អានតួអត្ថបទ
ចិន-កូវីដ

អង្គការសុខភាពពិភពលោក​អំពាវនាវ​ចិនឲ្យចែករំលែកជាប្រចាំនូវទិន្នន័យស្តីពីជំងឺកូវីដ

ក្នុងកាលៈទេសៈ ដែលជំងឺកូវីដកំពុង​ផ្ទុះខ្លាំង​នៅប្រទេស​​ចិន អង្គការ​សុខភាពពិភពលោក​បានជួបប្រជុំជាមួយ​មន្រ្តីជាន់ខ្ពស់​ចិន​ទទួលបន្ទុកជំងឺឆ្លង កាលពីថ្ងៃ​សុក្រ ទី ៣០​ធ្នូ ដើម្បី​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ស្តីពី​ស្ថានភាពជំងឺកូវីដផង​​ និង​ដើម្បីផ្តល់​ជំនួយគាំទ្រ​របស់​អង្គការសុខភាព​ផង។ កិច្ចប្រជុំ​ដែលជា​ការទាមទារ​ចង់បាន​របស់​អង្គការសុខភាពពិភពលោក ធ្វើឡើង​នៅប៉ុន្មាន​ថ្ងៃ​ក្រោយ ប្រធាន​របស់​ស្ថាប័នអន្តរជាតិ​មួយនេះ​​អំពាវនាវ​សុំ​ឲ្យ​ចិន​មាន​តម្លាភាពស្តីពីស្ថានភាព​ជំងឺកូវីដ។

អ្នកជំងឺចាប់ផ្តើមចាល់នៅមន្ទីរពេទ្យ​នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ៣១​ធ្នូ ២០២២
អ្នកជំងឺចាប់ផ្តើមចាល់នៅមន្ទីរពេទ្យ​នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ៣១​ធ្នូ ២០២២ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

​​កិច្ចប្រជុំរបស់អង្គការ​សុខភាព​ពិភពលោកជាមួយ​មន្រ្តីនៃ​គណៈកម្មការសុខភាពជាតិ​ចិនកាលពីថ្ងៃ​សុក្រផ្តោតសំខាន់​ទៅលើ​សន្ទុះ​កំណើនឆ្លងកូវីដនៅប្រទេស​ចិន។ តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អង្គការ​សុខភាពពិភពលោក នៅក្នុងអំឡុង​កិច្ចប្រជុំជាមួយ​ភាគីចិន អង្គការ​សុខភាពពិភពលោក​បាន​អំពាវនាវ​សាជាថ្មីសុំ​ឲ្យ​ចិន​ចែករំលែកយ៉ាងទៀងទាត់​ នូវ​តួលេខដ៏ជាក់លាក់ស្តីពីស្ថានភាពជំងឺឆ្លង ​ការព្យាបាល​នៅមន្ទីរពេទ្យ ចំនួន​អ្នកជំងឺ​ធ្ងន់ធ្ងរ​នៅបន្ទប់សង្រ្គោះបន្ទាន់ និង​ចំនួនអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ។

ឆ្លើយតប​ទៅនឹង​ការទាមទារ​​របស់​អង្គការ​សុខភាព​ពិភពលោក មន្រ្តី​តំណាង​គណៈកម្មការសុខភាពជាតិចិន និង​ទីភ្នាក់ងារជាតិគ្រប់គ្រង​និងបង្កាជំងឺឆ្លងនៅប្រទេស​ចិន​បាន​រៀបរាប់​ពី​យុទ្ធសាស្រ្ត​និង​សកម្មភាពសម្រាប់​ជំងឺឆ្លងកូវីដ ដូចជា​តាមដាន​ ការបំប្លែងខ្លួន​របស់​មេរោគ ការចាក់វ៉ាក់សាំង ការព្យាបាល និងការស្រាវជ្រាវ​អភិវឌ្ឍ។

នៅក្នុងជំនួបជាមួយ​មន្រ្តីសុខភាពចិន ស្ថាប័នសុខភាព​របស់​អង្គការ​សហប្រជាជាតិសង្កត់ធ្ងន់​ពីសារៈសំខាន់​នៃយុទ្ធការចាក់វ៉ាក់សាំង ជាពិសេស​នៅក្នុង​ចំណោមមនុស្ស​ងាយនឹង​រងគ្រោះខ្លាំង និង​មនុស្ស​ចាស់ ដើម្បីជៀសវាងស្ថានភាពជំងឺធ្ងន់ធ្ងរ និងមរណភាពដោយសារ​កូវីដ។​​

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ​អង្គការសុខភាពពិភពលោកអះអាងថា គេត្រូវការចង់បានព័ត៌មាន ទិន្នន័យ​ជាក់លាស់ស្តីពីចំនួនអ្នកឆ្លង អ្នកស្លាប់ និងជាពិសេស​អត្តសញ្ញាណ​របស់មេរោគកូវីដែលកំពុងឆ្លងរាលដាលខ្លាំង​នៅចិន ក៏ដើម្បីអាចជួយឲ្យប្រទេស​ដទៃទៀត​​ត្រៀមខ្លួនដោះស្រាយ​បញ្ហា​ជំងឺកូវីដ​​ប្រកប​ដោយប្រសិទ្ធិភាព។

នៅមុន​កិច្ចប្រជុំ​ជាមួយ​ភាគី​ចិន ប្រធាន​អង្គការ​សុខភាព​ពិភពលោក ​លោក​តេដ្រូស​ផ្ទាល់ធ្លាប់​បាននិយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ថា កង្វះព័ត៌មាន​លម្អិត​ស្ថីពីស្ថានភាពជំងឺនៅប្រទេស​ចិន ធ្វើឲ្យ​​គេ​យល់ពីប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក​ដែល​ចាត់វិធានការត្រួតពិនិត្យ​យ៉ាងតឹងរ៉ឹង​រាល់អ្នកដំណើរ​មកពីប្រទេស​ចិន តាមរយៈការធ្វើតេស្តរកមេរោគកូវីដ​ និងការធ្វើចត្តាឡីស័ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ