អានតួអត្ថបទ
កីឡា​បាល់ទាត់-លក្ខខណ្ឌ​សង្គម

សិទ្ធិសង្គម​នឹងក្លាយ​ជាលក្ខខណ្ឌ​​មួយ​សម្រាប់​​អ្នក​រៀប​ចំ​ប្រកួត​បាល់​ទាត់​ពិភពលោក ?

អង្គការ​ពលកម្មអន្តរជាតិ (OIT) បាន​បង្ហាញ​សុទិដ្ឋនិយម​​ថា​​​ Fifa នឹង​ព្រមព្រៀង​​បញ្ចូល​ បញ្ហា​សង្គម ជា​លក្ខខណ្ឌ​មួយ​នៃ​ជម្រើស​ប្រទេស​ដែល​ត្រូវ​ទទួល​ភារៈ​រៀប​ចំ ការ​ប្រកួត​កីឡា​បាល់​ទាត់​ពិភពលោក។ ក្តីសង្ឃឹម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ជំនួប​រវាង​អគ្គនាយក​អង្គការ​ពលកម្ម​អន្តរជាតិ និង​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ពិភពលោក នៅទីក្រុង​កាតា កាលពី​ថ្ងៃ អាទិត្យ​ទី ៤​ធ្នូ​ ២០២២ម្សិលមិញ។

សិទ្ធិសង្គម​នឹងក្លាយ​ជាលក្ខខណ្ឌ​​មួយ​សម្រាប់​​អ្នក​រៀប​ចំ​ប្រកួត​បាល់​ទាត់​ពិភពលោក ?
សិទ្ធិសង្គម​នឹងក្លាយ​ជាលក្ខខណ្ឌ​​មួយ​សម្រាប់​​អ្នក​រៀប​ចំ​ប្រកួត​បាល់​ទាត់​ពិភពលោក ? REUTERS - HAMAD I MOHAMMED
ផ្សាយពាណិជ្ជកម្ម

បើ​តាម​​ការ​ពិភាក្សា​តាំងពី​មុន​រហូត​​មក​ទល់​ពេល​នេះ សុទ្ធ​តែ​បង្ហាញ​ឱ្យ​ឃើញ​ថា​​សហព័ន្ធបាល់ទាត់​ពិភពលោក ​មាន​ឆន្ទៈ​ពិត​និង​ដាច់​ខាត​ក្នុង​ការ​ បញ្ចូល​បញ្ហា​សង្គម​និង​ការ​គោរព​បទ​ដ្ឋាន​ការងារ ជា​លក្ខខណ្ឌ​មួយ​នៃ​ការ​ជ្រើសរើស​ប្រទេស​អ្នក​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក នាពេល​អនាគត។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក  Gilbert Houngbo អគ្គនាយក​អង្គការ​ពលកម្មអន្តរជាតិ (OIT)ក្រោយ​ជំនួប​ជាមួយ​នឹង​នាយក​សហព័ន្ធ​បាល់​ទាត់​ពិភពលោក​FIFA លោក Gianni Infantino។ សម្រាប់​លោក​អគ្គនាយកអង្គការ​ពលកម្ម​អន្តរជាតិ ប្រសិន​បើ​ដំណើរការជ្រើសរើស​​បេក្ខភាព​របស់​សហព័ន្ធ​បាល់​ទាត់​ពិភពលោក គិត​​ដល់​ស្ថានភាពសង្គម​របស់​ប្រទេស​អ្នក​ទទួល​រៀប​ចំ ដូចការ​ជ្រើសរើស​​ប្រទេសទទួល​កីឡាអូឡាំពិក ឬព្រឹត្តិការណ៍​​កីឡា​ផ្សេងទៀត​​​ នោះ​លក្ខខណ្ឌការងារ​នៅពិភពលោក​នឹង​បាន​ប្រសើរ​ឡើង។

តាំងពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​OIT ព្យាយាម ស្វែង​រក​កិច្ច​​សហការ​ជាមួយ​សហព័ន្ធ​បាល់ទាត់ពិភពលោកFIFA។ ហើយការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២​ នៅ​កាតា​ បាន​មក​ពង្រឹងបន្ថែម​​ទំនាក់ទំនងស្ថាប័ន​ទាំងពីរ។ ក្រោយ​ពី​បានទទួល​ការ​​ជ្រើសតាំង​ឱ្យ​ធ្វើ​ជាប្រទេស​រៀប​ចំ​បាល់ទាត់ពិភពលោក​ នៅ​ចុង​ឆ្នាំ​២០១០​មក កាតា រង​ការ​រិះគន់​ឥតឈប់​ឈរ​ ជុំ​វិញ​បញ្ហា​សិទ្ធិមនុស្ស​និង​លក្ខខណ្ឌ​ការងារ​របស់​ពលករ​អន្តោប្រវេសន៍​រាប់​ម៉ឺននាក់​មក​ពី​អាស៊ីខាង​ត្បូង​និង​អាហ្វ្រិក។

ប្រឈម​នឹង​ការ​រិះគន់​ កាតា​បាន​រំលាយ​ប្រព័ន្ធកាហ្វាឡា ដែល​ចាត់​ទុក​បុគ្គលិកកម្មករ​ជា​កម្មសិទ្ធិ​របស់​ថៅកែ បាន​កំហិត​ពេល​ម៉ោង​ធ្វើ​ការ​នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង បាន​បង្កើត​ឱ្យ​មាន​ប្រាក់ខែ​អប្បបរិមា និង​គណៈកម្មាធិការ​ទទួល​បន្ទុក​ចរចា​រវាង​និយោជក​និង​និយោជិក ព្រមទាំង​មាន​មូលនិធិ​សំណង​សម្រាប់​អ្នក​មិន​ទទួល​បាន​ប្រាក់ខែ​ទៀត។ កាតា​ធ្វើ​បាន​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Huongbo​ដដែល​ដែល​យល់​ថា​ កាតា​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ ជា​មួយ​នឹង​ការ​ធ្វើ​កំណែទម្រង់​ការ​អនុវត្ត​ច្បាប់​ព្រោះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​បន្ត​ប្រព្រឹត្ត​ល្មើស។

ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភពលោកឆ្នាំ​២០២៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅសហរដ្ឋ​អាមេរិក កាណាដា​និង​ម៉ិចស៊ិក លក្ខខណ្ឌការងារដូច​ជា​​មិន​ចោទ​ឡើង​ទេ ប៉ុន្តែ​អង្គការក៏​មិន​ធ្វេសប្រហែសដែរ។​​ សម្រាប់​ឆ្នាំ​២០៣០ មាន​​អេស្ប៉ាញ ព័រទុយហ្កាល់ ព្រមទាំង​អ៊ុយក្រែន បាន​ដាក់​បេក្ខភាព​ជា​ផ្លូវការ​រួច​ហើយ។ ក្រុមប្រទេស​នៅ​អាមេរិក​ខាង​ត្បូង  អ៊ុយរ៉ាហ្កាយ អាហ្សង់ទីន ប៉ារ៉ាហ្កាយ​ និង​ស៊ីលី បាន​ដាក់​បេក្ខភាព​រួម​គ្នា​ដែរ។ កាលពី​ខែ​កញ្ញា អេហ្ស៊ីប បាន​ប្រកាស​កំពុង​ពិភាក្សា​ជាមួយ​ក្រិក​និង​អាប៊ីសាអូឌីត  ដើម្បីរៀប​ចំ​សំណុំ​បែប​បទដាក់​បេក្ខភាព​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ