អានតួអត្ថបទ

ប្រធានាធិបតី​ ចូ បៃដិន បញ្ចេញ​ជំហរ​​ជំទាស់​ជា​ខ្លាំង​នឹងការ​សម្រេច​របស់​តុលាការ​កំពូល​អាមេរិក

ពីថ្ងៃ​ព្រហស្បតិ៍ ​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន បាន​រិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលតម្រូវឲ្យគ្រឹះស្ថានឧត្តមសិក្សាបញ្ឈប់ការយកកត្តាជាតិសាសន៍ជាលក្ខខណ្ឌជ្រើសរើសនិស្សិត។ ​​គោលការណ៍​នេះ​ ​ធ្លាប់តែជានយោបាយបានផ្តល់​ជាប្រយោជន៍ដល់ជនជាតិអាមេរិកមិនមែនស្បែកស និងបាន​អនុវត្ត​ក្នុង​ក្របខណ្ឌ​សិទ្ធិពលរដ្ឋ​តាំងពីអំលុង​ឆ្នាំ១៩៦០ ។ ​​កាល​ណោះ បណ្តាសកលវិទ្យាល័យ​អាមេរិក​ជាច្រើន បាន​ផ្តើម​ជ្រើសរើស​និស្សិតឲ្យ​ចូលរៀន និង​ផ្តល់​ចំនួន​កូតា​និស្សិត ដោយគិតគូរពី​ប្រភព​កត្តា​សង្គម​គ្រួសារ​របស់​និស្សិត គិត​ពី​ក្រុម​ជាតិ​ពន្ធុ ដែល​ធ្វើ​ដូច្នេះគឺដើម្បី​រួម​ចំណែក​កាត់​បន្ថយ​វិសមភាព​សង្គម​នៃ​អ្ន​ករៀន​សូត្របាន​ខ្ពស់​ សុទ្ធតែ​ស្បែក​ស​។ តាមរយៈ​គោលការណ៍​នេះ គឺ​បាន​ជំរុញ​ឲ្យ​និស្សិត​អាមេរិក​ ស្បែក​ខ្មៅ ដើមកំណើត​អាហ្វ្រិក ​អាមេរិកឡាទីន និង​ឥណ្ឌា បាន​ទទួល​ការ​បណ្តុះ​បណ្តាល​វិទ្យា​ជាន់​ខ្ពស់​ យ៉ាងច្រើន​សន្ធឹក។​

ប្រធានាធិបតីអាមេរិក ចូ បៃដិន ​បានបញ្ចេញមតិជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការកំពូល នៅថ្ងៃទី​២៩មិថុនា។
ប្រធានាធិបតីអាមេរិក ចូ បៃដិន ​បានបញ្ចេញមតិជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការកំពូល នៅថ្ងៃទី​២៩មិថុនា។ REUTERS - JONATHAN ERNST
ផ្សាយពាណិជ្ជកម្ម

នាថ្ងៃព្រហស្បតិ៍ ទី​២៩មិថុនា តុលាការ​កំពូល​អាមេរិក បាន​ចេញ​សេចក្តី​សម្រេច​លុបចោល​គោលណ៍​នេះ​ ដោយមាន​ចៅក្រម​៦ក្នុង​ចំណោម​៩នាក់​ ​យល់​ស្រប។ សាលដីកា​ថ្មីនេះ ត្រូវ​ពលរដ្ឋ​អាមេរិក​ខ្លះ ចាត់ទុកថា​«ប្រាសចាកពី​រដ្ឋធម្មនុញ្ញ» និងបំផុស​ឲ្យ​មាន​បាតុកម្ម​ខឹង​តវ៉ា​ នៅ​មុខ​សាលាជម្រះក្តីកំពូល​​ទៀត​ផង។​ ទន្ទឹម​នឹងគ្នា​នេះ ​ប្រធានាធិបតីអាមេរិក ចូ បៃដិន​ ក៏​បញ្ចេញ​មតិ​ជំទាស់​​នឹង​សេចក្តី​សម្រេច​របស់​តុលាការកំពូល​នេះ​​ដែរ។ ​

«ខ្ញុំ​យល់​ថា សកលវិទ្យាល័យ​សហរដ្ឋអាមេរិក​ កាន់តែ​ខ្លាំងពូកែ ប្រសិន​បើ​មានភាព​​​​ចម្រុះ​​គ្នា។​ ប្រជាជាតិ​យើង​ខ្លាំងក្លាទៅបាន ដោយសារតែ​យើង​អាច​បញ្ចេញទេពកោសល្ល​សមត្ថភាព​ពេញលេញ​បម្រើ​ជាតិ​នេះ។

ខ្ញុំ​ជឿជាក់ដែរថា ទោះបី​ជា មានការ​បញ្ចេញ​ទេពកោសល មាន​គំនិត​ច្នៃប្រឌិត និងប្រឹងប្រែងធ្វើការងារ​​ក្តី ប៉ុន្តែ យើង​នៅ​មិនទាន់​មាន ​សមភាព​និង​ឱកាស​ស្មើភាព​គ្នា ទេ។​ ក្នុង​ប្រទេសនេះ សមភាព​ ​​មិនទាន់​មាន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ទេ ។

ដូច្នេះ យើង​មិនត្រូវ​បណ្តោយ​ឲ្យតុលាការ​សម្រេច​បិទផ្លូវបែបនេះឡើយ​។​ ហើយបើ​ទោះជា តុលាការ​សម្រេច​បែបនេះទៅហើយ​ក្តី ក៏​វា​មិន​អាច​កែប្រែ​អ្វី​ដែល​កំពុងតែ​មាន​នៅ​អាមេរិក​ដែរ។ អាមេរិក​ ជាទីឋាន​ពោរពេញ​ដោយ​គំនិត​ ជាបណ្តុំ​គំនិត​ពិសេស​ប្លែក​ដាច់​គេ។​ គំនិត​នៃក្តីសង្ឃឹម នៃ​ឱកាស និង​លទ្ធភាពយ៉ាង​សម្បូរបែប ដែល​អាច​ផ្តល់​ឱកាស​សម្រាប់​មនុស្ស​គ្រប់គ្នា និង​មិនទុក​នរណាម្នាក់​ឲ្យ​ឯកា ឬ​ទុក​ចោល​កណ្តាលទី​ ឡើយ។​ ទោះបី​យើង​មិនទាន់សម្រេច​​ដល់​គោល​ដៅ​ឥតខ្ចោះ​ដូច​យើងប្រាថ្នា​​ចង់​បា​នក្តី ប៉ុន្តែ យើង​មិន​ដែល​បោះបង់​ប្រទេសយើង​ឲ្យ​ឆ្ងាយ​ពី​«ក្តីសុបិន​»នោះទេ។ ​​«ក្តីសុបិន​»តាំងពី​បង្កើត​ប្រទេស​យើងមក​។​

ប្រទេសយើង បើក​ឱកាស​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​ ឱកាស​គឺមិនមែន​សម្រាប់​តែ​មនុស្ស​មួយ​ក្តាប់​តូច​ទេ។»

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ