អានតួអត្ថបទ
ឥណ្ឌា-Musk

មហាសេដ្ឋី Musk ជួប​លោក​ម៉ូឌី ដើម្បី​ជជែកអំពី​ការ​វិនិយោគ​នៅឥណ្ឌា

បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេសចិន និង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង នៅក្រុង​ប៉េកាំង ​នៅថ្ងៃពុធ​ទី ២១​មិថុនា​នេះ អគ្គនាយក​ក្រុមហ៊ុន​តេស្លា និង​ម្ចាស់​ក្រុម​ហ៊ុន​ទ្វីតទ័រ លោក អេឡិន មឺស (Elon Musk) បានជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ដែលកំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិកម្តង។ ​បើ​តាម​លោក​មហាសេដ្ឋី ជំនួប​ពិភាក្សា​ ផ្តោត​ទៅ​លើ​ការ​វិនិយោគ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modiជួប​ជជែក​ជាមួយ​លោក Elon Musk នៅ​ញួវយ៉ក ថ្ងៃទី ២០ មិថុនា​២០២៣
លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modiជួប​ជជែក​ជាមួយ​លោក Elon Musk នៅ​ញួវយ៉ក ថ្ងៃទី ២០ មិថុនា​២០២៣ AP
ផ្សាយពាណិជ្ជកម្ម

តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ឥណ្ឌា​បាន​លា​កម្រាលព្រំ​ក្រហម​ស្វាគមន៍​អ្នក​វិនិយោគ​និង​ក្រុមហ៊ុនធំៗ​នៅលើ​ពិភពលោក​ មាន​ជា​អាទិ៍​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​Google និង​Apple។ ក្រុមហ៊ុន​ជា​ច្រើន​ក៏​នាំ​គ្នា ជ្រើសរើស​ទៅ​តាំងទី​ដាក់​វត្តមាន​នៅ​ឥណ្ឌា​ដែរ តាំង​ពី​ផ្ទុះ​វិបត្តិ​កូវីដ​មក​ ព្រោះ​មើល​ឃើញ​ទីផ្សារ​ដ៏​ធំ​​របស់​ប្រទេស​ផង និង​ចង់​កាត់​បន្ថយ​ភាព​រំពឹង​លើ​ចិន​ផង។ នៅថ្ងៃនេះ ឥណ្ឌាស្រវា​អោប​មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុនតេស្លា និង​ទ្វីតទ័រ។

គ្រាន់​តែ​ទៅ​ដល់​ទីក្រុង​ញូវយ៉ក ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅសហរដ្ឋ​អាមេរិក លោក​នាយករដ្ឋមន្ត្រី​ម៉ូឌី បាន​ចូល​រួមក្នុង​កម្មវិធី​​​ជំនួប​ប្រជុំ​ដ៏​ធំ​ ជាមួយ​លោកអេឡិន មឺស​ ​​ភ្លាម​។ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​​ជំរុញ​ឱ្យមាន​​វិនិយោគ​ដ៏​សំខាន់មួយ​នៅឥណ្ឌា។ មហាសេដ្ឋី​ មឺស ដែល​តាំង​ខ្លួន​ជាអ្នក​ចូលចិត្ត​​លោក​ម៉ូឌី ក៏​បាន​បង្ហាញ​ឆន្ទៈ​ចង់​ទៅ​វិនិយោគ​នៅឥណ្ឌា​ដែរ ដោយ​គ្រាន់​តែ​រង់​ចាំ​រក​ឱកាស​ល្អ​តែ​ប៉ុណ្ណោះ។

​លោក​មឺស សំឡឹង​ឃើញ​អនាគត​ដ៏​ភ្លឺស្វាង​របស់​ឥណ្ឌា ដែល​ប្រទេស​គួរ​ឱ្យ​ទាក់ទាញ​ដូច​បណ្តា​ប្រទេស​ធំៗ​ផ្សេង​ទៀត​នៅលើ​ពិភពលោក​។ ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​ទ្វីតទ័រ​ ត្រូវ​ប្រឈម​នឹង​ ​សកម្មជន​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ  ដោយ​សុខ​ចិត្ត​លុប​តាម​សំណើ​​រដ្ឋាភិបាល​ឥណ្ឌា​ នូវ​រាល់​ការ​បង្ហោះ​សាររិះគន់​។

ក្រុម​អ្នក​​រិះគន់​បាន​ចោទ​រដ្ឋាភិបាល​លោក​ម៉ូឌី​​ ថា​នាំ​ឥណ្ឌា​ឱ្យ​ធ្លាក់​ដើរ​ថយក្រោយ​ក្នុង​ផ្នែក​ប្រជាធិបតេយ្យ ដោយ​កំរិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និងដោយ​មិន​អាច​គ្រប់គ្រង​ការ​វាយប្រហារ​លើ​អ្នក​សារព័ត៌មាន​និង​ជនជាតិ​ភាគតិចឱ្យ​បាន​ត្រឹម​ត្រូវ។ កាលពី​សប្តាហ៍មុន លោក ជេក ដ័រសី Jack Dorsey ស្ថាបនិក​និង​ជា​អតីត​អគ្គនាយក​ក្រុមហ៊ុន​Twitter បាន​ប្រកាស​ថា​បណ្តាញ​សង្គម​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ​ឥណ្ឌា​​កំពុង​កាន់​អំណាច។ រដ្ឋមន្ត្រី​ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន បាន​ឆ្លើយ​តប​វិញ​ដោយ​ចោទ​ទ្វីតទ័រ​ថា​រំលោភ​ច្បាប់​មូលដ្ឋាន​ដដែល​ញយ​ដង​ណាស់។

បើ​តាម​ទ្វីតទ័រ ឆ្នាំ​ទៅ​ ឥណ្ឌា​ជាប់​ចំណាត់​លេខ​បួនពិភពលោកបន្ទាប់​ពី​ជប៉ុន រុស្ស៊ី និង​តួកគី ខាង​បាន​ស្នើ​សុំ​​ដោយ​រដ្ឋាភិបាល ឱ្យ​លុប​សារ​បង្ហោះ​លើ​បណ្តាញ​Twitter៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ