អានតួអត្ថបទ
អាមេរិក-ចិន

លោក ចូបៃដិន បញ្ចូល​ លោក​ស៊ីជិនពីង ក្នុង​ចង្កោម​មេដឹកនាំ​ផ្តាច់ការ

សញ្ញា​នៃ​ភាព​ធូរ​ស្បើយ ​លេច​ឡើង​តែ​មួយ​ភ្លែត ក៏​​​រលុប​ទៅវិញបាត់។ គ្រាន់​តែ​ប្រមុខ​ការទូត​អាមេរិក​បញ្ចប់​ទស្សនកិច្ច​នៅប៉េកាំង​ រួច​ត្រលប់​ទៅដល់​ផ្ទះ​មិន​ទាន់ស្រួលបួល​ផង ប្រធានាធិបតី​អាមេរិក​ លោក ចូ បៃដិន បាន​ចាត់​បញ្ចូល​ប្រធានាធិបតី​ចិន លោក ស៊ី​ ជីនពីង ទៅ​ក្នុង​ចំណោម​មេដឹកនាំ ផ្តាច់ការ។ លោក​បៃដិន ថ្លែង​ដូច្នេះ​ នា​ឱកាស​ជួប​ជាមួយ​ក្រុម​អ្នក​ផ្តល់​អំណោយ​ដល់​បក្ស​ប្រជាធិបតេយ្យ តែក៏មាន​អ្នក​កាសែត​ចូល​រួម​ជា​ច្រើន​នាក់​ដែរ។

លោក ចូបៃដិន បញ្ចូល​ លោក​ស៊ីជិនពីង ក្នុង​ចង្កោម​មេដឹកនាំ​ផ្តាច់ការ
លោក ចូបៃដិន បញ្ចូល​ លោក​ស៊ីជិនពីង ក្នុង​ចង្កោម​មេដឹកនាំ​ផ្តាច់ការ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

សំដី​របស់លោក ចូ បៃដិន ជា​ការ​បង្ក​ហេតុ​នយោបាយ។ នេះ​ជា​ប្រតិកម្ម​របស់​អ្នក​នាំពាក្យ​ការបរទេស​ចិន លោកស្រី ម៉ៅ និង។ លោក​ស្រី​បាន​ប្រកាស​ទៅ​កាន់​អ្នក​សារព័ត៌មាន​ទៀត​ថា ​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក ប្រើ​ភាសា​បែប​ល្ងីល្ងើ គ្មាន​ទំនួល​ខុស​ត្រូវ​ ខុស​ការ​ពិត​ ផ្ទុយ​នឹង​នយោបាយ​ការទូត​ ហើយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភាព​ថ្លៃ​ថ្ងូរ​នៃ​នយោបាយ​ចិន​ខ្លាំងណាស់។

នៅយប់​មិញ ក្នុង​កម្មវិធី​ជួប​ជុំ​​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រមូលមូលនិធិ​មក​​ទ្រទ្រង់​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីអាណត្តិទីពីរ នាពេល​ខាង​មុខ ​លោក​ចូបៃដិន​ធ្លោយ​ប្រើពាក្យ​ ក្នុង​ន័យ​ចាត់​បញ្ចូ​ល លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ក្នុង​ចង្កោម​ប្រមុខ​ដឹកនាំ​ផ្តាច់ការ។ ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​អ្នក​គាំទ្រ​ផ្តល់​ជំនួយ​ធំ លោក​បៃដិន បាន​ត្រលប់​ទៅ​ពន្យល់​អំពី​ហេតុការណ៍​បាល់ឡុងចារកិច្ច​ចិនហោះចូល​ដែន​អាកាសអាមេរិក​ថា នៅពេល​លោក​បញ្ជា​ឱ្យ​កម្ទេច​បាល់ឡុង​ចិន​នោះ លោកស៊ីជិនពីង​ខឹង​សម្បារ​ខ្លាំង មកពីលោក​មិន​ដឹង​ថា​បាល់ឡុង​ផ្ទុក​គ្រឿង​ចារកិច្ចនៅ​ឯណា។ ពិត​ជា​គួរ​ឱ្យ​អៀន​​ណាស់ ដែល​មេដឹកនាំ​ផ្តាច់ការ​មិន​ដឹង​ការ​ដូច្នេះ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ចូ បៃដិន​ ដោយបន្ថែម​ទៀត​ថា នៅពេល​បាល់ឡុង​ធ្លាក់​ហើយ លោកស៊ីជិនពីង​ទើសទាល់​ខ្លាំង ហើយ​​​ប្រឹង​បដិសេធ​ទៀត។

ដោយ​លើក​ឡើង​អំពី​ចំណុច​ខ្ទាស់​ជាមួយ​ចិន​ផ្សេង​ទៀត លោក​ប្រធានាធិបតី​អាមេរិក​បាន​អះអាង​ថា ​ស្ថានភាព​បានឈាន​ដល់​ដំណាក់​កាលមួយ​ដែល​លោកស៊ីជីនពីង​ចង់​រៀប​​ទំនាក់ទំនងថ្មី​រវាង​​ចិន​អាមេរិក តែ​​គេ​ទំនង​ត្រូវ​ការ​ប្រើពេល​យូរ​បន្តិច​ហើយ ទម្រាំ​អាច​បន្ធូរភាព​ភាព​តាន​តឹង​រវាង​មហាអំណាច​ទាំងពីរ​បាន។ តែ​គ្មាន​អ្វី​គួរ​ព្រួយ​បារម្ភទេ ព្រោះ​ចិន​កំពុងមាន​បញ្ហា​សេដ្ឋកិច្ច​ខ្លាំងណាស់ ! នេះ​បើ​តាម​​លោក​បៃដិន​ដដែល​ ដែល​យល់​ថា លោក អង់តូនី ប្លីងកិន ធ្វើ​ការបាន​ល្អ​ ពេល​នៅចិន។ ​ទស្សនកិច្ចពីរ​ថ្ងៃ​របស់​លោកប្រមុខ​ការទូត​អាមេរិក​នៅប៉េកាំង បាន​តម្រែតម្រង់​​ទំនាក់ទំនង​ចិន-អាមេរិក​ឱ្យ​នឹង​ឡើង​វិញ​បន្តិច ប៉ុន្តែ​ប្រសាសន៍​លោក​បៃដិន​យប់មិញ​ មិនមែន​ជាការ​​ជួយ​ចូកជួយ​ចែវទេ។​

នេះ​មិន​មែន​ជា​លើក​ទីមួយទេ ដែល​លោក ចូ បៃដិន ប្រើពាក្យមិន​គួរ នៅពេល​ជួប​ជុំ​ក្នុង​ក្រុម​ជំនិត ដោយ​​គ្មាន​កាមេរ៉ា គ្មាន​មីក្រូ គ្មាន​ម៉ាស៊ីនថត មាន​តែ​អ្នក​កាសែត​ដែល​អាច​ស្រង់​សំដី​របស់​លោក​មក​ផ្សព្វផ្សាយបាននោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ