អានតួអត្ថបទ
ចិន-អាកាសចរណ៍

ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​មិន​សូវ​ខាតបង់ ដោយ​សារ​កំណើន​ទីផ្សារក្នុង​ស្រុក

ក្រុមហ៊ុន​អាកាសចរណ៍​ចិនជា​ទូទៅ​ ​ រង​ការ​ខាត​បង់​តិច​តួច​ នៅ​ត្រីមាស​ទី​ពីរ ជាង​កាលពី​ត្រីមាស​ទី​មួយ។ ទាំង​នេះ គឺ​ដោយ​សារ​តែចិន​អាច​លុបបំបាត់​​ជំងឺ​កូវីដ១៩​បាន​ស្ទើរ​តែទាំងស្រុង ដែល​ជា​ហេតុ​ជំរុញ​ឱ្យ​​ទីផ្សារ​ចរាចរណ៍​ផ្លូវអាកាស​​ក្នុង​ស្រុក ចាប់​ផ្តើម​មាន​កំណើន​ឡើងវិញខ្លាំង​គួរ​កត់​សម្គាល់។

ក្រុមហ៊ុន​អាកាសចរណ៍​កំរិត​ការ​ខាតបង់​ដោយសារ​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក
ក្រុមហ៊ុន​អាកាសចរណ៍​កំរិត​ការ​ខាតបង់​ដោយសារ​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ចិន​ជា​ប្រទេស​​​រង​គ្រោះកូវីដ១៩​មុន​គេ និង​ព្រួយបារម្ភ ហើយ​បិទ​ខ្ទប់​កាត់ប​ន្ថយ​ចរាចរណ៍​ហោះហើរ​អន្តរជាតិ​​មុន​គេ និង​យ៉ាង​ច្រើន។ ប៉ុន្តែ​ ការរាតត្បាត​បាន​បន្ថយ​ល្បឿន​យ៉ាង​ខ្លាំង នៅ​ក្នុង​ដែនដី​ចិន ស្ទើរ​តែ​គ្មានកូវីដ១៩​​មួយ​ករណី​សោះ​ គិត​ចាប់​តាំង​ពី​ពាក់កណ្តាល​ខែ​ឧសភា​មក។ ស្ថានភាព​សុខភាព​ប្រសើរ​ឡើង​ ទេសចរណ៍​និង​បំលាស់​ទី​ការងារ​ ក្នុង​ស្រុក​ ក៏​ចាប់​​​រើបសកម្មភាព​​ឡើង​វិញ​ដែរ​។ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​នីមួយៗ សម្គាល់​ឃើញ​ការ​ខាត​បង់​របស់​ខ្លួន​រួម​តូច​ទៅៗ។

China Southern Airlines​ ដែល​ជា​ក្រុមហ៊ុន​ធំជាង​គេ​បង្អស់​របស់​ចិន បើ​គិត​អំពី​ចំនួន​អ្នក​ដំណើរ​ បាន​ខាត​បង់អស់​​តែ​ប្រមាណ ២៩០០​លាន​យ័ន​តែ​ប៉ុណ្ណោះ នៅ​រវាង​ពី​ខែ​មេសា-មិថុនា​ ទល់​នឹង​៥៣០០​លាន​យ័ន​កាលពី​មករា-មីនា។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ផ្ទុយ​ពី​ឆមាស​ទី​មួយ​​នៃ​ឆ្នាំ​២០១៩ ដែល​ក្រុមហ៊ុន​បាន​ចំណេញ ​១៦០០​លាន​យ័ន នៅ​ឆ​មាស​ទី​មួយ​ឆ្នាំ​២០២០ ក្រុមហ៊ុន​ខាត​បង់ជា​សរុប​ ​អស់​៥២០០លាន​យ័ន​។

ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Air Chinaវិញ ការ​ខាតបង់​នៅ​ឆមាស​ទីមួយ​មានទំហំ​ដល់​ទៅ​៩ពាន់​លាន​យ័ន ប៉ុន្តែ​​នៅ​ត្រីមាស​ទីពីរ (៤៦០០លាន) ក្រុមហ៊ុន​ខាត​បង់​តិច​ជាង​កាលពី​ត្រីមាស​ទី​មួយ (៤៨០០លាន)។ China Eastern Airlines ដែល​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​ធំ​ទី​ពីរ​ ក៏​កត់​ត្រា​ឃើញ​ការ​ខាតបង់​នៅ​ត្រីមាសទីពីរ (៣៩០០​លានយ័ន) តិច​ជាង​ត្រីមាស​ទីមួយ​ (៤៦០០លាន)​ ដែរ។

ប៉ុន្តែ​គេ​​ត្រូវ​តាមដាន​បន្ត​ទៀតសិន អំពីកំណើន​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក ព្រោះ​ពេល​នេះ​ក្រុមហ៊ុនអាកាសចរណ៍​​ចិន​ប្រើ​នយោបាយ​បែប​ទាក់ទាញ​ខ្លាំងណាស់។ ដើម្បី​ផ្តល់​សន្ទុះ​ដល់​សកម្មភាព​ហោះហើរ ក្រុមហ៊ុន​​ចិន បាន​បើក​យុទ្ធនាការ​ “លក់សេវា​​​​ដំណើរ​ដោយ​សេរី​”ជា​កញ្ចប់។ យុទ្ធសាស្ត្រ​បាន​ធ្វើ​ការហោះហើរ​ក្នុង​ស្រុក មាន​សកម្មភាព​ស្ទើរ​ដូច​ធម្មតា​ឡើង​វិញ​រហូត​ដល់​ខែ​កញ្ញា។ ជាក់​ស្តែង នៅ​ខែ​សីហា​ ការ​កក់​សំបុត្រ​យន្តហោះ​បាន​ឡើង​ ដល់​ទៅ​៩៨% នៃ​ដំណើរការ​កាលពី​ឆ្នាំ​២០១៩ គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ