សង្គ្រាមទន្ទ្រានអ៊ុយក្រែន។

ការ​បង្កើត​មូលនិធិ​ការពារ​សង្គម មាន​ទិសដៅ​រារាំង​ពលរដ្ឋ​វេណេស៊ុយអេឡា​កុំ​ឱ្យរត់​ចាក​ចេញ​ពី​ប្រទេស និង​ជួយ​សម្រួល​ឱ្យ​ពលរដ្ឋ​អាច​ទទួល​បាន​នូវ​ស្បៀងអាហារ​ ថ្នាំ​សង្កូវសេវាសុខាភិបាល និង​ គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ជួសជុល​បណ្តាញ​អគ្គីសនីក្នុង​ប្រទេស​។ មូលនិធិ​នេះ ជា​លក្ខខណ្ឌមួយ​ក្នុង​ចំណោម​លក្ខខណ្ឌជា​ច្រើន​ទៀត​​​របស់​អាមេរិក (​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤ ស្ថានភាព​អ្នក​ទោសនយោបាយ) ជា​ថ្នូរ​នឹង​​ការ​លើក​ទណ្ឌកម្ម​ប្រឆាំង​វេណេស៊ុយអេឡា​។

បើតាម​អង្គការ​សហប្រជាជាតិ កង្វះ​អាហារ​ ថ្នាំពេទ្យ​និង​អតិផរណា បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​វេណេស៊ុយអេឡា​ជាង​៧លាន​នាក់​ រត់ភៀសខ្លួន​​នៅ​ឆ្នាំ​នេះ សំដៅ​ប្រទេស​ក្នុង​តំបន់​អាមេរិកឡាទីនផ្សេង​ទៀត និង​សហរដ្ឋ​អាមេរិក​។ ជា​ប្រទេស​សម្បូរ​ប្រេង តែ​ជា​ងពាក់​កណ្តាល​នៃ​ប្រជាជន​រស់​នៅក្នុង​ប្រទេស​​វេណេស៊ុយអេឡា ជួប​បញ្ហា​អស្ថិរភាព​ចំណីអាហារ​មធ្យម​និ​ងធ្ងន់ធ្ងរ កាលពី​ឆ្នាំ​ទៅ។ នេះ​បើ​តាម​លទ្ធផ​ល​អង្កេត​របស់​សកលវិទ្យាល័យ​វេណេស៊ុយអេឡា។

ក្រោយ​ពី​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង​វេណេស៊ុយអេឡា បាន​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​បញ្ចេញ​ហិរញ្ញវត្ថុ​រាប់​ពាន់​លាន​ដុល្លារ​​ដែល​បង្កក​ក្នុង​ធនាគារ​បរទេស សម្រាប់​មក​ចាយវាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​មនុស្សធម៌​នៅក្នុង​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ