អានតួអត្ថបទ

នៅពេលជនជាតិចិនក្លាយជាគោលដៅវាយប្រហារ​ភេរវកម្មអត្តឃាតនៅប៉ាគីស្ថាន

នៅប៉ាគីស្ថាន ក្រុមហ៊ុន​ចិន​ប្រកាសផ្អាក​ការដ្ឋានសាងសង់​ទំនប់វារីអគ្គិសនី​ចំនួន​២កន្លែង នៅភាគខាងជើង​ប្រទេស បន្ទាប់ពី​ភេរវកម្ម​អត្តឃាត​បានសម្លាប់​វិស្វករចិន ៥នាក់ កាលពីថ្ងៃ​អង្គារ​កន្លងទៅ។ នេះបើតាម​ការអះអាង​របស់អ្នកទទួលខុសត្រូវ​របស់​ខេត្ត​ Khyber Pakhtunkhwa។ ប៉ាគីស្ថាន​បានទទួលប្រយោជនរាប់ពាន់លាន​ដុល្លា​ពី​គម្រោងការវិនិយោគ​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់​ចិន ប៉ុន្តែ ប៉ាគីស្ថាន​នៅតែមិនទាន់​អាច​ធានា​សុវត្ថិភាព​ឲ្យ​ក្រុមហ៊ុន បុគ្គលិកចិន​ដែល​ឈរជើង​ប្រចាំការ នៅ​ប៉ាគីស្ថាន។

នៅថ្ងៃ​អង្គារទី ២៦មីនា ភេរវជន​អត្តឃាត​បាន​បើក​រថយន្ត​ទៅ​បំផ្ទុះខ្លួន នៅកណ្តាល​ក្បួន​រថយន្ត​ដែល​ដឹក​បុគ្គលិក​របស់​ក្រុមហ៊ុន​ចិន។
នៅថ្ងៃ​អង្គារទី ២៦មីនា ភេរវជន​អត្តឃាត​បាន​បើក​រថយន្ត​ទៅ​បំផ្ទុះខ្លួន នៅកណ្តាល​ក្បួន​រថយន្ត​ដែល​ដឹក​បុគ្គលិក​របស់​ក្រុមហ៊ុន​ចិន។ AFP - -
ផ្សាយពាណិជ្ជកម្ម

យោងតាម​អ្នកទទួលខុសត្រូវ​របស់​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​ Khyber Pakhtunkhwa ក្រុមហ៊ុន​ចិន​បាន​ផ្អាកការងារ​នៅ​ការដ្ឋានសង់​ទំនប់​វារីអគ្គិសនី​នៅ Dasu និង​Diamer Bhasha នៅភាគខាងជើង ប៉ាគីស្ថាន តាំងពី​ថ្ងៃ​ពុធ ទី ២៨ ពោល​គឺ​នៅមួយ​ថ្ងៃ​ក្រោយ​ដែល​វិស្វករ​ចិន​៥នាក់ ដែលធ្វើការ​នៅ​ការដ្ឋានទំនប់​វារីអគ្គិសនី Dasu ស្លាប់​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​អត្តឃាត។

នៅថ្ងៃ​អង្គារទី ២៦មីនា ភេរវជន​អត្តឃាត​បាន​បើក​រថយន្ត​ទៅ​បំផ្ទុះខ្លួន នៅកណ្តាល​ក្បួន​រថយន្ត​ដែល​ដឹក​បុគ្គលិក​របស់​ក្រុមហ៊ុន​ចិន។ កម្លាំងផ្ទុះ​បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ដឹកវិស្វករ​ចិន​៥នាក់ និង​អ្នកបើកបរ​ជនជាតិ​ប៉ាគីស្ថាន ធ្លាក់ផ្ទុះ នៅ​ក្នុង​ជ្រលងភ្នំ។

យោងតាម​អ្នកទទួលខុសត្រូវ​ប៉ាគីស្ថាន នៅក្រោយពីមាន​ភេរវកម្ម​អត្តឃាត​សម្លាប់វិស្វករ​របស់ខ្លួន កាលពីថ្ងៃ​អង្គារ ក្រុមហ៊ុន​ចិន​ដែល​ទទួលបន្ទុក​សាងសង់​ទំនប់​វារីអគ្គិសនី នៅ Dasu និង​Diamer Bhasha បាន​ប្រកាស​ផ្អាក​សកម្មភាពសាងសង់ និង​ទាមទារ​ផែនការ​ការពារ​សុវត្ថិភាព​ពី​រដ្ឋាភិបាលប៉ាគីស្ថាន។ បើតាម​ក្រុមហ៊ុន​ចិន នៅក្នុងអំឡុង​ពេល​រង់ចាំ​ការធានា​សុវត្ថិភាព​មធ្យ័ត ពី​សំណាក់​អាជ្ញាធរ​ប៉ាគីស្ថាន វិស្វករ​ចិន​ប្រមាណ ១២៥០នាក់ ត្រូវ​ស្ថិតនៅ​ក្នុង​ជំរំស្នាក់នៅ មិនអាច​ដើរចេញទៅក្រៅដាច់ខាត ដើម្បីសុវត្ថិភាព។

ការដ្ឋានសាងសង់​ទំនប់​វារីអគ្គិសនី នៅ Dasu និង​Diamer Bhasha ជា​គម្រោងការវិនិយោគមួយ​សំខាន់​របស់​ចិន នៅប៉ាគីស្ថាន។ គិត​ចាប់តាំង​ពី​ឆ្នាំ ២០១៥ ប៉ាគីស្ថាន​បើកផ្លូវ​ឲ្យ​ចិន បោះទុន​វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​របស់ខ្លួន​ជាច្រើន ដូចជា រោងចក្រ​ផលិតអគ្គិសនី កំពង់ផែ និង​គម្រោងសាងសង់ផ្លូវដឹកជញ្ជូនជាច្រើន​នៅប៉ាគីស្ថាន។

ជាអ្នកទទួលបាន​ប្រយោជន៍​ពីទឹកប្រាក់វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ពី​គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ​របស់​ចិន ប៉ាគីស្ថាន​កាលពីថ្ងៃ​ពុធ​បាន​ប្រកាស​ពង្រឹងសន្តិសុខ នៅ​តាម​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាង ២០កន្លែង នៅ​ខេត្ត​ភាគខាងជើង ជាទី​ដែលកើតមានភេរវកម្ម​អត្តឃាត​សម្លាប់​ជនជាតិចិន។ នៅថ្ងៃ​ពុធ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ប៉ាគីស្ថាន នៅបាន​ទៅចូលរួមសំដែង​ទុក្ខសោកជាមួយ​ឯកអគ្គរដ្ឋទូតចិន នៅអ៊ីស្លាម៉ាបាត។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ប៉ាគីស្ថាន​វិញ​នៅ​បាន​សន្យា​សើរើ​ដំណើរការ​រក្សាសន្តិសុខ ដើម្បី​ស្វែងរក​ចំណុចខ្សោយ និង​ការខ្វះចន្លោះ ដែលអនុញ្ញាត​ក្រុម​អត្តឃាតជន​អាច​ធ្វើភេរវកម្ម​សម្លាប់​វិស្វករ​ចិន។ ពី​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម​សម្លាប់ជនជាតិចិន។ សម្រាប់អ្នកនាំពាក្យ​ចិន មិត្តភាព​ប៉ាគីស្ថាន និង​ចិន ជា​មិត្តភាព​ដែកថែប ប៉ុន្តែ ​ប៉ាគីស្ថាន​ត្រូវតែ​ស៊ើបអង្កេត ស្វែងរក​ឃើញ មុខ​អ្នកទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​ភេរវកម្មសម្លាប់វិស្វករចិន។

ក្រុមតាលីបង់​ប៉ាគីស្ថាន ដែល​សកម្ម និងធ្លាប់​វាយប្រហារ​ផលប្រយោជន៍របស់ចិន នាពេលកន្លងមក នៅ​តំបន់ភាគខាងជើង​ប៉ាគីស្ថាន បាន​ចេញមុខ​បដិសេធ​ភ្លាមៗ​ថា ភេរវកម្ម​អតុ្តឃាត​កាលពី​ថ្ងៃ​អង្គារ​មិនមែន​ជា​ស្នាដៃ​របស់ក្រុមខ្លួន។

ទោះក្រុមតាលីបង់​ប៉ាគីស្ថាន​មិនចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ភេរវកម្ម ប៉ុន្តែ នៅប៉ាគីស្ថាន កន្លងមក បុគ្គលិក​ជនជាតិចិន​ធ្លាប់​ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​ក្រុមជនប្រដាប់អាវុធ ដែល​អរិភាព មិន​ស្វាគម​វត្តមាន​ជនបរទេស​នៅក្នុងទឹកដី​ប៉ាគីស្ថាន។ ក្រុមខ្លះ​ធ្លាប់តវ៉ា​ថា ប៉ាគីស្ថាន​ចាញ់ប្រៀប នៅក្នុង​ការវិនិយោគ​ជាមួយ​ចិន និង​ថា ប្រជាជន​ដែល​រស់នៅក្នុងតំបន់ដែល​មាន​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន​ចិន តាមពិត​មិនដែល​បាន​ទទួលប្រយោជន៍អ្វីទាំងអស់។​

ភេរវកម្ម​អត្តឃាត​សម្លាប់វិស្វករចិន កាលពីថ្ងៃអង្គារ​កើតឡើងនៅតែប៉ុន្មានថ្ងៃ ក្រោយ​ដែលក្រុមប្រដាប់អាវុធ​ប៉ុនប៉ង​វាយចូល​ការិយាល័យ​ធ្វើការ​នៅ​កំពង់ផែទឹកជ្រៅ Gwadar ដែលជាគម្រោងវិនិយោគមហាសាល និង​យុទ្ធសាស្រ្ត​របស់​ចិន នៅប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ