អានតួអត្ថបទ

ការពារព្រៃឈើ​អាម៉ាហ្សូន ​ជួយកាត់បន្ថយការបំពុលបរិយាកាស និងជួយបង្ការការរីករាលជំងឺ

នៅក្នុង​វិស័យ​បរិស្ថាន​អាកាសធាតុនិងប្រព័ន្ធ​​ជីវចម្រុះ គឺគេ​គ្រប់​គ្នា​​សុទ្ធតែ​បាន​ទទួល​ស្គាល់​ពី​សារៈ​​ប្រយោជន៍ព្រៃឈើនៅតំបន់អាម៉ាហ្សូន​។ ក៏ប៉ុន្តែ  ការការពារតំបន់​ព្រៃឈើ​នៅ​ប្រទេស​ប្រេស៊ីលនេះ គឺ​ថែមទាំង​បាន​ជួយ​កាត់បន្ថយការបំពុលបរិយាកាស និង​ជួយបង្ការការរីករាលជំងឺ រាប់​ពាន់​ជំងឺ​ក្នុង​១ឆ្នាំៗ។ នេះបើតាម​ការសិក្សា​​របស់​អ្នក​ជំនាញបរិស្ថាន​អាកាសធាតុ​ ដែល​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍។​​​

ទិដ្ឋភាព​ផ្នែក​ខ្លះ​នៃព្រៃ​អាម៉ាហ្សូន។
ទិដ្ឋភាព​ផ្នែក​ខ្លះ​នៃព្រៃ​អាម៉ាហ្សូន។ AP - Leo Correa
ផ្សាយពាណិជ្ជកម្ម

ទស្សនាវដ្តីវិទ្យាសាស្ត្រ ស្តីពី ទំនាក់ទំនង​ផែន​ដី​និង​បរិស្ថាន​ បា​នសរសេរបញ្ជាក់ថា​ ការ​ថែរក្សា​ដែន​ដី​របស់​ជន​ជាតិ​ភាគតិច ជា​ដី​ព្រៃ​នៅ​ក្នុង​តំបន់​អាម៉ាហ្សូន គឺ​អាច​ចូលរួម​ជួយ​បញ្ជ្រៀសការ​រីករាលជំងឺ ជាង​១៥លាន​ករណី​​ជំងឺ​ផ្លូវ​ដង្ហើម​និង​ប្រភេទជំងឺ​សរសៃឈាមបេះដូង។ ហើយ​ក្នុង​១​ឆ្នាំៗ គេ​អាច​នឹង​សន្សំ​សំចៃ​ការ​ចំណាយ​លុយ​កាក់​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ទាំង​នោះ ដែល​អាច​រក្សា​កញ្ចប់​ថវិកា ២ ពាន់​លាន​ដុល្លារ។​

ការ​អះអាង​ដូច្នេះ គឺ​បន្ទាប់ពី​ក្រុម​អ្ន​កស្រាវជ្រាវ​អន្តរជាតិ​​១ក្រុម បាន​វិភាគ​ទិន្នន័យ​ ក្នុង​រយៈ​ពេល​១០ឆ្នាំ​ សិក្សាពី​ទំនាក់​ទំនង​រវាង​ការ​បំពុល​ខ្យល់​ សុខភាព និង​ព្រៃឈើ​​នៅ​តំបន់​ត្រូនិក ដែល​ឋិត​នៅក្រោម​បរិបទ​បំផ្លិច​បំផ្លាញយ៉ាងគំហុក​នៅទូទាំង​ពិភពលោក​។​

ការ​សិក្សា​បាន​គូស​បង្ហាញ​យ៉ាង​ច្បាស់​ចំពោះករណី​ភ្លើង​ឆេះ​ព្រៃ​កើត​ចេញពី​ចេតនា​មនុស្ស ដែល​ដុត​ដើម្បី​យក​ដីធ្វើ​កសិកម្ម វា​ធ្វើ​ឲ្យ​បាត់​បង់​ព្រៃឈើ ឈើដែល​ជួយ​ស្រូបច្រោះ​​យក​ជាតិ​ពុល​ ហើយ​កាលណា​បាត់​បង់ព្រៃឈើ ជាតិ​ពុល​ក្នុង​ផ្សែង​និង​ក្នុង​បរិយាកាស បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ។​

ការ​សិក្សា​នេះ​ទូទាត់​ថា​ បើ​គិត​ជា​តួលេខ​តាម​ផ្នែក​សេដ្ឋកិច្ច ការបាត់​បង់​ព្រៃ​១ហិកតា​ គឺ​ដូច​ជា​ខាត​បង់​ថវិកា​ ២ លាន​ដុល្លារ។ ​ដូច្នេះ​ ដើម្បី​ទប់​ស្កាត់​​ករណី​ភ្លើង​ឆេះ​​ព្រៃ លោក​ Paula Prist មកពី​អង្គការ​ Eco Health Alliance នៅ​ញ៉ូវយក និងជា​អ្ន​កសរសេរ​របាយការណ៍​សិក្សា​នេះ​ម្នាក់ដែរ​ បាន​ជូន​យោបល់ថា «ត្រូវ​តែ​កាត់​បន្ថយ​ការ​បំផ្លាញ​ព្រៃឈើ​ជាចាំបាច់​និងជាបន្ទាន់ ហើយ​ត្រូវ​ពង្រឹង​ច្បាប់​ការពារ​បរិស្ថាន​ ព្រ​មទាំង​​បន្ថែម​ទម្ងន់​ទោស​ចំពោះ​បទល្មើស​ព្រៃឈើ»​។

សូមជម្រាបថា រដ្ឋាភិបាលប្រេស៊ីល​​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី លូឡា ដា ស៊ីវា (Lula da Silva) បាន​សន្យា​ចូលរួម​ខ្នះខ្នែង​រក្សា​ការពារព្រៃឈើនៅតំបន់អាម៉ាហ្សូន។ លោក​ លូឡា ក៏​​បាន​សន្យា​ដែរកាលពី​ខែមីនា ថា​នឹង​ធ្វើ​ច្បាប់​បទដ្ឋានគតិយុត្តិ អនុញ្ញាត​ប្រគល់​ឯកសិទ្ធិ​ឲ្យ​ក្រុម​ជន​ជាតិ​ភាគតិច ជាអ្ន​កថែរក្សា​និង​មើលការ​ខុសត្រូវ​ព្រៃ​ឈើ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់​នៅ។ អ្នក​បរិស្ថាន​សង្កេតឃើញ​ថា​ សេចក្តីប្តេជ្ញាចិត្ត​បែបនេះ គ្មាន​ទេ នៅក្រោម​អាណត្តិ​ដឹកនាំ​របស់​ប្រមុខរដ្ឋ​ចាស់ លោក Jair Bolsonaro៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ