អានតួអត្ថបទ
កូវីដ១៩-ឥណ្ឌូណេស៊ី

ករណីឆ្លងកូវីដ១៩នៅឥណ្ឌូណេស៊ីកើនឡើងលើស ១០ម៉ឺននាក់

ករណី​ឆ្លង​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បានកើនឡើង​លើស ១០ម៉ឺននាក់ កាល​ពីថ្ងៃ​ចន្ទ ក្នុងពេល​ដែល​ចំនួន​អ្នក​ស្លាប់​មាន​រហូតដល់​ទៅ​ ៤ ៨៣៨នាក់។ ស្ថិត​ក្នុង​ស្ថានការណ៍​នេះ ​អង្គការ​កាកបាទក្រហម​ឥណ្ឌូណេស៊ី​បាន​ទាញសញ្ញាអាសន្ន​ថា វិបត្តិ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់ទី៤ នៅលើ​ពិភពលោកនេះ អាច​នឹង​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​គ្រប់គ្រង​លែងបាន។

ករណីឆ្លង​កូវីដ១៩​​ដែល​គេ​រកឃើញ​នៅ​ឥណ្ឌូណេស៊ី​កើនឡើង​លើស១០ម៉ឺននាក់ តែ​ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើន​ជាងនេះ ដោយសារ​តែ​ឥណ្ឌូណេស៊ី​ធ្វើតេស្ត​រក​កូវីដ១៩ ក្នុងអត្រា​មួយ​ទាប​ធៀប​នឹង​ចំនួន​ប្រជាជន
ករណីឆ្លង​កូវីដ១៩​​ដែល​គេ​រកឃើញ​នៅ​ឥណ្ឌូណេស៊ី​កើនឡើង​លើស១០ម៉ឺននាក់ តែ​ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើន​ជាងនេះ ដោយសារ​តែ​ឥណ្ឌូណេស៊ី​ធ្វើតេស្ត​រក​កូវីដ១៩ ក្នុងអត្រា​មួយ​ទាប​ធៀប​នឹង​ចំនួន​ប្រជាជន AFP
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី ដែល​មាន​ប្រជាជន​រហូតដល់ទៅ​ជិត ២៧០លាននាក់ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រងគ្រោះ​ដោយកូវីដ១៩ខ្លាំងជាងគេ នៅ​ក្នុង​តំបន់​អាស៊ី ហើយ​អ្នក​ជំនាញ​ខាង​វេជ្ជសាស្រ្ត​បាន​នាំគ្នា​លើកឡើង​ថា ការកើនឡើង​នៃ​ចំនួន​ករណី​ឆ្លង​កូវីដ១៩​ថ្មីៗ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​បានដក ឬ​​បន្ធូរបន្ថយ​វិធានការ​រឹតត្បឹត​ការ​ជួបជុំ​របស់​ប្រជាជន។

គួរបញ្ជាក់ថា អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​សម្រេច​បន្ធូរបន្ថយ​វិធានការ​រឹតត្បឹត​ការជួបជុំ និង​ការ​ធ្វើ​ដំណើរ កាល​ពី​​​ខែ​មិថុនា​កន្លងទៅ ក្នុងគោលដៅ ជំរុញ​​សេដ្ឋកិច្ច​ឲ្យ​មាន​ដំណើរការ​ឡើងវិញ។ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា ចាប់តាំង​ពីពេលនោះមក ករណីឆ្លងកូវីដ១៩​ថ្មីៗ​ត្រូវ​បាន​គេ​រកឃើញ​ក្នុងមួយថ្ងៃៗ​​ប្រមាណ​ជា ១ពាន់នាក់ ឬ​លើសពីនេះ​ជារៀងរាល់ថ្ងៃ។ ហើយ​នេះ គ្រាន់តែ​ជា​ករណី​ឆ្លង​ដែល​គេ​បាន​ធ្វើ​តេស្ត​រកឃើញតែប៉ុណ្ណោះ។ គេដឹងថា​ ឥណ្ឌូណេស៊ី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការធ្វើ​តេស្ត​រក​កូវីដ១៩​ក្នុង​អត្រា​មួយ​ទាប។ ដូច្នេះ គេ​សង្ស័យ​ថា ចំនួន​អ្នក​ឆ្លង​កូវីដ​១៩ពិតប្រាកដ អាច​មាន​ច្រើន​ជាងនេះ គ្រាន់តែ​គេ​មិន​បាន​ដឹង ដោយសារ​តែ​មិន​បាន​ធ្វើ​តេស្ត។

អ្នកនាំពាក្យ​សមាគមគ្រូពេទ្យ​ឥណ្ឌូណេស៊ី​បាន​លើកឡើង នៅថ្ងៃ​ចន្ទ​ថា មួយរយៈកាល​ថ្មីៗ​ចុងក្រោយ​នេះ ប្រជាជន​ឥណ្ឌូណេស៊ី​ហាក់ដូចជា​បាននាំគ្នា​បន្ធូរដៃ លែង​សូវ​យកចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​ការពារ​កូវីដ១៩ ហើយ​ថា តួលេខ​ដែល​បង្ហាញ​ពី​អ្នក​ឆ្លង​លើស​ពី​១០ម៉ឺននាក់ កាល​ពីថ្ងៃ​ចន្ទ​នេះ គួរតែ​ជា​សញ្ញា​ដាស់​ស្មារតី​ឲ្យ​ប្រជាជន និង​ជាពិសេស​រដ្ឋាភិបាល​ឲ្យ​​ចាប់ផ្តើម​បង្កើន​​ការ​យកចិត្ត​ទុកដាក់ឡើងវិញ ក្នុងការ​ទប់ស្កាត់​ការ​រីករាលដាល​កូវីដ១៩​នេះ។

អង្គការ​កាកបាទ​ក្រហម​ឥណ្ឌូណេស៊ី​វិញបានប្រកាស​ឲ្យដឹង​ នៅថ្ងៃ​ចន្ទ​នេះ​ដែរ​ថា ខ្លួន​បាន​បង្កើត​ក្រុមស្ម័គ្រចិត្ត​ចំនួន ៧ពាន់នាក់ នៅទូទាំង​ប្រទេស ឲ្យ​ចេញ​ធ្វើ​ប្រតិបត្តិការ​ណែនាំ​ប្រជាជន​ឲ្យ​យល់​ពី​ការ​អនុវត្ត​វិធានការ​ចាំបាច់ រួមមាន​ដូចជា​ការ​រក្សា​គម្លាតគ្នា ការ​ពាក់ម៉ាស់ និង​វិធានការ​អនាម័យ​ចាំបាច់​ផ្សេងទៀត ដើម្បី​ការពារខ្លួន​ពី​ការ​ឆ្លង​កូវីដ១៩។

គេ​សង្កេតឃើញ​ថា បច្ចុប្បន្ននេះ នៅស្ទើរតែ​គ្រប់បណ្តា​ប្រទេស​ទាំងអស់ ដែល​កន្លងមក ក្រោយ​ពី​ឃើញ​ស្ថានភាព​បានធូរស្រាល ហើយ​ក៏​នាំគ្នា​បន្ធូរបន្ថយ ឬ​​ដកចេញវិញ​នូវ​​​​វិធានការ​រឹតត្បឹត​ប្រជាជន​ ​ការ​ឆ្លង​កូវីដ១៩កំពុងតែ​ចាប់ផ្តើម​មានសន្ទុះកើនឡើងវិញ​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ក្រើន​រំឭក កាល​ពីថ្ងៃ​ចន្ទ​ដល់​គ្រប់ប្រទេស​ទាំងអស់ថា មិនត្រូវ​បន្ធូរដៃ​ឆាប់ពេកទេ ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​ការរីករាលដាល​កូវីដ១៩​នេះ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ក៏​បាន​លើកឡើង​ផងដែរ​ថា ការបិទព្រំដែន​ក៏​វា​មិនមែន​ជា​វិធានការ​មាន​ប្រសិទ្ធភាព​សម្រាប់​រយៈពេលវែង​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ