អានតួអត្ថបទ

លោកបៃដិន​ប្រកាស​បន្ត​សាង​សង់​ជញ្ជាំង​ម៉ិកស៊ិកប្រឆាំង​អន្តោប្រវេសន៍

ការសាង​សង់​ជញ្ជាំងម៉ិកស៊ិក​​ប្រឆាំង​អន្តោប្រវេសន៍​ដែល​ជា​វិធានការ​ផ្តួច​ផ្តើម​ដោយអតីត​​​ប្រធានាធិបតី​ដូណាល់​ត្រាំ​ នឹង​មាន​ដំណើរ​ការ​បន្ត​ទៅ​មុខ​ទៀត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​លោក​ប្រធានាធិបតី​អាមេរិក​ចូបៃដិន នៅថ្ងៃទី ៥​តុលា​២០២៣។

លោកបៃដិន​ប្រកាស​បន្ត​សាង​សង់​ជញ្ជាំង​ម៉ិចស៊ិកប្រឆាំង​អន្តោប្រវេសន៍
លោកបៃដិន​ប្រកាស​បន្ត​សាង​សង់​ជញ្ជាំង​ម៉ិចស៊ិកប្រឆាំង​អន្តោប្រវេសន៍ Steve Hillebrand/Public Domain Image
ផ្សាយពាណិជ្ជកម្ម

លោក ចូ បៃដិន បាន​​សន្យា​ក្នុង​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០​ និង​បាន​សម្រេច​ផ្អាក​ការ​សាង​សង់ជញ្ជាំង​ម៉ិកស៊ិក​របស់​លោក​ដូណាល់ត្រាំ​មែន​នៅ​ពេល​បាន​ចូល​កាន់​តំណែង​ភ្លាម​ ដោយបញ្ជាក់​នៅពេល​នោះ​ថា​​ជញ្ជាំង​គ្មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍​ទេ។​

ម្សិលមិញ លោក​ ចូ បៃដិន នៅ​តែ​អះអាង​ដដែល​និង​ជា​ថ្មី​ថា​ជញ្ជាំង​គ្មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​អន្តោប្រវេសន៍​ទេ ប៉ុន្តែ​កញ្ចប់​ថវិកា​សម្រាប់​សាង​សង់​គម្រោង​នេះ ត្រូវ​បាន​សភា​ខុនក្រេស​អាមេរិក​អនុម័ត​រួច​ទៅ​ហើយ​ និង​មិន​អាច​ប្តូរ​ផ្លាស់​យក​លុយ​នោះ​ទៅ​ចាយ​វាយ​នៅកន្លែង​ផ្សេង​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​រដ្ឋបាល​លោក​បៃដិន សម្រេច​អនុញ្ញាត​ឱ្យ​សាង​សង់​បន្ត។ ម្យ៉ាងទៀត បើ​តាម​ការ​ពន្យល់​បន្ថែម​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ Alejandro Mayorkas អាមេរិក​ត្រូវ​ការ​មាន​របង​ជាជញ្ជាំង​ដោយ​ពិតៗ​និង​ផ្លូវ​នៅក្បែរព្រំដែន​ដើម្បី​រារាំង​អន្តោប្រវេសន៍​ខុស​ច្បាប់។ ក្នុង​ថ្ងៃ​ម្សិលមិញ​នោះ​ដដែល​ សេតវិមាន​បាន​ប្រកាស​ចាប់​ផ្តើម​បញ្ជូន​អន្តោប្រវេសន៍​​ខុស​ច្បាប់​ តាមជើង​ហោះហើរ​ពី​អាមេរិក​ទៅ​វេណេស៊ុយអេឡា​ឡើង​វិញ​​បន្ទាប់​ពី​អាក់ខាន​តាំងពី​ខែ​មករា​២០២១​មក។

តាមការ​ពិត​ ​រដ្ឋបាល​លោក​បៃដិន​កំពុង​រង​សម្ពាធ​នយោបាយ​យ៉ាង​ខ្លាំង។ បក្ស​សាធារណរដ្ឋ​បានយក​​សំណុំ​រឿង​​អន្តោប្រវេសន៍​មក​ធ្វើ​ជា​ប្រធានបទ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២៤។ ចំណែក​សមាជិក​បក្ស​​ប្រជាធិបតេយ្យ​ផ្ទាល់​ ក៏​ដាក់​សម្ពាធ ​លើ​រូប​ប្រធានាធិបតី​បៃដិន​​ខ្លាំងដែរ។ អភិបាល​ក្រុងធំៗ ដូច​ជា​ក្រុង​​ញូវយ៉ក​ និង​ស៊ីកាហ្គោ បាន​ប្រកាស​ថា​លែង​មាន​លទ្ធភាពដោះស្រាយ​សេចក្តី ត្រូវ​ការ​របស់​​​អន្តោប្រវេសន៍​​ហើយ។

សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង​ជួន​ចំពេល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​អង់តូនី ប្លីងកិន កំពុង​ស្ថិត​នៅ​ក្នុង​​ប្រទស​ម៉ិកស៊ិក ដើម្បី​ជជែក​អំពី​បញ្ហា​សន្តិសុខ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​និង​អន្តោប្រវេសន៍​។ ​លោក​​ប្រធានាធិបតី​ម៉ិកស៊ិកលោក André Manuel Lopez Obrador បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ថា​ការបន្ត​​សាង​សង់​ព្រំដែន ជា​ដំណើរ​ត្រលប់​​ថយ​ក្រោយ ហើយ​នយោបាយ​របស់​ក្រុមស្តាំនិយមជ្រុល​អាមេរិក​មិន​អាច​ដោះ​ស្រាយ​បញ្ហា​អន្តោប្រវេសន៍​បាន​ទេ។ ក្នុង​ក្រសែ​ភ្នែក​ម៉ិកស៊ិក ជញ្ជាំង​នេះ​មិនអាច​រារាំងជន​​អន្តោប្រវេសន៍​ឱ្យ​ចាក​ចេញ​ពីប្រទេស​កំណើត និង​មិន​អាច​រារាំង​ឈ្មួញ​ទុច្ចរិត​រក​ស៊ី​ចម្លង​​អន្តោប្រវេសន៍​ទៅ​សហរដ្ឋ​អាមេរិក​ដោយប្រើ​​គ្រប់​មធ្យោបាយ​ រាប់​ទាំង​មធ្យោបាយ​ដ៏​មហាគ្រោះ​ថ្នាក់បាន​ឡើយ។

កាលពី​ឆ្នាំ​ទៅ​ មនុស្ស​ជាង​៨០០នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​ការ​ព្យាយាម​រត់​ឆ្លង​ទៅ​អាមេរិក។ ប៉ុន្តែ​លំហូរ​អន្តោប្រវេសន៍​មិន​បាន​ចុះ​ថយ​ទេ។ គឺ​មាន​តែ​កើន​ឡើង​បន្ថែម​ទៀត។ គ្រាន់​តែ​មួយ​ថ្ងៃ​ពុធ​ទី​៤​តុលា​ អាជ្ញាធរ​ម៉ិកស៊ិក​ឃាត់​ខ្លួន​អន្តោប្រវេសន៍​ខុស​ច្បាប់​បានជិត​១៥០០០​នាក់​ នៅចំណុច​​ព្រំដែន​ទាំង​សង​ខាង​អាមេរិក-ម៉ិកស៊ិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ