អានតួអត្ថបទ
ចិន-អាមេរិក

ប្រមុខ​ការទូតចិនទៅ​អាមេរិក​​ដើម្បី​រៀប​ចំ​ជំនួប​រវាង​​លោក​ស៊ីជីនពីងនិង​លោក​ចូបៃដិន?

អាមេរិកនិង​ចិន​​​កំពុង​ផ្តើម​ចរចា​​ការទូត​ដ៏​កម្រ​និង​ដ៏យ៉ាង​​ប្រញឹក នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦​តុលា​នេះ ​​ដើម្បី​បន្ធូរ​​សម្ពាធ​តាន​តឹង​នៃ​ទំនាក់ទំនងដ៏​ស្មុគស្មាញ​​រវាង​មហាអំណាច​ទាំងពីរ​ឱ្យ​បាន​ប្រសើរ​ឡើង។ ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​លើក​នេះ​អាច​នឹង​ឈាន​ដល់​​ប្រកាសអំពី​​ដំណើរ​​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ីជិនពីង​នៅ​សហរដ្ឋ​អាមេរិកផង។

ប្រមុខ​ការទូតចិនលោក​វ៉ាងយី និង​សមភាគី​​អាមេរិក​​ អង់តូនី ប្លីងកិន នៅ​វ៉ាស៊ីនតោន ថ្ងៃទី ២៦​តុលា​២០២៣
ប្រមុខ​ការទូតចិនលោក​វ៉ាងយី និង​សមភាគី​​អាមេរិក​​ អង់តូនី ប្លីងកិន នៅ​វ៉ាស៊ីនតោន ថ្ងៃទី ២៦​តុលា​២០២៣ AP - Jose Luis Magana
ផ្សាយពាណិជ្ជកម្ម

​លោក​វ៉ាងយី ប្រមុខ​ការ​ទូត​ចិន​កំពុង​បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ ក្រោយ​ជំនួប​ជាមួយ​សមភាគី​អាមេរិក​ លោក​ វ៉ាងយី ប្រកាស​ចង់​បានការ​​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​​ដែល​ផ្តល់​ប្រយោជន៍​ដល់​ភាគី​ទាំងពីរ​ និង​ដែល​នាំ​ឱ្យ​ទំនាក់ទំនង​ចិន​-អាមេរិក​មាន​​ស្ថិរភាព និង​និរន្តរភាព។ ប្រមុខ​ការ​ទូត​ចិន​ក៏​បាន​អំពាវនាវ​​​ឱ្យ​មហាអំណាច​ទាំង​ពីរ​ប្រឈម​មុខ​គ្នា​ដោះស្រាយ​បញ្ហា​ដោយ​ស្ងប់​ស្ងាត់ បញ្ចៀស​ឱ្យ​បាន​នូវ​រាល់ការ​យល់​ច្រឡំ​ទាំងឡាយ។ អាមេរិក​រង់ចាំ​ជជែក​ពិភាក្សា​តាម​បែប​ស្ថាបនា​នៅ​ថ្ងៃ​ខាង​មុខ​។ នេះ​ជា​ចម្លើយ​តប​របស់​លោក​អង់តូនី ប្លីងកិន រដ្ឋម​ន្ត្រីការបរទេស​អាមេរិក ដោយ​យល់​ស្រប​តាម​សំដី​របស់​សមភាគី។

កិច្ចសន្ទនា​ទ្វេភាគី​បាន​បន្ត​ដោយ​ការ​ជួប​ជុំ​ទទួល​ទាន​អាហារ​ការងារ​។ ហើយ​ប្រមុខ​ការ​ទូត​ទាំងពីរ​ត្រូវ​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ម្តង​​ទៀតនៅ​ថ្ងៃសុក្រ​នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​រក្សា​ទំនាក់ទំនង​បើក​ចំហ​និង​មាន​ទំនួល​ខុស​ត្រូវ​។ បន្ទាប់​មក​​ លោក​វ៉ាងយី នឹង​អញ្ជើញ​ទៅ​សេតវិមាន​ដើម្បី​ជួប​ជជែក​ជាមួយទីប្រឹក្សា​សន្តិសុខ​ជាតិអាមេរិក​​លោក​ជេក​ស៊ូលីវ៉ាន់ និង​ទំនង​អាច​មាន​ជំនួប​ជាមួយ​​លោក ​ចូបៃដិនផង។ ពុំ​មាន​សេចក្តី​ប្រកាស​អំពី​ជំនួប​ជា​មួយ​ប្រធានាធិបតីអាមេរិក​ទេ ប៉ុន្តែ​អ្នកការទូត​យល់​ថា​ពិត​ជាមានការ​ទទួល​ជួប​ ព្រោះ​​លោក​អង់តូនីប្លីងកិន​ ធ្លាប់​ត្រូវ​បាន​លោក​ស៊ីជីនពីង​ទទួល​ជួប​ដែរ ក្នុង​ពេល​​បំពេញ​ទស្សនកិច្ច​នៅ​ចិន​កាលពី​ខែ​មិថុនា​កន្លង​ទៅ។

ទស្សនកិច្ច​របស់​លោក​វ៉ាងយី​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​មហាអំណាច​ទាំងពីរ​កំពុង​ប្រជែង​គ្នា​ខ្លាំង តែ​ក៏​ចង់​មាន​​​ទំនាក់ទំនង​ប្រកប​ទំនួល​ខុស​ត្រូវ​ គោរព​តាម​ច្បាប់​អន្តរជាតិ​​លើ​គ្រប់​វិស័យ​មិនថា​នយោបាយ ឬ​សេដ្ឋកិច្ច​ឬ​អ្វី​ផ្សេងទេ។ ទស្សនកិច្ច​នេះ​ក៏​ជា​ការ​ដំណើរ​រៀប​ចំ​ទស្សនិច្ច​របស់​លោកប្រធានាធិបតី​ចិន​ស៊ីជីនពីង​នៅ​សហរដ្ឋ​អាមេរិក ដែល​ទំនង​ជា​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ពោល​គឺ​នា​​ឱកាស​មាន​ជំនួប​កំពូលនៃ​ក្រុមប្រទេស​មាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ហៅកាត់​ថា​​APEC។ សង្ឃឹម​ថា​ជំនួប​រវាង​ប្រមុខ​ការ​ទូតទាំងពីរ​ នឹង​ប្រកាស​បញ្ជាក់​អំពី​ជំនួប​កំពូល​រវាង​លោក​ស៊ីជិនពីង​និង​លោក​ចូបៃដិន​ ដូច​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​ធ្លាប់​អះអាង​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ