អានតួអត្ថបទ
អាមេរិក-តៃវ៉ាន់

អាមេរិក និងតៃវ៉ាន់ចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៅក្រោមការបើកភ្នែកសម្លក់របស់ចិន

នៅ​សហរដ្ឋអាមេរិក អ្នកទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​របស់​សេតវិមាន​បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១ មិថុនា​ថា អាមេរិក និង​តៃវ៉ាន់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​គ្នា។ កិច្ចព្រមព្រៀង​ដែល​មាន​ឈ្មោះ « គំនិត​ផ្តួចផ្តើម​អាមេរិក តៃវ៉ាន់​សម្រាប់​ពាណិជ្ជកម្ម​សតវស្សរ៍ទី២១ » ត្រូវ​បាន​រដ្ឋាភិបាល​តៃវ៉ាន់​ចាត់​ទុក​ជា​ប្រវត្តិសាស្រ្ត និង​ជា​ការ​ចាប់​ផ្តើម​ថ្មី។ តែ​ចិន​ដីគោក​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត និង​បាន​ព្រមាន​អាមេរិក​ជា​ថ្មី។

អាមេរិក និងតៃវ៉ាន់ចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៅក្រោមការបើកភ្នែកសម្លក់របស់ចិន
អាមេរិក និងតៃវ៉ាន់ចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៅក្រោមការបើកភ្នែកសម្លក់របស់ចិន AP - Damian Dovarganes
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តៃវ៉ាន់​ជា​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​វិទ្យាសា្ថន​អាមេរិក​ប្រចាំ​ក្រុង​តៃប៉ិក និង​ការិយាល័យ​តំណាង​សេដ្ឋកិច្ច និង​វប្បធម៌​តៃវ៉ាន់​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន។ តែ​ទំរាំ​ទទួល​បាន​កិច្ចព្រមព្រៀង​ទ្វេភាគី​មួយ​នេះ ភាគី​ទាំង​ពីរ​បាន​ផ្តើម​ចរចា​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០២២ មក​ម្ល៉េះ។ តាម​ពិត អាមេរិក និង​តៃវ៉ាន់​បាន​ចងសម្ព័ន្ធ​គ្នា​តាំង​ពី​ឆ្នាំ ១៩៩៤ តាម​រយៈ​ក្របខ័ណ្ឌ​មួយ​សម្រាប់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ។ បន្ទាប់​មក វត្តមាន​របស់​តៃវ៉ាន់​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចាប់​ពី​ឆ្នាំ ២០០២ បាន​រួម​ចំណែក​ដល់​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​អាមេរិក តៃវ៉ាន់។

តែ​សម្រាប់​ក្រុង​តៃប៉ិក កិច្ចព្រមព្រៀង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពេល​នេះ​ជា​កិច្ចព្រមព្រៀង​ដ៏​ពេញលេញ និង​ទូលំទូលាយ​បំផុត​ជាមួយ​អាមេរិក​គិត​តាំង​ពី​ឆ្នាំ ១៩៧៩។ តាម​រយៈ​កិច្ចព្រមព្រៀង​ថ្មី​មួយ​នេះ អាមេរិក និង​តៃវ៉ាន់​អាច​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​រឹត​តែ​ខ្លាំង​បន្ថែម​ទៀត។ តែ​ចិន​ប៉េកាំង​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត និង​បាន​ព្រមាន​អាមេរិក​ជា​ថ្មី។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ម៉ាវ នីង​បាន​អះអាង​ថា អាមេរិក​មិន​ត្រូវ​បញ្ជូន​សញ្ញា​ខុស​ទៅ​កាន់​កម្លាំង​អ្នកឯករាជនិយម​តៃវ៉ាន់​ដោយ​យក​ពាក្យ « ពាណិជ្ជកម្ម »ដាក់​ពី​មុខ​ទេ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​សម្លឹង​ដោយ​ភាព​ខឹងសម្បារ​ចំពោះ​ការ​រំកិល​ជិត​គ្នា​រវាង​អាមេរិក និង​តៃវ៉ាន់ នោះ​បើ​ទោះ​បី​ជា​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តៃប៉ិក​គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​គ្នា​ក៏​ដោយ។ អាមេរិក​ជា​ដៃគូ​ដ៏​សំខាន់​បំផុត​របស់​តៃវ៉ាន់ និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ឲ្យ​តៃវ៉ាន់។ គួរ​បញ្ជាក់​ថា ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន។ ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​ចិន​របស់​លោក​ស៊ី ជីនពីង​ជាង ១០ឆ្នាំ​កន្លង​ទៅ ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់​ដែល​បាន​ធ្លាក់​ទាប​ខ្លាំង​បាន​ស្គាល់​ភាព​យ៉ាប់យឺន​ថែម​ទៀត​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ