អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ភ្នំភ្លើង​ មេរ៉ាពី នៅឥណ្ឌូណេស៊ី កំរើកបញ្ចេញផ្សែងផេះ កំពស់៦០០០ម៉េត្រ

ភ្នំភ្លើង មេរ៉ាពី ស្ថិតនៅលើកោះហ្សាវ៉ា ប្រទេសឥណ្ឌូណេស៊ី បានកម្រើកឡើង និងបានបញ្ចេញផ្សែងផេះ ហោះទៅលើកំពស់ប្រមាណ​ជា​៦ពាន់មែត្រ នៅថ្ងៃអាទិត្យ​ទី​២១មិថុនា​។ ភ្នំភ្លើងនេះ ជាភ្នំភ្លើងដែលនៅមានជីវិត និងសកម្មជាទីបំផុត ហើយត្រូវបានអ្នកជំនាញតាមដានជាប្រចាំ ដើម្បីដឹងមុន ក្នុងករណីវា​ផ្ទុះបញ្ចេញកំអែលនិងអណ្តាតភ្លើង។

ភ្នំភ្លើងមេរ៉ាពី មើលពីភូមិ  Sawit village  ភាគកណ្តាល​កោះហ្សាវ៉ា ថ្ងៃទី​២១ មិថុនា ២០២១
ភ្នំភ្លើងមេរ៉ាពី មើលពីភូមិ Sawit village ភាគកណ្តាល​កោះហ្សាវ៉ា ថ្ងៃទី​២១ មិថុនា ២០២១ via REUTERS - ANTARA FOTO
ផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកជំនាញធរណីវិទ្យា ប្រចាំនៅកោះហ្សាវ៉ា ឥណ្ឌូណេស៊ី ភ្នំភ្លើង មេរ៉ាពី​ បានកម្រើកផ្ទុះ នៅថ្ងៃអាទិត្យទី​២១មិថុនានេះ។ សម្លេងផ្ទុះចំនួន២លើក បាន​បន្លឺលាន់ឮ ក្នុងរយៈពេល​៧នាទី។ ប្រជាជនរស់នៅ តំបន់ Sleman និង Klaten បានអះអាងប្រាប់អ្នកយកព័ត៌មាន​ក្នុងស្រុកថា ពួកគេបានឮសម្លេង កម្រើកផ្ទុះ ចេញភ្នំភ្លើងមេរ៉ាពី នៅព្រឹកថ្ងៃអាទិត្យ។

អាជ្ញាធរឥណ្ឌូណេស៊ី បានអំពាវនាវ ឲ្យ​ប្រជាជន ដែលរស់នៅ​ជុំវិញភ្នំភ្លើងនេះ ក្នុងបរិវេណ​៣គីឡូម៉ែត្រ ត្រូវភៀសខ្លួន ទៅរកទីកន្លែងមានសុវត្ថិភាពសិន។ អាជ្ញាធរ ក៏ប​ានអំពាវនាវផងដែរ ឲ្យ​យន្តហោះ ដែលធ្វើដំណើរឆ្លងកាត់ដំបន់នេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីផ្សែងផេះក្រាសខ្លាំង ឬដុំភ្លើងដែលអាចផ្ទុះចេញ ពីភ្នំភ្លើងនេះ។

គួរកត់សំគាល់ថា កាលពីខែមីនា ភ្នំភ្លើងមេរ៉ាពីដ៏ល្បី ដែលស្ថិតនៅខាងជើងទីក្រុង យ៉ូកចាកាតា លើកោះហ្សាវ៉ានេះ បានផ្ទុះកម្រើកម្តងរួចហើយ។​ អាជ្ញាធរបានបិទជាបណ្តោះអាសន្ន នូវព្រលាន យន្តហោះ នៅទីក្រុង Surakarta ស្ថិតនៅចំងាយ​៤០គីឡូម៉ែត្រ ពីភ្នំភ្លើង។

សូមបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ី ជាប្រទេសដែលមានស្ថានភាពភូមិសាស្ត្រ ស្ថិតលើចំនុច​ប្រសព្វ​ នៃ​ស្រទាប់​សំបកផែនដី ដែលរុញបុកគ្នាទៅវិញទៅមកជាប្រចាំ។ ស្នាមប្រេះ បង្កឡើងដោយកម្លាំងរុញច្រាន នៃស្រទាប់ផែនដី បានធ្វើឲ្យ​តំបន់នេះ សំបូរភ្នំភ្លើងបំផុត។​ ក្នុងចំណោមភ្នំភ្លើងប្រមាណ​១៦០ ដែលមានជីវិតនៅឥណ្ឌូណេស៊ី ភ្នំភ្លើងមេរ៉ាពី គឺជាភ្នំភ្លើងដែលសកម្មជាងគេ។ កាលពីឆ្នាំ១៩៣០ ភ្នំភ្លើងមេរ៉ាពី បានផ្ទុះបញ្ចេញកំអែលនិងផេះ បណ្តាលឲ្យ​ស្លាប់ប្រជាជន​ប្រមាណ​១៣០០នាក់។ ក្រោយមក នៅឆ្នាំ១៩៩៤ មេរ៉ាពីបានសម្លាប់មនុស្ស៦៤នាក់ ហើយការផ្ទុះចុងក្រោយគឺ នៅខែតុលា ឆ្នាំ​២០១០ មេរ៉ាពីបានកម្រើកផ្ទុះយ៉ាងខ្លាំង បណ្តាលឲ្យស្លាប់មនុស្ស​៣៦៧នាក់ និងបានធ្វើឲ្យ​ប្រជាជន​ ប្រមាណ​៤សែននាក់ ត្រូវភៀសខ្លួន។

យោងតាមអ្នកជំនាញ ភ្នំភ្លើងមេរ៉ាពី មានអាយុកាលក្មេង ប្រមាណ​ត្រឹមតែ៦ម៉ឺនឆ្នាំប៉ុណ្ណោះ។ ភ្នំភ្លើងនេះ ជាប្រភេទភ្នំភ្លើងដែលមាន​ប្រហោងកណ្តាលធំ ផ្ទប់ឧស្ម័ននិងកំអែលម៉ាក់ម៉ា ក្នុងកំដៅ​ដល់ទៅ​ជាង​​៨០០អង្សារសេ។ ពេលដែលសំពាធកំដៅឡើងដល់កម្រិត ភ្នំភ្លើងនេះ អាចកំអែល អមដោយ​ដុំថ្មីធំៗ ចម្ងាយរាប់សិបគីឡូម៉ែត្រនៅជុំវិញ។ តែទោះជាយ៉ាងនេះក្តី ប្រជាជន​ប្រមាណ​៥សែននាក់ នៅតែបន្តរស់នៅ ក្នុងតំបន់ដែលប្រឈបនឹងគ្រោះថ្នាក់បំផុត ជុំវិញភ្នំមេរ៉ាពី។ អ្នកដែលបានភៀសខ្លួនចេញនៅពេលផ្ទុះម្តងៗ ភាគច្រើនបានត្រលប់ទៅរស់នៅកន្លែងចាស់វិញ។ សម្រាប់ប្រជាជនតំបន់នេះ ភ្នំមេរ៉ាពីបានក្លាយជានិម្មិតរូប នៃភាព​មិនទៀងទាត់នៃជីវិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ