អានតួអត្ថបទ
ពលករចំណាកស្រុក-ការផ្ទេរប្រាក់

ធនាគារ​ពិភពលោក ៖ ​ការ​ផ្ទេរលុយ​របស់​ពលករ​ចំណាកស្រុក​ទៅ​ប្រទេសកំណើត មាន​កំណើន​​តិច នៅ​ឆ្នាំ​២០២២

ពលករ​ចំណាក​ស្រុក បាន​ជួយបន្ធូរ​​ភាព​តាន​តឹង​នៃ​ទីផ្សារការងារ​ក្នុង​ប្រទេស​អ្នក​ឱ្យ​ធ្វើការ​ផង និង​ជា​អ្នក​ទ្រទ្រង់​ជីវភាព​គ្រួសារ​នៅស្រុក​​កំណើត​ តាម​រយៈ​ការ​ផ្ទេរ​ប្រាក់ទៅ​ឱ្យ​​ផង។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២២​នេះ ការ​ផ្ទេរ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​ ទៅ​ប្រទេស​កំណើត​ដែល​ជា​ប្រទេស​ក្រីក្រ ឬ​មធ្យម បាន​កើន​ឡើង​តែ​ប្រមាណ​៥%​ប៉ុណ្ណោះ ពោល​គឺ​ជា​កំណើន​ដ៏​ទាប​ ដល់​ទៅពីរ​​ដង ជាង​កាលពី​ឆ្នាំ​កន្លង​ទៅ។ នេះ​បើតាមរបាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ៣០​វិច្ឆិកា។

​ការ​ផ្ទេរលុយ​របស់​ពលករ​ចំណាកស្រុក​ទៅ​ប្រទេសកំណើត មាន​កំណើន​​តិច នៅ​ឆ្នាំ​២០២២
​ការ​ផ្ទេរលុយ​របស់​ពលករ​ចំណាកស្រុក​ទៅ​ប្រទេសកំណើត មាន​កំណើន​​តិច នៅ​ឆ្នាំ​២០២២ Carte : RFI
ផ្សាយពាណិជ្ជកម្ម

ក្រោយ​វិបត្តិ​ជំងឺរាត​ត្បាតសកល​កូវីដ​១៩ ចាប់​បន្ថយ​ល្បឿន សេដ្ឋកិច្ច​ចាប់​មាន​សន្ទុះ ពលករ​ចំណាកស្រុក​ចាប់សម្បូរ​ការងារ​ធ្វើ​ និង​មាន​សមត្ថភាព​ផ្ញើលុយ​ទៅជួយ​ក្រុមគ្រួសារ​ ប៉ុន្តែ​វិបត្តិ​អតិផរណា ទំនិញ​ឡើង​ថ្លៃ​ លុយ​​ចុះ​ថោក ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំងណាស់​លើ​ចំណូល​របស់​ពលករ​ចំណាកស្រុក។

ជា​លទ្ធផល​ នៅ​ឆ្នាំ​២០២២​នេះ ​ទំហំ​​នៃ​​ការ​ផ្ទេរ​ប្រាក់ (ពីពលករ​ចំណាកស្រុក) ​ទៅ​កាន់​ប្រទេស​ក្រីក្រ និង​មាន​ចំណូល​មធ្យម មានត្រឹម​តែប្រមាណ ៦២៦​ពាន់​លាន​ដុល្លារ​។ នេះ​បើតាមកា​រសេចក្តីថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក ដែល​រំលឹក​ថា​ កាលពី​ឆ្នាំ​២០២០-២០២១ ដោយសារ​សេដ្ឋកិច្ច​អឺរ៉ុប​និង​អាមេរិក​ចាប់​កំរើក​ខ្លាំង ការ​ផ្ទេរ​ប្រាក់​បាន​កើន​ឡើង​ដល់​ទៅ ១០,២%​ឯណោះ។

គួរ​ឱ្យ​កត់​សម្គាល់​ជាង​គេ​ គឺការ​ផ្ទេរប្រាក់របស់​ពលករ​ចំណាក​ស្រុក​អាហ្វ្រិក​​កណ្តាល​មាន​កំណើន​ត្រឹម​តែ​៥,២%​ទល់​នឹង​កំណើន​១៦,៤%​កាលពីឆ្នាំ​មុន។ ការ​ផ្ញើ​ប្រាក់​ទៅ​អាមេរិកឡាទីន និង​កោះ​ការ៉ាអ៊ីប បានកើន​ឡើង​៩,៣%។ ៣,៥%​សម្រាប់​អាស៊ី​ខាង​ត្បូង ២,៥%​សម្រាប់​ដើមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង ហើយ​ត្រឹម​តែ​០,៧%​ប៉ុណ្ណោះ នៅ​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក។

ផ្ទុយ​ទៅ​វិញ ការ​ផ្ទេរ​ប្រាក់​ទៅ​អឺរ៉ុប​និង​អាស៊ី​កណ្តាល ដែល​តម្លៃ​ប្រេង​បាន​ឡើងថ្លៃ​ ហើយ​រុស្ស៊ី​ត្រូវការ​​ពលករចំណាកស្រុក មាន​កំណើន​១០,៣%​។ បញ្ញើ​ទៅ​អ៊ុយក្រែន​មាន​កំណើន​តែ​ប្រមាណ​២%​ទេ ព្រោះ​លុយ​សម្រាប់​ជួយ​គ្រួសារ​អ៊ុយក្រែន​ត្រូវ​ផ្ញើ​ទៅ​ប្រទេស​ដែល​ពួកគេ​បាន​ភៀស​ខ្លួន​ទៅ​ជ្រកកោន។

បើ​តាម​ធនាគារ​ពិភពលោក ឥណ្ឌា​ជា​ប្រទេស​តែ​មួយ​គត់ ដែលជា​លើក​ទីមួយ​ ​បាន​ទទួល​ប្រាក់​បញ្ញើ​ពី​ពលករ​ចំណាកស្រុក បាន​ដល់​ទៅ​ជាង​១០០ពាន់​លាន​ដុល្លារ​ឆ្នាំ​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ