អានតួអត្ថបទ
ពលករចំណាកស្រុក-សេដ្ឋកិច្ច

ពលករ​ចំណាក​ស្រុក​ ជា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទីបី

បើ​សរុប​ចូល​គ្នាទូទាំង​ពិភពលោក​ ពលករ​អន្តោប្រវេសន៍ គឺ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​លេខ​បី នៅ​ពី​ក្រោយ​​សហរដ្ឋ​​អាមេរិក (លេខ​មួយ) និង​​ចិន។ នេះ​បើ​តាមការសិក្សា​​​របស់​វិទ្យាស្ថាន​ BCG Henderson Institute នៃ​មជ្ឈមណ្ឌល​សិក្សា​វិភាគ​Boston consulting Group ដែល​ចេញ​ផ្សាយ​ជា​របាយការណ៍នៅថ្ងៃចន្ទទី ១៩​ធ្នូ​នេះ ដោយ​សហការជាមួយ​អង្គការ​សហប្រជាជាតិ​។

ពលករ​ចំណាក​ស្រុក នៅ​តាម​ផ្លូវ ក្រុង Doha ខែ​មេសា​២០១៧
ពលករ​ចំណាក​ស្រុក នៅ​តាម​ផ្លូវ ក្រុង Doha ខែ​មេសា​២០១៧ REUTERS/Tom Finn
ផ្សាយពាណិជ្ជកម្ម

នៅ​លើ​ភពផែន​ដីបច្ចុប្បន្ននេះ ​មាន​​មនុស្ស​២៨០​លាន​នាក់​ដែល​គេ​ចាត់​ទុក​ជា​ពលករ​ចំណាកស្រុក។ ប្រសិន​បើ​ពលករ​អន្តោប្រវេសន៍​ទាំង​អស់​នេះ រស់​នៅផ្តុំ​ជុំ​គ្នា​ក្នុង​តែ​ប្រទេស​មួយ​ ប្រទេសពលករចំណាកស្រុក​នោះ ​នឹងក្លាយ​ជា​ប្រទេសទីបួន​​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​នៅលើ​ពិភពលោក។

ការ​សិក្សារបស់​វិទ្យាស្ថាន​ BCG Henderson Institute ដែល​មាន​​ផ្តល់​ជា​តួលេខ​ច្បាស់ៗ បាន​ជម្រះ​មន្ទិល​និង​គំនិត​មិន​ល្អ​ចំពោះអន្តោប្រវេសន៍​​ទៀត។ ផ្ទុយ​ពីការ​គិត​ ពលករ​ចំណាកស្រុក គឺ​ជា​កម្លាំង​សេដ្ឋកិច្ច​។ ជា​រៀងរាល់​ឆ្នាំ ការងារ​របស់​ពលករ​ចំណាកស្រុក បង្កើត​ចំនូល​​បាន​សរុប​ប្រមាណ ៩ទ្រីលាន​ដុល្លារ (៩០០០លាន​ដុល្លារ)។ បើ​សរុប​បញ្ចូល​គ្នា​ គិត​ជា​ប្រទេស​តែមួយ​​វិញ នោះ​ចំណូល​សរុប​របស់​ពួកគេ នឹងមាន​កំរិត​ជា​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី​បី​នៅលើ​ពិភពលោក នៅពីក្រោយ​អាមេរិក​និង​ចិន។ នេះ​គេនៅ​​មិនទាន់​​រាប់​បញ្ចូល​អំពី​ ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ចំណាកស្រុក នៅក្នុង​ការ​ចាយវាយ ការ​ធ្វើ​ទំនើបកម្ម ឬ​សកម្មភាព​​បង្កើត-បង្កើន​សហគ្រាស​ក្រុមហ៊ុន​ផង។

នា​ពេល​អនាគត តួនាទី​របស់​ពលករអន្តោប្រវេសន៍​​នឹង​កើន​ឡើង​ជា​លំដាប់​។ នេះ​បើ​តាម​វិទ្យាស្ថាន​ដដែល។ សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុងប្រឈម​នឹង​​កង្វះ​កម្លាំងពលកម្ម​យ៉ាង​ខ្លាំង​ក្លា​នោះ ទំនង​ជា​ត្រូវការ​ពលករ​ប្រមាណ​ជាង​៣០លាននាក់ សម្រាប់​មក​បម្រើការ​នៅក្នុងវិស័យ​​ឧស្សាហកម្ម​សិប្បកម្ម វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា វិស័យ​ទូរគមនាគមន៍ ឬ​ក្នុង​វិស័យ​សុខាភិបាល។

ប្រធានក្រុមហ៊ុន​សហគ្រាស ចំនួន​៧២%​ ចាត់​ទុក​ពលករ​ចំណាក​ស្រុកថា​​ជាទ្រព្យ​សកម្ម​​ពិតៗ ជា​ពិសេស​បើ​និយាយ​អំពី​ផ្នែក​ទំនើបកម្ម។​ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​វិញ ភាគ​ច្រើន​មិនផ្តល់​​តម្លៃ​របស់អន្តោប្រវេសន៍​ទេ។ មាន​តែ​៤០%​ប៉ុណ្ណោះ​ ដែល​យល់​ស្រប​តាម​គំនិត​របស់​ប្រធាន​ក្រុមហ៊ុន​សហគ្រាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ