អានតួអត្ថបទ
រដ្ឋសភាអាមេរិក

បោះឆ្នោត១១ជុំ គណបក្ស​សាធារណរដ្ឋ​នៅតែខ្វែងគំនិតគ្នា មិនទាន់រើសបានប្រធានរដ្ឋសភា

ចំណាយពេល ៣ថ្ងៃ បោះឆ្នោត ១១ជុំ គណបក្ស​សាធារណរដ្ឋ​​នៅតែមិនទាន់​ចុះសម្រុងគ្នាដើម្បី​រើស​ប្រធានរដ្ឋសភាថ្មី។ ទទួលបាន​​អាសនៈភាគច្រើន​នៅ​រដ្ឋសភា គណបក្ស​សាធារណរដ្ឋ​របស់​អតីត​ប្រធានាធិបតី លោកដូណាល់ ត្រាំ នឹងបន្តចរចាបោះឆ្នោត នៅ​ថ្ងៃ​សុក្រនេះ រហូត​ដល់រើស​បាន​ប្រធានរដ្ឋសភាថ្មី។ រដ្ឋសភានីតិកាលទី​១១៨ ត្រូវ​ជាប់គាំងដោយសារ​គ្មានប្រធាន។ នេះជា​ព្រឹត្តិការណ៍​ដ៏កម្រ ដែលអាមេរិក​មិនធ្លាប់ជួបប្រទះ នៅក្នុង​រយៈពេល​១៦០ឆ្នាំមកនេះ។

ចូលដល់​ថ្ងៃទី ៣ និងក្រោយការបោះឆ្នោត​១១ជុំ សមាជិក​សភាអ្នកតំណាងរាស្រ្ត​មកពីគណបក្សសាធារណរដ្ឋ​នៅតែ​មិនទាន់​ចុះសម្រុងគ្នា​ដើម្បី​បោះឆ្នោតជ្រើសតាំង​ប្រធាន​រដ្ឋសភាថ្មី។ រូបភាព​ថ្ងៃទី ៤មករា ២០២៣​
ចូលដល់​ថ្ងៃទី ៣ និងក្រោយការបោះឆ្នោត​១១ជុំ សមាជិក​សភាអ្នកតំណាងរាស្រ្ត​មកពីគណបក្សសាធារណរដ្ឋ​នៅតែ​មិនទាន់​ចុះសម្រុងគ្នា​ដើម្បី​បោះឆ្នោតជ្រើសតាំង​ប្រធាន​រដ្ឋសភាថ្មី។ រូបភាព​ថ្ងៃទី ៤មករា ២០២៣​ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិបានបើកផ្លូវ​ឲ្យ​គណបក្ស​សាធារណរដ្ឋមានសំឡេងភាគច្រើន​នៅ​រដ្ឋសភា ប៉ុន្តែ សមាជិក​របស់​បក្សស្តាំនិយមមួយនេះ​នៅតែ​មិនទាន់ចុះសម្រុងគ្នា ដើម្បី​បោះឆ្នោតជ្រើសរើស​អ្នកតំណាងរបស់ខ្លួនម្នាក់​សម្រាប់​កាន់តំណែង​​ប្រធាន​រដ្ឋសភាថ្មី។

នៅ​ក្នុងការបោះឆ្នោត​ជុំទី​១១​កាលពី​ព្រហស្បតិ៍ បេក្ខជននាំមុខគេរបស់​គណបក្ស​សាធារណរដ្ឋ លោក​Kevin McCarthy នៅតែទទួល​សំឡេងមិន​​គ្រប់គ្រាន់​ដើម្បីចូលកាន់តំណែង​ប្រធានរដ្ឋសភា។ ​ទទួលបាន​​សំឡេង​គាំទ្រពី​សមាជិកបក្ស​សាធារណរដ្ឋចំនួន២០១ អ្នកតំណាងរាស្រ្ត​មកពីរដ្ឋ​កាលីហ្វនីញ៉ា នៅ​ខ្វះតែ១៧សំឡេងទៀត​ប៉ុណ្ណោះ ដើម្បី​បាន​សំឡេង ២១៨។ ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​គណបក្ស​ដែលរឹងទទឹង​មិនបោះឆ្នោតគាំទ្រ លោក​Kevin McCarthy បាន​ធ្វើសម្បទាន​ជាច្រើន ដូចជា​យល់ព្រម​ឲ្យមានច្បាប់​ដើម្បីបណ្តេញ​ប្រធានរដ្ឋសភាចេញពីតំណែង។ ប៉ុន្តែ សមាជិកបក្ស​សាធារណរដ្ឋ​ដែលមាននិន្នាការ​អភិរក្ស​និយមជ្រុល និង​ជាអ្នកគាំទ្រ​អតីតប្រធានាធិបតីលោកដូណាល់ ត្រាំ នៅតែ​មិនទុកចិត្ត និង​សន្យា​ផ្លាស់ប្តូរ​ប្រពៃណីបោះឆ្នោត​នៅ​រដ្ឋសភា ។

គ្មានការគាំទ្រ​ពីក្រុមលោក​ដូណាល់​ ត្រាំ បេក្ខជន​នាំមុខរបស់​បក្ស​សាធារណរដ្ឋ លោក​Kevin McCarthy នៅតែ​គ្មានទម្ងន់ឆ្នោត​ដើម្បី​ចូលកាន់តំណែង​ប្រធានរដ្ឋសភា។

ជាលទ្ធផល អាមេរិក​នៅតែ​គ្មាន​ប្រធានរដ្ឋសភា ដែលជា​មនុស្ស​មានអំណាច​សំខាន់​ទី​៣ នៅអាមេរិក បន្ទាប់ពី​ប្រធានាធិបតី និង​អនុប្រធានាធិបតី។

គ្មានប្រធានរដ្ឋសភា សមាជិករបស់​សភាអាមេរិក​ក៏មិនអាច​ស្បថចូលកាន់តំណែង ដែលជា​ហេតុធ្វើ​ឲ្យ​សភាអ្នកតំណាងរាស្ត្រអាមេរិក​ត្រូវជាប់គាំង មិនអាច​ពិភាក្សា បោះឆ្នោតអនុម័ត​ច្បាប់។

នៅក្នុង​រយៈពេល ១៦០ឆ្នាំ នេះជា​លើកទី១ នៅក្នុងប្រវត្តិសាស្រ្ត​អាមេរិក ដែលដំណើរការរដ្ឋសភា​ត្រូវជាប់គាំង ដោយសារ​ការខ្វែងគំនិតគ្នាក្នុងការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាថ្មី​។ កាលពី​១៦៦ឆ្នាំមុន នៅ​ឆ្នាំ ១៨៥៦ សមាជិកសភា​បាន​បោះឆ្នោត១៣៣​ដង ក្នុង​រយៈពេល ២ខែ ទម្រាំឯកភាពគ្នាលើ​ឈ្មោះបេក្ខជន​ដែលត្រូវ​ធ្វើ​ជា​ប្រធានរដ្ឋសភា។

នៅ​ថ្ងៃ​ពុធ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​បាន​ចាត់ទុក​ព្រឹត្តិការណ៍​នៅរដ្ឋសភា​ថា ជា​រឿងគួរឲ្យ​រំខាន និង​ថា ពិភពលោក​កំពុង​តាមដាន​ដោយយកចិត្តទុក ភាពរញ៉េរញ៉ៃ​នៅ​សភាអាមេរិក។ មិនចុះសម្រុងគ្នា​ដើម្បី​រើសប្រធានរដ្ឋសភាថ្មី គណបក្សសាធារណរដ្ឋ​នៅតែអ​សមត្ថភាព​ដើម្បី​បើកការស៊ើបអង្កេត​ប្រឆាំង​រដ្ឋបាល​លោកចូ បៃដិន​ ដូចការដៅទុករបស់ខ្លួន៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ