អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីស្រាអែល-អារ៉ាប៊ីសាអូឌីត-អាមេរិក

ហេតុអ្វីអ៊ីរ៉ង់មិនចង់ឃើញអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតមានទំនាក់ទំនងការទូតរវាងគ្នា?

នៅ​ថ្ងៃ​ពុធ ទី២០ កញ្ញា ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បង្ហាញ​ពី​ការ​រំកិល​រក​គ្នា​ដើម្បី​ឈាន​ទៅ​មាន​ទំនាក់ទំនង​ប្រក្រតី។ រូបភាព​នេះ​ត្រូវ​បាន​សម្តែង​ឡើង​ដោយ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ និង​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​នៅ​ក្រៅ​ក្របខណ្ឌ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។ តែ​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ប្រវត្តិសាស្រ្ត​របស់​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​បាន​ព្រមាន​ថា ទំនាក់ទំនង​ធម្មតា​រវាង​ប្រទេស​ទាំង​ពីរ​ជា​ទង្វើ​ក្បត់​នឹង​បុព្វហេតុ​ប៉ាឡេស្ទីន។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតានយ៉ាហ៊ូ (រូបឆ្វេង) ជួបប្រធានាធិបតីអាមេរិកលោកបៃដិនក្នុង​ក្រុង​ញូយ៉ក​ថ្ងៃទី២០ កញ្ញា ២០២៣។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតានយ៉ាហ៊ូ (រូបឆ្វេង) ជួបប្រធានាធិបតីអាមេរិកលោកបៃដិនក្នុង​ក្រុង​ញូយ៉ក​ថ្ងៃទី២០ កញ្ញា ២០២៣។ © Kevin Lamarque / Reuters
ផ្សាយពាណិជ្ជកម្ម

នា​ឱកាស​វត្តមាន​ចូល​រួម​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ញូយ៉ក នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតានយ៉ាហ៊ូ​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​ទទួល​ជួប​នៅ​ក្នុង​សណ្ធាគារ​មួយ។ ក្នុង​ពេល​ជាមួយ​គ្នា រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ដែល​មាន​វត្តមាន​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែរ​នោះ​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​អាមេរិក Fox News។ នៅ​ក្នុង​បទសម្ភាសន៍ ព្រះអង្គម្ចាស់​បេន សាលម៉ាន​បាន​ធានា​ពី​ការ​រំកិល​រក​គ្នា​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ឆ្ពោះ​ទៅ​មាន​ទំនាក់ទំនង​ធម្មតា​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល។

ទាក់ទង​នឹង​សំណុំរឿង​ប៉ាឡេស្ទីន​ត្រូវ​បាន​ព្រះអង្គម្ចាស់​បេន សាលម៉ាន​គូសបញ្ជាក់​ថា កិច្ចចរចា​កំពុង​បន្ត​មាន​មក​ដល់​សព្វថ្ងៃ​ដោយ​សង្ឃឹម​ទទួល​បាន​លទ្ធផល​មួយ​ដែល​នឹង​ជួយ​សម្រួល​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ប៉ាឡេស្ទីន និង​ដែល​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​ដើរ​តួនាទី​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ ចំណែក​នៅ​ក្នុង​កិច្ចសន្ទនា​រវាង​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន និង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតានយ៉ាហ៊ូ លោក​បៃដិន​ក៏​បាន​និយាយ​ជាមួយ​លោក​នេតាន់យ៉ាហ៊ូ​ពី​ការ​រំកិល​រក​គ្នា​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​នេះ​ដែរ។

លោក​នេតាន់យ៉ាហ៊ូ​សង្ឃឹម​ថា​នៅ​ក្រោម​រដ្ឋបាល​អាមេរិក​ដឹក​នាំ​ដោយ​លោក​បៃដិន អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​អាច​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជា​ប្រវត្តិសាស្រ្ត។ ក៏​ប៉ុន្តែ ការ​រំកិល​រក​គ្នា​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​របស់​អាមេរិក​ពេល​នេះ​មិន​មែន​ជា​ការ​ចង់​បាន​របស់​ប្រទេស​អ៊ីរ៉ង់​ឯណា។ នៅ​ក្នុង​សន្និសីទកាសែត​មួយ​រៀបចំ​ក្នុង​សណ្ធាគារ​មួយ​ក្រុង​ញូយ៉ក​នា​យប់​ថ្ងៃ​ពុធ ទី២០ កញ្ញា ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​បាន​ព្រមាន​ប្រឆាំង​អាមេរិក អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត។

លោក​អេប្រាហ៊ីម រ៉ៃស៊ី​យល់​ថា ទំនាក់ទំនង​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​ជា​មួយ​អ៊ីស្រាអែល​ជា​ការ​ចាក់​មួយ​កាំបិត​ចំ​កណ្តាលខ្នង​ប្រជាជន​ប៉ាឡេស្ទីន និង​អ្នក​តស៊ូ​ប៉ាឡេស្ទីន។ តែ​អ្វី​ដែល​លោក​អេប្រាហ៊ីម រ៉ៃស៊ី​ភ្លេច​បញ្ជាក់​នោះ​គឺ​ថា អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអីឌីត​ដែល​ជា​មហាអំណាច​ប្រជែង​គ្នា​ក្នុង​តំបន់​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​និទាឃរដូវ​កន្លង​មក។ គេ​អាច​យល់​ពី​ក្តីបារម្ភ​របស់​អ៊ីរ៉ង់​ចំពោះ​ការ​រំកិល​រក​គ្នា​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត ព្រោះ​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​ជា​សត្រូវ​ស៊ូពូជ​នឹង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ