អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី ៖ សារព័ត៌មាន​ដែលរិះគន់ចំណាត់​ការប្រឆាំងនឹងកូវីដ១៩​ រងការ​វាយប្រហារ​ព័ត៌មានវិទ្យា

នៅ​ឥណ្ឌូណេស៊ី ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ច្រើន ដែល​បាន​សរសេរ​រិះគន់ចំណាត់​ការ​របស់​រដ្ឋាភិបាលទល់​នឹងវិបត្តិកូវីដ១៩ បាន​រង​ការ​វាយប្រហារ​​តាម​អ៊ីនធ័រនែត​ ជាបន្តបន្ទាប់។ ជាការវាយប្រហារ​ព័ត៌មាន​វិទ្យា​ ដែលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​សេរីភាព​សារព័ត៌មាន។ នេះ​បើតាម​ការ​យល់ឃើញ​របស់​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ។

ប្រព័ន្ធផ្សាយផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​រឿង​កូវីដ រងការ​វាយប្រហារ​តាមអ៊ីនធ័រនែត
ប្រព័ន្ធផ្សាយផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​រឿង​កូវីដ រងការ​វាយប្រហារ​តាមអ៊ីនធ័រនែត © REUTERS/Kacper Pempel/Illustration
ផ្សាយពាណិជ្ជកម្ម

វេបសាយ​របស់​ប្រព័ន្ធឃោសនាព័ត៌មាន​ឥណ្ឌូណេស៊ី​ យ៉ាង​ហោច​បួន បាន​រង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ដ៏​ធ្ងន់ធ្ងរ​ខ្លាំងមិនធ្លាប់ជួបប្រទះ​ពីមុន​មកទេ ពោល​គឺ​ហាក់​ដូច​ជា​ចង់​ធ្វើ​ការ​គំរាម ដាក់​កំហិតមិន​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​រិះគន់​ ឬជាការ​គំរាម​​បំបិទ​សេរីភាព​សារព័ត៌មានតែម្តង។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ ដែល​បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំ និង​​​បានអំពាវនាវ​ឱ្យ​អាជ្ញាធរ​បើក​អង្កេត​ឱ្យ​បាន​ស៊ីជម្រៅ។ សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ​បាន​ព្រមានទៀត​ថា ការ​វាយប្រហារ​អ៊ីនធ័រនែត​ទ្រង់ទ្រាយ​ធំនេះ អាច​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​ឥណ្ឌូណេស៊ី ព្រោះ​ការភ័យ​ខ្លាចខ្លាំង​អាចនឹង​ជំរុញ​ឱ្យ​អ្នកកាសែតលែង​សូវហ៊ាន​​បញ្ចេញ​ទស្សនៈ​ដោយ​សេរី ​ហើយ​ឈានទៅ​​ដាក់​បម្រាម​លើ​ខ្លួន​ឯង។

ការ​វាយប្រហារ​មាន​ទម្រង់​ផ្សេងៗគ្នា ៖ កាលពីថ្ងៃ​សុក្រ​ទី ២១សីហា វេបសាយ​របស់​ប្រព័ន្ធ​សារព័ត៌មាន​ស៊ើប​អង្កេត​ឥណ្ឌូណេស៊ី Tempo ត្រូវ​បាន​ជំនួស​ដោយ​អេក្រង់ពណ៌​ខ្មៅ និង​អក្សរពណ៌ក្រហមថា"hoax"  (“ព័ត៌មានក្លែងក្លាយ”)។ ចំណែកអត្ថបទសរសេររិះគន់​តួនាទី​របស់​ភ្នាក់ងារ​ចារកិច្ច​និង យោធា ក្នុង​ចំណាត់ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ១៩​វិញ ត្រូវ​បាន​រលុប​ចេញ​ពីវេបសាយTirtoដែល​ជា​​​ប្រព័ន្ធ​សារព័ត៌មាន​អនឡាញ។

គណនីទ្វីតទ័រ​របស់​សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​អេពីដេមីសាស្ត្រ​ លោក ប៉ង់ឌូ រីអូណូ Pandu Riono ក៏​រងការវាយប្រហារ​ដែរ ព្រោះលោក​ទើបបានធ្វើ​ការ​រិះគន់​គម្រោង​សា្រវជ្រាវ​កូវីដ១៩ របស់​រដ្ឋាភិបាល​និង​សកលវិទ្យាល័យ​ឥណ្ឌូណេស៊ីមួយ ថា​មិ​ន​ត្រូវ​ស្តង់ដារ​វិទ្យាសាស្ត្រ​អន្តរជាតិទេ។ ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​ទីក្រុង​កង់បេរ៉ា (អូស្ត្រាលី) ក៏​បានធ្វើការ​​រិះគន់​សារព័ត៌មាន​អូស្ត្រាលីមួយ​ដែលកាលពីសប្តាហ៍មុន​​បាន​ចុះផ្សាយ​សម្រង់​អត្ថបទ​ថា​បើ​​សាស្ត្រាចារ្យ​ ប៉ង់ឌូ រីអូណូ ចំនួន​អ្នកឆ្លង​កូវីដ​នៅ​ឥណ្ឌូណេស៊ី​មាន​ដល់​១លាននាក់ ពោលគឺ​ច្រើន​ជាង​តួលេខ​ផ្លូវការ​ដល់​ទៅ​៦ដង។

បើ​តាម​តុល្យការ​ផ្លូវការ ឥណ្ឌូណេស៊ី មានអ្នក​ឆ្លងកូវីដ​ប្រមណ​ជាង​១៥ម៉ឺន​ករណីនិង​ស្លាប់​ចំនួន​៦៧៥៩នាក់។ មានប្រជាជនសរុប​ជាង​២៧០​លាននាក់​ ឥណ្ឌូណេស៊ី​ជា​ប្រទេស​រងគ្រោះ​កូវីដ១៩​ខ្លាំង​គេ​មួយប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​រដ្ឋាភិបាល​ក៏​រង​ការ​រិះគន់​ខ្លាំង​ជាង​បំផុតដែរចំពោះ​ចំណាត់ការ​ទប់​ទល់​ជំងឺ​រាតត្បាត​ថ្មីនេះ។

ក្នុង​ពេលភ្លាមៗ​នេះ គេ​មិន​​អាច​កំណត់​អត្តសញ្ញាណ​របស់​ជន​ដៃដល់ដែល​ដឹកនាំ​ធ្វើ​ការ​វាយប្រហារ​ព័ត៌មានវិទ្យា​នេះទេ។ ប៉ូលិស​និងភ្នាក់ងារចារកិច្ចជាតិ ក៏មិន​ព្រម​ផ្តល់​ចម្លើយ​អ្វីមកកាន់​​ភ្នាក់ងារសារព័ត៌មាន​បារាំងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ