អានតួអត្ថបទ
ដើមបូព៌ា

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ចេញ​ដំណើរ​ទៅ​និយាយ​ធានា​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​អាស្តុន ការធ័រ ធ្វើ​ដំណើរ​ទស្សនកិច្ច នៅ​តំបន់​ដើមបូព៌ា​ដើម្បី រំងាប់ចិត្ត អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត ដែល​បារម្ភ​ពី​ផលវិបាក​ក្រោយ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​បោះឆ្នោត នៅថ្ងៃ​ចន្ទ ទី ២០​កក្កដា អនុម័ត​លើ​សេចក្តីសម្រេច ដែល​នឹង​បើកផ្លូវ​ឲ្យ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​គេ​បាន​ដាក់ទៅ​លើ​អ៊ីរ៉ង់ តាំងពី​ឆ្នាំ ២០០៦។ 

រដ្ឋមន្រ្តី​ការពារ​ជាតិ អ៊ីស្រាអែល(ឆ្វេង) និង​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​អាស្តុន កាធ័រ នៅ​ទីក្រុង​តែល អាវីវ ថ្ងៃ​ចន្ទ ទី ២០​កក្កដា ២០១៥
រដ្ឋមន្រ្តី​ការពារ​ជាតិ អ៊ីស្រាអែល(ឆ្វេង) និង​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​អាស្តុន កាធ័រ នៅ​ទីក្រុង​តែល អាវីវ ថ្ងៃ​ចន្ទ ទី ២០​កក្កដា ២០១៥ ©REUTERS/Carolyn Kaster/Pool
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​សន្តិសុខ នៅ​ថ្ងៃ​ចន្ទ ទី ២០​កក្កដា​បាន​បោះឆ្នោត​ ជា​ឯកច្ឆន្ទ អនុម័ត ​​សេចក្តីសម្រេច​​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម ដែល​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទៅលើ​អ៊ីរ៉ង់។ ចាប់តាំង​ពី​ឆ្នាំ ២០០៦ ក្រុមប្រឹក្សា​សន្តិសុខ បាន​បោះឆ្នោត​សេចក្តីសម្រេច​ទាំង​៧ ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើអ៊ីរ៉ង់។ សហភាព​អឺរ៉ុប កាលពីថ្ងៃ​ចន្ទ ក៏​បាន​បោះឆ្នោតគាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ជាដំណាក់​ដំបូង​ឈាន​ទៅរកការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហភាព​អឺរ៉ុប​ចូល​រួម​ជាមួយ​អាមេរិក ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់។​

តាម​កិច្ច​ព្រមព្រៀង គេ​នឹង​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច បន្តិចម្តងៗ គឺ​អាស្រ័យ​ទៅលើ​ការប្រព្រឹត្ត​ការអនុវត្ត​តាម​ការសន្យា​របស់​អ៊ីរ៉ង់​ជាមុន ​សិន។ ជាក់ស្តែង អ៊ីរ៉ង់ នឹង​​ទទួល​បាន​លុយ​របស់ខ្លួន​ខ្លះ ក្នុង​ចំណោម​លុយ ១៥០​ពាន់​លាន​ដុល្លារ​របស់​អ៊ីរ៉ង់ ដែល​ត្រូវ​គេ​ផ្អឹបទុក នៅ​បរទេស បើសិន ទីភ្នាក់ងារ​AIEA​ដែល​ជា​សមត្ថកិច្ច​ចូលទៅ​ត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីរ៉ង់ ស្អាតស្អំ គ្មាន​កម្មវិធី​នុយក្លេអ៊ែរ​យោធា។

 
ម្យ៉ាងទៀត បើសិន​អ៊ីរ៉ង់ មិន​គោរព​ធ្វើ​តាម​សន្យា នោះ ប្រទេស​មហាអំណាច​នឹង​អាច​ត្រលប់​មក​ដាក់​ទណ្ឌកម្ម​វិញភ្លាម ដោយ​ប្រើ​យន្តការ Snap​back។ ប្រទេស​លោកខាងលិច ដែល​មិនសូវ​ជឿទុកចិត្ត​លើ​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ីរ៉ង់ ជា​អ្នក​ស្នើ​ឲ្យ​គេ​បង្កើត​យន្តការ​Snap​backនេះឡើង។ តាម​យន្តការនេះ បើប្រទេស​ណាមួយ​រកឃើញ​ថា អ៊ីរ៉ង់ រំលោភ​កិច្ច​ព្រមព្រៀង គេ​ដាក់​ស្នើ​ភ្លាម សេចក្តី​សម្រេចចិត្ត ទៅ​ក្រុមប្រឹក្សា​សន្តិសុខ។ សមាជិក​របស់​ក្រុមប្រឹក្សា សន្តិសុខ​ត្រូវ​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច ដែល​ថា តើ​គេ​ត្រូវ​បន្ត ផ្អាក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់​ដែរឬទេ។ បើ​សមាជិក​ម្នាក់​របស់​ក្រុមប្រឹក្សា​សន្តិសុខ វេតូ ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា នោះ ការត្រលប់​មក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ នឹង​ធ្វើ​ឡើង​ដោយ​ស្វ័យប្រវត្តិ។
 

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក​ទៅ​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត

នៅក្នុង​យន្តហោះ ឆ្ពោះ​ទៅកាន់​ទឹកដី​អ៊ីស្រាអែល លោក​អាស្តុន កាធ័រ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក បាន​ប្រើ​ប្រព័ន្ធផ្សព្វផ្សាយ ដើម្បី​ផ្ញើ​សារ ទៅ​ធានា​ទឹកចិត្ត​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល។ តាម​លោក​អាស្តុន កាធ័រ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​ជាមួយ អ៊ីរ៉ង់ មិន​បាន​ចែងពី​ការហាម​អាមេរិក មិន​ឲ្យ​ប្រើ​កម្លាំង​យោធា វាយប្រហារ​ទៅលើ​អ៊ីរ៉ង់ ដែល​ល្មើស​លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។

 
អារ៉ាប៊ី សាអូឌីត​បាន​រិះគន់​កិច្ចព្រមព្រៀង ដែល​ប្រទេស​មហាអំណាច​បាន​រកឃើញ​ជាមួយ​អ៊ីរ៉ង់ ក្នុង​ពេល​អ៊ីស្រាអែល​វិញ ចាត់ទុក កិច្ចព្រមព្រៀង កាលពី​សប្តាហ៍មុន​ថា ជា​កំហុស​ប្រវត្តិសាស្រ្ត។

លោក​អាស្តុន កាធ័រ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក ចង់​ប្រាប់ទៅ​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត ថា ជំនួយ និង​សហប្រតិបត្តិការ​រវាង​អាមេរិក ជាមួយ​សម្ព័ន្ធមិត្ត នៅ​តំបន់​ដើមបូព៌ា នៅ​តែ​ដដែល គ្មាន​ប្រែប្រួល ទោះ ជា​ប្រទេស​មហាអំណាច ដឹកនាំ​ដោយ​អាមេរិក បាន​រកឃើញ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់។ រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​បញ្ជាក់ថា អាមេរិក នឹង​ពង្រឹង​វត្តមាន​របស់ខ្លួន ឲ្យ​កាន់តែ​រឹងមាំ​ជាងមុន នៅតំបន់​ដើម​បូព៌ា ដើម្បី​ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ផង និង​សម្រាប់​អន្តរាគមន៍ ជួយ​ការពារ ​សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅពេលណា​ដែល​មាន​ការវាយប្រហារ​ពី​អ៊ីរ៉ង់។ អាមេរិក​ចង់​បង្កើន​ការសហការ​យោធា​ជាមួយ​អ៊ីស្រាអែល ជាពិសេស ផ្នែក​ប្រឆាំង​មីស៊ីល និង​ប្រឆាំង​ភេរវនិយម។ ជាមួយ​អារ៉ាប៊ី សាអូឌីត និង​ប្រទេស​នៅ​សមុទ្រពែរ្ស៍​វិញ អាមេរិក បាន​សន្យា​ពង្រឹង​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន ជួយ​បង្កើត​កង​កម្លាំង​យោធា​ពិសេស ឲ្យ​អារ៉ាប៊ី សាអូឌីត ក៏​ដូចជា​ផ្នែកមីស៊ីល​សម្រាប់​ការពារ ទប់ទល់​នឹង​ការវាយប្រហារ​ពី​ខាងក្រៅ។

តាម​មន្រ្តី​យោធា​ជាន់ខ្ពស់​ម្នាក់ ដែល​សុំ​មិន​បញ្ចេញឈ្មោះ យុទ្ធសាស្រ្ត ក៏​ដូចជា​ជំនួយ​យោធា​របស់​អាមេរិក​សម្រាប់​សម្ព័ន្ធមិត្ត នឹង​គ្មាន​អ្វី ផ្លាស់ប្តូ មិនថា នៅមុន និង​ក្រោយពេល​មាន​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កាសែត ក្នុង​ស្រុក​អ៊ីស្រាអែល​បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​អ៊ីស្រាអែល​ទាមទារឲ្យ​អាមេរិក​បង់​ជម្ងឺចិត្ត ឲ្យ​អ៊ីស្រាអែល ដោយ​ត្រូវ​បង្កើន​ថវិកា​ជំនួយ​យោធា​ឲ្យ​ច្រើន​ជាង​ជំនួយ​បច្ចុប្បន្ន ដែល​មាន​ប្រមាណ ៣ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​វិញ​បាន​រុញច្រាន​ចោល ការចុះផ្សាយ​របស់​កាសែត​អ៊ីស្រាអែល ដោយថា គ្មាន​ទេ ការទាមទារ​សង​ជម្ងឺចិត្ត​ពី​អាមេរិក ព្រោះ​ថា ធ្វើ​ដូច្នេះ គឺ​មានន័យថា អ៊ីស្រាអែល បាន​យល់ព្រមទទួល​យក ឲ្យ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់។ អ៊ីស្រាអែល ប្រឆាំង​ដាច់ខាត និង​សន្យា​ធ្វើយុទ្ធនាការ​ឃោសនា បញ្ចុះបញ្ចូល​ឲ្យ​សមាជិក​សភា​អាមេរិក​បោះឆ្នោត​ប្រឆាំង នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

លោកចន ឃេរី៖ អ្វី​ដែល​គ្រោះថ្នាក់ គំរាមកំហែង​សន្តិសុខ​ដើមបូព៌ា គឺ​ការដែល​មិនអាច​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់
កាលពី​ថ្ងៃ​អាទិត្យ ក្រសួង​ការបរទេស​អាមេរិក​បាន​ដាក់​ឯកសារ​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៅ​សភា តំណាងរាស្រ្ត​អាមេរិក​ពិភាក្សា។ សភា​អាមេរិក​មាន​ពេល ៦០​ថ្ងៃ ដើម្បី​បោះឆ្នោត អនុម័ត គាំទ្រ ឬ​ប្រឆាំង​លើកិច្ចព្រមព្រៀង។ សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​គ្រប់គ្រង​សំលេង​ភាគច្រើន នៅ​រដ្ឋសភា មាន​មតិប្រឆាំង​នឹង​កិច្ចព្រមព្រៀង ដែល​នឹង​បើកផ្លូវ​ឲ្យ​អាមេរិក​ដកទណ្ឌកម្ម​ពី​អ៊ីរ៉ង់។ លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ព្រមាន​រួចហើយ​ថា លោក​នឹង​ប្រើ​សិទ្ធិ​វេតូ​របស់​ប្រធានាធិបតី​ដើម្បី​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​ទូរទស្សន៍​ក្នុង​ស្រុក​អាមេរិក លោក​ចេន ឃេរី​វិញ​បាន​ថ្លែងថា បើ​សិន​សភា​មិនបោះឆ្នោត​គាំទ្រ ឬ​សម្លាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នោះ គេ​នឹង​អាច​ត្រួតពិនិត្យ ដឹង​ពី​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បាន​ទេ។ អាមេរិក​ជឿថា ជាមួយ​នឹង​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ សហគមន៍​អន្តរជាតិ​នឹង​អាច​តាមដាន មើល​ជាប់​ជានិច្ច​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ គឺ ខុសពី​លើក​មុនៗ ដែល​អ៊ីរ៉ង់​បាន​លាក់ មិន​ឲ្យ​គេចូល​មើល។ សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក ការដាក់​ទណ្ឌកម្ម សេដ្ឋកិច្ច​មិន​បាន​ទប់ស្កាត់​អ៊ីរ៉ង់ កុំ​ឲ្យ​លួច​ធ្វើ​កម្មវិធី​នុយក្លេអ៊ែរ​យោធា​បានទេ។ អ៊ីរ៉ង់ បច្ចុប្បន្ន​នេះ ផលិត​បាន​បំពង់​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម រាប់​ម៉ឺន​បំពង់ និង​មាន​សមត្ថភាព​ចម្រើន​ដល់​កម្រិត​ខ្ពស់ សម្រាប់​ផលិត​ចេញ​ជា​គ្រាប់​បែក​នុយក្លេអ៊ែរ។

សម្រាប់​អ៊ីស្រាអែល កិច្ចព្រមព្រៀង​នឹង​មិនជួយ​ទប់ស្កាត់​ឲ្យ​អ៊ីរ៉ង់​ឈប់​ផលិត​អាវុធ​នុយក្លេអ៊ែរ ទៅ​ថ្ងៃ​អនាគត។ អ៊ីស្រាអែល​ភ័យ​ខ្លាច​ថា អ៊ីរ៉ង់ អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​អ៊ីស្រាអែល។ អ៊ីរ៉ង់​គឺ​ជា​សត្រូវ​មាន​រូបរាង​ពិតៗរបស់​អ៊ីស្រាអែល ព្រោះថា អ៊ីរ៉ង់​នៅ​ធ្លាប់​បាន​ព្រមាន​លុប​អ៊ីស្រាអែល​ចេញពី​ផែនទី​ពិភពលោក​ទៀតផង។

ម្យ៉ាងទៀត អ៊ីស្រាអែល​ និង​អារ៉ាប៊ី សាអូឌីត បារម្ភថា បើ​អ៊ីរ៉ង់​រួចខ្លួន ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​សហគមន៍​អន្តរជាតិ នោះ​អ៊ីរ៉ង់​នឹង​ទទួល​បាន មក​វិញ លុយជាង ១៥០​ពាន់​លាន​ដុល្លារ របស់​អ៊ីរ៉ង់ ដែល​អន្តរជាតិ បង្កក ផ្អឹប ទុក​នៅ​បរទេស ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ទាំង​អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត ដែល​ជា​សត្រូវ និង​គូប្រជែង យល់ថា អ៊ីរ៉ង់ នឹង​ប្រើ​លុយនោះ ទៅ​ទិញអាវុធ ជួយ​ក្រុម​យោធា​ឲ្យ​ទៅ​ប្រយុទ្ធ​បង្ក​អសន្តិសុខ​នៅ​យេម៉ែន ស៊ីរី អ៊ីរ៉ាក់ ជាដើម។ តាំងពី​មុន​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ អ៊ីស្រាអែល​បាន​ប្រកាស​សុំ​សិទ្ធិ​វាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បី រារាំង​កុំ​ឲ្យ​ប្រទេស​នេះ​អាច​ផលិត​គ្រាប់បែក​បរិមាណូ​បាន។

មួយវិញទៀត ការដែល​អ៊ីរ៉ង់ មានសិទ្ធិ​មាន​កម្មវិធី​នុយក្លេអ៊ែរ បើទោះបី​ជា​ស៊ីវិលក្តី ធ្វើ​ឲ្យ​គេ​បារម្ភថា នឹង​មានការប្រណាំង​ប្រជែង កម្មវិធី​នុយក្លេអ៊ែរ​នៅ​តំបន់​ដើមបូព៌ា។ អ៊ីស្រាអែល​មាន​អាវុធ​នុយក្លេអ៊ែរ​រួចហើយ ចំណែក​អារ៉ាប៊ី សាអូឌីត យល់​ថា រដ្ឋអ៊ីស្លាម​អ៊ីរ៉ង់ និកាយ ស្ហ៊ីអ៊ីត អាច​មាន​កម្មវិធី​នុយក្លេអ៊ែរ ដូច្នេះ អារ៉ាប៊ី សាអូឌីត និកាយ​ស៊ុននីត ក៏​ត្រូវ​មាន​កម្មវិធីនុយក្លេអ៊ែរ​ដែរ។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ