អានតួអត្ថបទ

គ្រោះថ្នាក់ទីតាន៖កាណាដាផ្តើមការស៊ើបអង្កេត ខណៈដែល OceanGate ជាប់សង្ស័យពីការធ្វេសប្រហែសផ្នែកសុវត្ថិភាព

២ថ្ងៃ​ក្រោយ​ការ​រក​ឃើញ​បំណែក​នាវា​មុជទឹក​ទេសចរណ៍​ទីតាន និង​ការ​ស្លាប់​អ្នក​ដំណើរ​ទាំង ៥នាក់​មក ការ​រិះគន់​កំពុង​បន្ត​មាន​ទាក់ទង​នឹង​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន OceanGate ដែល​ជា​ម្ចាស់។ ព័ត៌មាន​ដែល​កំពុង​បន្ត​លេច​ឡើង​បង្ហាញ​ថា សហស្ថាបនិក OceanGate លោក Stockton Rush ដែល​បាន​ស្លាប់​ដែរ​នោះ​មិន​បាន​អើពើ​នឹង​ការ​ព្រមាន​ពី​ក្រុម​ការងារ​របស់​គាត់ និង​អ្នកជំនាញ​ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​របស់​ទីតាន។ ដោយឡែក​ក្នុង​ថ្ងៃ​សៅរ៍ ទី២៤ មិថុនា កាណាដា​បាន​ផ្តើម​បើក​ការ​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​របស់​ទីតាន។

នៅក្នុង​គ្រោះថ្នាក់ទីតាន កាណាដាផ្តើមការស៊ើបអង្កេត ខណៈដែល OceanGate ជាប់សង្ស័យពីការធ្វេសប្រហែសផ្នែកសុវត្ថិភាព។
នៅក្នុង​គ្រោះថ្នាក់ទីតាន កាណាដាផ្តើមការស៊ើបអង្កេត ខណៈដែល OceanGate ជាប់សង្ស័យពីការធ្វេសប្រហែសផ្នែកសុវត្ថិភាព។ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ការ​ស៊ើបអង្កេត​របស់​កាណាដា​ធ្វើ​ឡើង​ដោយ​ការិយាល័យ​សន្តិសុខ​ដឹកជញ្ជូន​ហៅ​កាត់​ជា​ភាសា​បារាំង BST។ នៅ​កាណាដា BST ជា​ស្ថាប័ន​ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​ផ្លូវអាកាស ផ្លូវដែក និង​ផ្លូវទឹក។ ចំណែក​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត​របស់ BST មិនមែន​សំដៅ​ស្វែង​វែក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ស៊ីវិល ឬ​ព្រហ្មទណ្ឌ​ជា​យថាហេតុ​ទេ តែ​ក្នុង​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​ផ្នែក​ដឹកជញ្ជូន។ តាម​ធម្មតា ការ​ស៊ើបអង្កេត​ត្រូវ​ប្រើ​ពេល​ពី ១៨ខែ​ទៅ ២៤ខែ។ តែ​ប្រធាន​ស្ថាប័ន BST លោកស្រី Kathy Fox បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី២៤ មិថុនា​ថា BST នឹង​ព្យាយាម​ពន្លឿន​ការ​ស៊ើបអង្កេត​ក្នុង​រឿង​គ្រោះថ្នាក់​នាវាមុជទឹកទីតាន ព្រោះ​គ្រប់​គ្នា ពិសេស​គ្រួសារ​ជនរងគ្រោះ​កំពុង​ចង់​ដឹង​ការ​ពិត។ តាម​លោកស្រី Kathy Fox ការ​ស៊ើបអង្កេត​របស់​ក្រុម​ការងារ BST ធ្វើ​ការ​សិក្សា​នៅ​ទីកន្លែង​កើត​ហេតុ លើ​បំណែក​នាវាទីតាន ជួប​សួរ​សាក្សី និង​ប្រមូល​គ្រប់​ព័ត៌មាន​សំខាន់ៗ។

ទន្ទឹម​នឹង​ការ​ស៊ើបអង្កេត​របស់​ស្ថាប័ន BST មាន​ការ​ស៊ើបអង្កេត​មួយ​ទៀត​ដែល​ធ្វើ​ឡើង​ដោយ​កងរាជអាវុធហត្ថ​កាណាដា​ហៅ​កាត់​ជា​ភាសា​បារាំង GRC។ ការ​ស៊ើបអង្កេត​របស់ GRC គឺ​ពិនិត្យ សិក្សា​លើ​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​អ្នកដំណើរ​ទាំង ៥នាក់​នៅ​ក្នុង​នាវាមុជទឹក​ទីតាន។ ដោយឡែក ខណៈ​ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​នៃ​គ្រោះថ្នាក់​របស់​ទីតាន មាន​លេច​ឡើង​នូវ​ព័ត៌មាន​ដែល​ថា សហស្ថាបនិក OceanGate លោក Stockton Rush ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​គ្រោះថ្នាក់​មិន​បាន​អើពើ​នឹង​ការ​ព្រមាន​ពី​ក្រុម​ការងារ​របស់​គាត់ និង​អ្នកជំនាញ​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​របស់​ទីតាន។ គួរ​រម្លឹក​ថា ទីតាន​ជា​នាវាមុជទឹកទេសចរណ៍​ដែល​នាំ​អ្នក​ចង់​ចុះ​ទៅ​មើល​បំណែក​នាវា​ទីតានិក​នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក​ខាង​ជើង​ក្នុង​ជម្រៅ ៤ ០០០ម៉ែត្រ។

ក្រោយ​ពី​បាន​បាត់​ខ្លួន​នា​រសៀល​ថ្ងៃ​អាទិត្យ ទី១៨ មិថុនា ឧត្តមនាវី​ទោ​អាមេរិក​លោក​ចន ម៉ូហ្គឺរ​ដែល​ជា​អ្នក​ដឹកនាំ​ប្រតិបត្តិការ​ស្វែង​រក​ទីតាន​បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២២ មិថុនា​ពី​ការ​រក​ឃើញ​បំណែក​ទីតាន​ដែល​ស្ថិត​ចម្ងាយ​ប្រមាណ ៥០០ម៉ែត្រ​ពី​បំណែក​នាវា​ទីតានិក។ តាម​លោក​ម៉ូហ្គឺរ ទីតាន​ទំនង​ជា​បែក​ដោយ​រង​សម្ពាធ​ទឹក និង​ថា អ្នក​ដំណើរ​ទាំង​៥​នាក់​បាន​ស្លាប់​ទាំង​អស់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ