អានតួអត្ថបទ

នុយក្លេអ៊ែរ៖ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់អំពាវនាវឲ្យរដ្ឋាភិបាលបន្តកិច្ចសហប្រតិបត្តិការជាមួយ AIEA

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ប្រមុខ​សាសនា​ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី​បាន​អំពាវនាវ​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ មិថុនា​ឲ្យ​រដ្ឋាភិបាល​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ថាមពល​បរមាណូ​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង AIEA។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ផ្តើម​ទាក់ទង​ជាមួយ AIEA ឡើង​វិញ បន្ទាប់​ពី​បាន​កម្រិត​កិច្ចសហប្រតិបត្តិការ និង​បាន​ដក​កាំមេរ៉ា​ឃ្លាំមើល​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន។

 ប្រមុខ​សាសនា​អ៊ីរ៉ង់ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី។
ប្រមុខ​សាសនា​អ៊ីរ៉ង់ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី។ AP
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុម​អ្នក​ទទួល​ខុសត្រូវ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ « ខ្ញុំ​សូម​ណែនាំ​អស់លោក​ឲ្យ​រក្សា​ទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ AIEA និង​ត្រូវ​រក្សា​កិច្ចសហប្រតិបត្តិការ​ជា​មួយ AIEA » នេះ​ជា​ការ​ថ្លែង​របស់​លោក​អាលី ខាមេណី។ ការ​ថ្លែង​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ផ្តើម​កិច្ចសហប្រតិបត្តិការ​ជាមួយ AIEA ឡើង​វិញ​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ កាល​ពី​ដំណាច់​ខែ​ឧសភា AIEA បាន​ប្រាប់​ឲ្យ​ដឹង​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ៊ីរ៉ង់។

តែ​ទន្ទឹម​គ្នា​នេះ ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​ក៏​បាន​ព្រមាន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​កន្លង​ទៅ​នេះ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​បាន​បង្កើន​ការ​ស្តុក​សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើន​រួច។ លើស​ពី​នេះ AIEA បាន​សម្រេច​បិទ​សំណុំរឿង​ទាក់ទង​នឹង​វត្តមាន​សារធាតុ​នុយក្លេអ៊ែរ​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ​ក្នុង​ចំណោម​ចំនួន​បី​ដែល​មិន​បាន​រាយការណ៍។ រឿងរ៉ាវ​មួយ​នេះ​ធ្លាប់​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់ និង AIEA ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ។ យ៉ាង​ណា​ក៏​ដោយ ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ទទួល​ខុសត្រូវ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កុំ​ចុះ​ចាញ់​នឹងសម្ពាធ​នៃ​ការ​ទាមទារ​ដែល​គ្មាន​មូលដ្ឋាន។

នៅ​ក្នុង​ន័យ​នេះ លោក​អាលី ខាមេណី​មិន​ជំទាស់​នឹង​ការ​មាន​កិច្ចព្រមព្រៀង​ជាមួយ AIEA នៅ​ក្នុង​ផ្នែក​ខ្លះ​ទេ តែ​មិន​ត្រូវ​ប៉ះពាល់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​មាន​ស្រាប់​ឡើយ។ ការ​ថ្លែង​របស់​លោក​អាលី ខាមេនី​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សារព័ត៌មាន​រាយការណ៍​ស្តីពី​ការ​ទាក់ទង​ផ្ទាល់​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ដើម្បី​ផ្តល់​សន្ទុះ​ឲ្យ​មាន​កិច្ចចរចា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ និង​ដែល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ដក​ច្លួន​ចេញ​វិញ​ក្នុង​ឆ្នាំ ២០១៨។ តាម​ពិត អាមេរិក​បារម្ភ​ខ្លាច​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ។

តែ​សម្រាប់​លោក​អាលី ខាមេណី អ៊ីរ៉ង់​មិន​ចង់​ឈាន​ទៅ​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ​ដោយ​ផ្អែក​លើ​គោលការណ៍​អ៊ីស្លាម។ តែ​បើ​អ៊ីរ៉ង់​ចង់​មាន គ្មាន​នរណា​ម្នាក់​អាច​រារាំង​អ៊ីរ៉ង់​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ