អានតួអត្ថបទ

តុលាការកំពូលអាមេរិកបដិសេធ​​មិន​ទាន់​វិនិច្ឆ័យសំណុំរឿង​អភ័យ​ឯកសិទ្ធិអតីតប្រធានាធិបតី​ ដូណាល់ ត្រាំ

តើ​លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក​ ត្រូវទទួល​បាន​ការ​ការពារ​ដោយ«អភ័យឯកសិទ្ធិប្រធានាធិបតី»​ ដែរឬទេ ចំពោះ​ចេតនា​ចង់​កែក្រឡាស់​លទ្ធផល​បោះឆ្នោត​ កាលពីឆ្នាំ២០២០? នេះគឺ​ជា​សំណួរ​ដែល​ចោទឡើង នៅ​តុលាការកំពូលសហរដ្ឋអាមេរិក នា​​​ថ្ងៃសុក្រ ទី​២២ ខែ​ធ្នូ។ ក្រោយ​កិច្ច​ពិភាក្សា​ច្បាប់​យ៉ាង​តឹងតែង នៅទីបំផុត​ទៅ តុលាការ​វិនិច្ឆ័យ​រដ្ឋសហព័ន្ធ​អាមេរិក បាន​សម្រេច​បដិសេធមិនទាន់វិនិច្ឆ័យថា​យ៉ាងណា​នោះទេចំពោះ​ករណី​សំណុំរឿងនេះ។​ បើទោះបីជា​ ​ ​បដិសេធ​​មិន​ទាន់​វិនិច្ឆ័យ​ក្តី ប៉ុន្តែ តុលាការកំពូល ក៏ពុំ​បាន​​បញ្ជាក់ ថា អតីតប្រធានាធិបតី ត្រូវតែ​ទទួល​បាន«​​​អភ័យ​ឯកសិទ្ធិ»គេច​ផុត​ពីការ​ចោទប្រកាន់​បទល្មើ​ស​ព្រហ្មទណ្ឌ ​នោះដែរ។

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី ផ្តើ​ម​ធ្វើ​យុទ្ធនាការ​បោះឆ្នោតជាបណ្តើរៗ ទៅហើយ នៅ​ខែ​ធ្នូ ២០២៣។
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី ផ្តើ​ម​ធ្វើ​យុទ្ធនាការ​បោះឆ្នោតជាបណ្តើរៗ ទៅហើយ នៅ​ខែ​ធ្នូ ២០២៣។ REUTERS - SCOTT MORGAN
ផ្សាយពាណិជ្ជកម្ម

ការ​មិនទាន់​វិនិច្ឆ័យយ៉ាង​ដូច្នេះ បាន​នាំ​ជាប្រយោជន៍​​និងការ​ត្រេកអរ​សប្បាយចិត្តសម្រាប់​​ក្រុម​គណ​បក្ស​សាធារណៈរដ្ឋ​ មិនតិចឡើយ​​។ ដ្បិតថា ទាំង​លោក ដូណាល់ ត្រាំ ក្តីនិង​ ទាំង​ក្រុម​មេធាវី​របស់​គាត់ក្តី​ សុទ្ធតែ​បា​នខំប្រឹង​ខ្នះខ្នែង​ និង​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​ធ្វើ​យ៉ាង​ម្តេច រារាំង​ កុំឲ្យ​មាន​សវនាការ​ជម្រះក្តី​​កាត់ទោស​ណាមួយ ឬ​កុំឲ្យ​មាន​សាលដីកាណាមួយ​ ដែល​សម្រេច​ថា​លោក ដូណាល់ ត្រាំ ​បាន​ប្រព្រឹត្តទោសកំហុស​ធ្ងន់​ រហូត​ដល់​​គ្មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក ​ជាថ្មី  ខណៈ​ពេល​ដែលយុទ្ធនាការ​បោះឆ្នោត ​ឆ្នាំ២០២៤ កាន់តែ​ខិត​កៀក​ជិត​មកដល់​។​

​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ លោក ដូណាល់ ត្រាំ បាន​ផ្សាយអះអាង​ថា អំលុង​​ពេល​កាន់​​មុខតំណែង​ជាប្រធានាធិបតីនៃ​​សេតវិមាន រូប​លោកមាន​«អភ័យ​ឯកសិទ្ធិពេញ​លេញ» ហើយ​និង មិន​អាច​ត្រូវ​រង​បទ​ចោទប្រកាន់ផ្លូវ​​ច្បាប់ ពី រដ្ឋអាជ្ញា​​ណាម្នាក់ ​ ឈាន​ដល់​កាត់ទោសជ​ម្រះក្តី​ឡើយ។ មិនតែប៉ុណ្ណោះ​ លោក ដូណាល់ ត្រាំ ក៏​អំពាវនាវ​ឲ្យ​អ្នកស្រឡាញ់​គាំទ្រ ឲ្យ​​នៅតែបន្ត​គាំទ្រ​រូបលោក ហើយនាំគ្នា​​ចូលរួម​ផ្តល់​វិភាគទាន​លុយកាក់​សម្រាប់​យុទ្ធនាការបោះឆ្នោត ឆ្នាំថ្មី ទៀត​ផង។​

ការ​ជជែក​ពិភាក្សា​ច្បាប់​អំពី​អភ័យ​ឯកសិទ្ធិប្រមុខរដ្ឋអាមេរិក​ នៅពេល​នេះ គឺ​បន្ទាប់ តុលាការ​រដ្ឋ​កូលូរាដូ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ ​ថា ​អតីតប្រធានាធិបតី​លោក ដូណាល់ ត្រាំ គ្មាន​សិទ្ធិ​ គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋនេះឡើយ ពីព្រោះ​តែ​បានប្រព្រឹត្ត​កំហុស​ធ្ងន់ ​​អំពាវនាវ​ឲ្យ​បង្កអំពើហិង្សា​លុកលុយ​វិមានសភា​ កាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ តុលាការ​ជាន់​ទាប ក៏​អះអាងថា រដ្ឋអាជ្ញា​អាចមាន​សិទ្ធិ​​ចោទប្រកាន់​ចំពោះ​អតីត​ប្រធានាធិបតី​បាន​។ ​​មិនតែប៉ុណ្ណោះ តុលាការ​ជាន់​ទាប ក៏ថែមទាំង​​បាន​ដាក់​កាលវិភាគ​ស្រេច​ទៅហើយ សម្រាប់​ដើម​​ឆ្នាំថ្មី ​ដើម្បី​បើ​ក​សវនាការ​ជម្រះក្តី ចំពោះ​បទ​ចោទប្រកាន់​មួយ​ចំនួន​ ​លើលោក ដូណាល់ ត្រាំ។

ហេតុដូច្នេះហើយ ទើប លោក ចេក ស្មីត ​រដ្ឋអាជ្ញានៃ​តុលាការ​កំពូល​រដ្ឋ​សហព័ន្ធ​អាមេរិក បានស្នើ​​ប្តឹងទៅ តុលាការកំពូល តែម្តង​ ដើម្បី​នឹង​​​​វិនិច្ឆ័យ​ ជាបន្ទាន់​ជាទីបំផុត។​​

​​ក្នុង​ប្រវត្តិច្បាប់​សហរដ្ឋអាមេរិក រហូត​ដល់មកដល់ពេលនេះ គឺ​​ពុំ​ដែល​មានសាលក្រម ឬ​សាលដីកា​ជាយុត្តិសាស្ត្រ​ណាមួយ​ ដែល​បាន​សម្រេច​​ឲ្យដាច់​ស្រេច​​ច្បាស់លាស់ ​ថា អតីតប្រធានាធិបតីត្រូវតែ​ទទួល​ការពារ​ពី​​អភ័យ​ឯកសិទ្ធិ គេច​ផុត​ពីការ​ចោទប្រកាន់ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ នោះឡើយ។ ​សំណុំ​រឿង​ លោក ដូណាល់ ត្រាំ ជា​ករណីពិសេស ប្លែក ទី១ របស់​សហរដ្ឋអាមេរិក​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ