អានតួអត្ថបទ
ម៉ិកស៊ិក-អន្តោប្រវេសន៍

ម៉ិកស៊ិក​បើក​ជំនួប​កំពូល​ស្តីពី​អន្តោប្រវេសន៍​ទាក់​​ភ្នែក​សហរដ្ឋ​អាមេរិក

ប្រមុខ​ដឹកនាំ​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​មួយ​ចំនួន​ធំ​បាន​ជួប​ជុំ​គ្នា​បើក​ជំនួប​កំពូល​តូច​មួយ នៅ​ថ្ងៃ​អាទិត្យ​ទី ២២​តុលា​នេះ​ ​ស្តី​ពី​វិបត្តិ​អន្តោប្រវេសន៍។ អន្តោប្រវេសន៍​ខុស​ច្បាប់រត់​សម្រុក​ទៅ​អាមេរិក​ កាត់​តាម​ប្រទេស​ម៉ិកស៊ិក​ ជា​វិបត្តិ​ដ៏​ធំ​ចម្បងមួយ​សម្រាប់​វ៉ាស៊ីនតោន​។ បើ​តាម​អង្គការ​អន្តប្រវេសន៍ពិភពលោក ​ផ្លូវ​អន្តោប្រវេសន៍​ម៉ិកស៊ិកជា​​ច្រកមរណៈ​ជាង​គេ​នៅ​លើ​ពិភពលោក។

អន្តោប្រវេសន៍​នៅព្រំដែន​ម៉ិកស៊ិក​រង់ចាំ​សុំ​សិទ្ធិជ្រកកោន​នៅ​​អាមេរិក​
អន្តោប្រវេសន៍​នៅព្រំដែន​ម៉ិកស៊ិក​រង់ចាំ​សុំ​សិទ្ធិជ្រកកោន​នៅ​​អាមេរិក​ AP - Gregory Bull
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​មាន​ជា​អាទិ៍​វេណេស៊ុយអេឡា គុយបា ហៃទី​ កូឡុំប៊ី ​អេក្វាទ័រ ក្វាតាម៉ាឡា ហុងឌូរ៉ាស ... បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ប៉ាឡង់គេ រដ្ឋ​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិកស៊ិក ដែល​ជា​ច្រកផ្លូវ​​របស់​ជន​អន្តោប្រវេសន៍​អាមេរិកឡាទីន​​ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក​​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​ម៉ិកស៊ិក Andres Manuel Lopez Obrador ដែល​ចង់​ស្វែង​រក​ការ​ព្រមព្រៀង​ជាមួយ​ដៃគូ​ដឹកនាំប្រទេស​​ក្នុង​តំបន់​​ សម្រាប់​ស្វែង​រក​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍​ជាមួយ​រដ្ឋាភិបាល​អាមេរិក។

ថ្វីបើ​គេ​មិន​រំពឹង​ថា​នឹង​មាន​លទ្ធផល​ជាក់​ស្តែង​អ្វី​ប្រសូត​ចេញ​ពីជំនួប​កំពូល​នេះ​មែន តែ​ជា​កិច្ច​ចាប់​ផ្តើម​ពិភាក្សា​រវាង​ក្រុម​ប្រទេស​ដែល​មានពលរដ្ឋច្រើន​​ប្រថុយ​ជីវិត​ធ្វើ​អន្តោប្រវេសន៍ និង​ជា​ការ​​ឆ្លុះ​ឱ្យ​ឃើញ​ថា​អន្តោប្រវេសន៍​ជា​វិបត្តិ​តំបន់។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​សហរដ្ឋ​អាមេរិក​កំពុង​វក់​វី​ខ្លាំង​នឹង​សង្គ្រាម​នៅ​អ៊ីស្រាអែល​ និង​នៅ​អ៊ុយក្រែន​ក៏​ដោយ ក៏​ជំនួប​កំពូល​នេះ​បាន​ទាក់​ចំណាប់​​អារម្មណ៍​​​អាមេរិកយ៉ាង​ខ្លាំង។ ត្រលប់​មក​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល​ភ្លាម លោក​ចូ បៃដិន បាន​ស្នើ​សុំ​ឱ្យ​សភា​ខុន​ហ្កេស​អាមេរិក​ទម្លាយ​កញ្ចប់​ថវិកា​១០៥,៨៥​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ីស្រាអែលនិង​អ៊ុយក្រែន ព្រមទាំង​សម្រាប់​ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍​នៅ​ព្រំដែន​ជាមួយ​ម៉ិកស៊ិក។

បន្ទាប់​ពី​បិទ​ព្រំដែន​ដោយ​ហេតុ​កូវីដ​១៩ រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន ទើប​ស​ម្រេចកាលពី​ខែ​ឧសភា​ ​បើក​ព្រំដែន​វិញ​ និង​ដាក់​ឱ្យ​ដំណើរការបែប​បទ​សុំ​សិទ្ធិ​ជ្រក​​កោន ដល់​ពលរដ្ឋ​ប្រទេស​ខ្លះ មុន​ប្តូរ​ចិត្ត​បិទ​ព្រំដែន​សង់ជញ្ជាំង​អន្តោប្រវេសន៍​វិញ​។ ប៉ុន្តែ​​គ្មាន​អ្វី​អាច​បញ្ឈប់​សកម្មភាព​​អន្តោប្រវេសន៍ទេ។ ក្នុង​តែមួយខែ​កញ្ញា​២០២៣ មាន​ពលរដ្ឋ​វេណេស៊ុយអេឡា​៦ម៉ឺន​នាក់ ពលរដ្ឋ​ក្វាតាម៉ាឡា​ជាង​៣ម៉ឺន​៥ពាន់ ...​បាន​មក​ដល់​ម៉ិកស៊ិក​​ដើម្បី​ត្រៀម​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ឆ្លង​ទៅ​ទិសដៅ​ចុងក្រោយ​គឺ​សហរដ្ឋ​អាមេរិក។ បើ​តាម​អង្គការ​អន្តោប្រវេសន៍​ពិភពលោក ព្រំដែនអាមេរិក​និង​ម៉ិកស៊ិក​ជា​ច្រកអន្តោប្រវេសន៍​​ផ្លូវ​គោក​ដ៏​មរណៈ​បំផុត​នៅលើ​ពិភពលោក។ នៅ​ឆ្នាំ​២០២២ អង្គការ​បាន​រាប់​ឃើញ​មាន​ជន​អន្តោវេសន៍​ឆ្លង​ព្រំដែន​ម៉ិកស៊ិក​អាមេរិក​ស្លាប់​និង​បាត់​ខ្លួន​៦៨៦​នាក់។ ហេតុ​ដូច្នេះហើយ​បាន​ជា​អង្គការ​Amnesty International ​បានអំពាវនាវ​ឱ្យជំនួប​កំពូល​ម៉ិកស៊ិក​ ​គោរព​សិទ្ធិ​អ្នក​សុំ​សិទ្ធ​ជ្រក​កោន​​និង​បិទ​បញ្ចប់​ការ​រើស​អើង​អន្តោប្រវេសន៍៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ