អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-ចិន

ប្រតិភូអាមេរិកទៅចិនដើម្បីកម្តៅទំនាក់ទំនងនិងដើម្បី​និយាយពីតៃវ៉ាន់

សមាជិក​ប្រតិភូ​អាមេរិក​ជាន់ខ្ពស់ បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ចិន​ថ្នាក់​មូលដ្ឋាន នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​រក​មធ្យោបាយ​ស្តារ​ទំនាក់ទំនង​ចិន-អាមេរិក​ឱ្យ​បាន​ប្រសើរ​ឡើង​ផង​ និង​អំពីកោះ​តៃ​វ៉ាន់ ដែលជា​​ប្រធានបទ​ដ៏រសើប​បំផុតផង។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ប៉េកាំង ក្នុង​ថ្ងៃ​ចន្ទទី​១២​ធ្នូ២០២២។​

លោក Daniel J. Kritenbrink អនុរដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក​ទទួល​បន្ទុក​ទំនាក់ទំនង​អាស៊ី​ខាង​កើត​និ​ងប៉ាស៊ីហ្វិក
លោក Daniel J. Kritenbrink អនុរដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក​ទទួល​បន្ទុក​ទំនាក់ទំនង​អាស៊ី​ខាង​កើត​និ​ងប៉ាស៊ីហ្វិក © VN Express
ផ្សាយពាណិជ្ជកម្ម

​តាំង​ពី​ប្រធានាធិបតីអាមេរិកចូបៃដិន និង​​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ព្រមព្រៀង​ស្តារ​ទំនាក់ទំនងរវាង​វ៉ាស៊ីនតោន​និង​ប៉េកាំង​ឡើង​វិញ​មក  ថ្ងៃ​នេះ​ជា​លើក​ទីមួយ​ហើយដែល​គេ​ឃើញ​មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រតិភូ​ជាន់​ខ្ពស់​អាមេរិក​នៅក្នុង​ទឹក​ដី​ចិន។

ប្រតិភូអាមេរិកដែល​​តំណាង​ដោយ​​លោក Daniel Kritenbrink អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួល​បន្ទុក​អាស៊ីខាង​កើត​និង​អាស៊ីប៉ាស៊ីហ្វិក និង​លោកស្រី​នាយក​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដើម្បី​ចិន​និង​តៃវ៉ាន់​ប្រចាំ​សេតវិមាន Laura Rosenberger បាន​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ា ហ្វេង Xie Feng អនុរដ្ឋមន្ត្រីក្រសួងការបរទេស​ចិន​ នៅ​ជាយក្រុង​ប៉េកាំង រយៈ​ពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃអាទិត្យ​ទី ១១ និង​ថ្ងៃ​ចន្ទទី ១២​ ធ្នូនេះ។ នេះ​បើ​តាម​ប្រភព​ការទូត​ចិន។

ភាគី​ទាំងពីរ​បាន​ជជែក​គ្នា​យ៉ាង​ស៊ីជម្រៅ​​ ដោយ​ស្មោះត្រង់ និង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា ជុំ​វិញ​​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​អ្វី​ដែល​ប្រធានាធិបតី​ទាំងពីរ​ប្រទេស​បាន​ត្រូវ​រ៉ូវ​គ្នា​នៅក្រុង​បាលី ដូច​ជា​បាន​លើក​ឡើង​អំពី​ការ​ពង្រឹងការ​ផ្តោះប្តូរ​គ្រប់​ជាន់​ថ្នាក់។ សំណុំ​រឿង​​តៃវ៉ាន់ ដែលជា​ប្រធានបទ​ដ៏​រសើប​បំផុត​ និង​ដែល​ចិន​ចាត់​ទុក​ដែន​ដី​មួយ​ដុំ​របស់​ខ្លួន ហើយ​អាមេរិក​បន្ត​ការ​គាំទ្រផ្នែក​អាវុធ​យ៉ាង​ខ្លាំង​ ក៏​ត្រូវ​បាន​លើក​មក​ពិភាក្សា​គ្នា​ដែរ។

កម្មវត្ថុ​នៃ​ជំនួប​ពិភាក្សា​លើក​នេះ ក៏​ជា​ការ​ត្រៀម​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ របស់​លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន នៅ​ចិន នា​ដើម​ឆ្នាំ​២០២៣​នេះ​ដែរ។

សូម​បញ្ជាក់​ថា ទំនាក់ទំនង​ចិនអាមេរិក​ បាន​ធ្លាក់​ដុនដាប​ខ្លាំង នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ដោយ​ហេតុតែ​បញ្ហា​ជា​ច្រើន ដូច​ជា​បញ្ហា​ពាណិជ្ជកម្ម បញ្ហា​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​នៅចិន អ៊ុយហ្គួ ឬ​បញ្ហា​ប្រកួត​ប្រជែង​បច្ចេកវិទ្យា​ជា​ដើម​។ល។ ប៉ុន្តែ​ កាលពី​ខែ​វិច្ឆិកា នាឱកាស​ជំនួបកំពូល​ហ្សេ​២០ នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ បាន​ជួប​និយាយ​គ្នា​រយៈ​ពេល​បី​ម៉ោង លើ​គ្រប់​ប្រធានបទ​រសើបៗ តាំង​ពី​រឿង​តៃវ៉ាន់ ដល់​ការ​នាំ​ចូល​បច្ចេកវិទ្យា​អាមេរិក​ទៅ​ចិន ឬ​ឥទ្ធិពល​ចិន​នៅលើ​ពិភពលោក ដោយ​សម្រេច​ស្តារ​ទំនាក់ទំនង​ឱ្យ​ប្រសើរ​ឡើង​វិញ ព្រោះ​សម្រាប់​លោក​ស៊ីជីនពីង អាមេរិក-ចិន ត្រូវ​​ចែក​រំលែក​គ្នា​ឱ្យ​បាន​ច្រើន ឯ​លោក​​ចូបៃដិន យល់​ថា​មិន​ចាំបាច់អ្វី​​ត្រូវ​មាន​សង្គ្រាមត្រជាក់​ថ្មី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ