អានតួអត្ថបទ

សហរដ្ឋអាមេរិកយល់ព្រមផ្ទេរលុយអ៊ីរ៉ង់ដែលបង្កកនៅកូរ៉េខាងត្បូងចំនួន ៦ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់

សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី១១ កញ្ញា​ពី​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​លុយ​របស់​អ៊ីរ៉ង់​ដែល​បង្កក​ទុក​នៅ​កូរ៉េខាងត្បូង​ទៅ​ឲ្យ​អ៊ីរ៉ង់​ចំនួន ៦ពាន់លានដុល្លារ។ ភ្លើងខៀវ​របស់​រដ្ឋបាល​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ស្តីពី​ការ​ដោះដូរ​អ្នកទោស។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ អ៊ីរ៉ង់​យល់ព្រម​ដោះ​លែង​អ្នកទោស​ជនជាតិ​អាមេរិក​ចំនួន ៥នាក់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកទោស​អ៊ីរ៉ង់​ចំនួន ៥នាក់​ពី​សហរដ្ឋអាមេរិក​វិញ។

សហរដ្ឋអាមេរិកយល់ព្រមផ្ទេរលុយអ៊ីរ៉ង់ដែលបង្កកនៅកូរ៉េខាងត្បូងចំនួន ៦ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់:
សហរដ្ឋអាមេរិកយល់ព្រមផ្ទេរលុយអ៊ីរ៉ង់ដែលបង្កកនៅកូរ៉េខាងត្បូងចំនួន ៦ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់: REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី១១ កញ្ញា​ថា ព័ត៌មាន​ស្តីពី​ការ​ផ្ទេរ​លុយ​អ៊ីរ៉ង់​ដែល​បង្កក​នៅ​កូរ៉េខាងត្បូង​ទៅ​ឲ្យ​អ៊ីរ៉ង់​ចំនួន ៦ពាន់លានដុល្លារ​ត្រូវ​បាន​ប្រមុខ​ការទូត​លោក​អង់តូនី ប៊្លីនកិន​ប្រាប់​សភា​នា​សប្តាហ៍​កន្លង​ទៅ។ គួរ​បញ្ជាក់​ថា ការ​ស្រុះស្រួល​រឿង​លុយកាក់​នេះ​ត្រូវ​បាន​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេហេរ៉ង់​ប្រកាស​កាល​ពី​ថ្ងៃទី១០ សីហា​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ដោះដូរ​អ្នកទោស​ដែល​មាន​ប្រទេស​កាតា​ធ្វើ​ជា​អាជ្ញាកណ្តាល។ ជា​ថ្នូរ​នឹង​រឿង​លុយកាក់​នេះ អ៊ីរ៉ង់​នឹង​ដោះលែង​អ្នកទោស​អាមេរិក​ចំនួន ៥នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ទឹកដី​អ៊ីរ៉ង់ ហើយ​អាមេរិក​ក៏​នឹង​ដោះលែង​អ្នកទោស​អ៊ីរ៉ង់​ចំនួន ៥នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ទឹកដី​អាមេរិក​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Nasser Kanani បាន​ថ្លែង​ដោយ​សង្ឃឹម​ថា អ៊ីរ៉ង់​នឹង​ទទួល​បាន​លុយ​នា​ថ្ងៃ​ខាង​មុខ និង​អាច​ប្រើប្រាស់​លុយ​ទាំង ៦ពាន់លានដុល្លារ​ដោយ​ពេញលេញ​ដើម្បី​ទិញ​ផលិតផល​គ្រប់​មុខ ពោល​មិនមែន​សម្រាប់​ទិញ​តែ​ថ្នាំពេទ្យ ឬ​ចំណីអាហារ​ប៉ុណ្ណោះ​ទេ។ តែ​ក្រុង​វ៉ាស៊ីនតោន​មិន​ភ្លេច​លំអិត​ថា ទឹក​លុយ​ទាំង ៦ពាន់លានដុល្លារ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ដាក់​ក្នុង​គណនី​ដែល​កាន់កាប់​ដោយ​ប្រទេស​កាតា ពោល​មិនមែន​ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ដោយ​ផ្ទាល់​ទេ។ ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​បន្ថែម​ថា រដ្ឋបាល​អាមេរិក​មាន​សិទ្ធិ​តាម​ដាន​លើ​ការ​ចាយ​លុយ​ទាំង​នោះ។

តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ​ដដែល កាយវិការ​របស់​អាមេរិក​នេះ​មិនមែន​ជា​ការ​លើក​ទណ្ឌកម្ម​ណា​មួយ​ចេញ​ពី​អ៊ីរ៉ង់ ហើយ​អ៊ីរ៉ង់​ក៏​មិន​បាន​ទទួល​ការ​សម្រាល​ទណ្ឌកម្ម​ណា​មួយ​ដែរ។ តែ​ក្រុម​អ្នក​ជំនាញ​យល់​ថា កិច្ចព្រមព្រៀង​ស្តីពី​ការ​ដោះដូរ​អ្នកទោស​រវាង​អាមេរិក និង​អ៊ីរ៉ង់​ពេល​នេះ​ជា​សក្ខីកម្ម​បង្ហាញ​ពី​ភាព​ធូរស្រាល​រវាង​ប្រទេស​ទាំង​ពីរ​ដែល​គ្មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​តាំង​ពី​ឆ្នាំ ១៩៧៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ