អានតួអត្ថបទ

អាមេរិកប្រាប់ចិនថា វិធានការរបស់អាមេរិកលើអ្នកដំណើរមកពីចិនធ្វើឡើងដោយផ្អែកលើហេតុផលវិទ្យាសាស្រ្ត

ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​កូវីដ១៩​នៅ​ចិន មាន​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​អាមេរិក​មួយ​ដែរ​បាន​ចាត់​វិធានការ​ទៅ​លើ​គ្រប់​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន។ ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចាត់​វិធានការ មាន​ភាគ​ច្រើន​បាន​តម្រូវ​ឲ្យ​គ្រប់​អ្នក​ដំណើរ​មក​ពី​ចិន​មាន​លទ្ធផល​តេស្ត PCR អវិជ្ជមាន​កូវីដ និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង ឬ​មាន​ត្រឹម​លទ្ធផល​តេស្ត PCR អវិជ្ជមាន​កូវីដ។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ធ្វើ​តេស្ត​បន្ថែម​នៅ​ពេល​មក​ដល់​អាកាសយានដ្ឋាន​ដែរ។ ចំណែក​ប្រទេស​ផ្សេង ដូច​យ៉ាង​ម៉ារ៉ុក​បាន​បិទ​មិន​ឲ្យ​អ្នកដំណើរ​មក​ពី​ចិន​ចូល​តែ​ម្តង ទោះ​ជា​ជនជាតិ​ចិន ឬ​ជនជាតិ​ផ្សេង​ក៏​ដោយ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាត់​ទុក​វិធានការ​របស់​ប្រទេស​ទាំង​នោះ​ជា​ការ​រើសអើង និង​មិន​អាច​ទទួល​យក​បាន​ទេ។ តែ​រដ្ឋបាល​អាមេរិក​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​នែដ ប្រៃសិ៍​បាន​ឆ្លើយ​តប​នឹង​ចិន​វិញ​ថា វិធានការ​ដែល​តម្រូវ​ឲ្យ​អ្នក​ដំណើរ​មក​ពី​ចិន​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវីដ​ចាប់​ពី​ថ្ងៃទី៥ មករា​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ហេតុផល​វិទ្យាសាស្រ្ត និង​ថា ចិន​បាន​បដិសេធ​មិន​ទទួល​យក​ជំនួយ​វ៉ាក់សាំង​របស់​អាមេរិក​ទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកនែដ ប្រៃសិ៍
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកនែដ ប្រៃសិ៍ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

« វិធានការ​របស់​អាមេរិក​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្រ្ត​តែ​មួយ​គត់។ ដោយសារ​តែ​កំណើន​នៃ​ការ​ចម្លង​កូវីដ១៩ នៅ​សាធារណៈរដ្ឋប្រជាមានិត​ចិន និង​កង្វះ​តម្លាភាព​ទាក់ទង​នឹង​ទិន្នន័យ​ស្តីពី​ប្រភេទ​មេរោគ​កូវីដ​ដែល​កំពុង​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ចិន យើង​ចាត់​វិធានការ​ដោយ​ចេតនា​ដើម្បី​ពន្យឺត​ការ​ឆ្លង​រីករាលដាល​កូវីដ១៩។ ហើយ​វា​ក៏​ជា​ការ​រក្សា​ភាព​ប្រុងប្រយ័ត្ន​ប្រឈម​ទប់​នឹង​គ្រប់​ករណី​ឆ្លង​ដោយ​មេរោគ​កូវីដ១៩ បំប្លែងខ្លួន​ថ្មីៗ​ទៀត​ដែរ។

បណ្តា​ប្រទេស​ផ្សេង​កំពុង​មាន​ក្តីបារម្ភ​ដូច​គ្នា​នេះ ហើយ​ពួក​គេ​បាន​ចាត់​វិធានការ​ស្រដៀង​គ្នា​ក្នុង​ពេល​ដែល​ចិន​កំពុង​ស្គាល់​សន្ទុះ​កំណើន​ឆ្លង​កូវីដ១៩ យ៉ាង​ខ្លាំង។ យើង​បាន​ស្នើ​ជំនួយ​ជា​វ៉ាក់សាំង និង​ជំនួយ​ផ្សេង​ទៀត​ក្នុង​រឿង​កូវីដ​ទៅ​កាន់​រដ្ឋាភិបាល​ចិន។ តែ​ចិន​បាន​ឆ្លើយ​ជា​សាធារណៈ​ថា ចិន​ពេញចិត្ត​នឹង​សំណើ​ជំនួយ​នេះ តែ​ចិន​មិន​ត្រូវ​ការ​ការ​គាំទ្រ​ទេ។ យ៉ាង​ណា​ក៏​ដោយ សំណើ​ជំនួយ​របស់​យើង​កំពុង​ស្ថិត​នៅ​លើ​តុ​ជានិច្ច »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ