អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ចិន

ឥណ្ឌូណេស៊ី​ថា​​​នាវា​ល្បាត​​ចិន​រំលោភ​ចូល​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ខ្លួន

អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​ចន្ទ​ទី ១៤​កញ្ញា​២០២០ ប្រឆាំ​ងនឹង​សកម្មភាព​របស់​ឆ្មាំ​សមុទ្ទ​ចិន ដែល​បាន​​រំលោភ​ចូល​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូណេស៊ី។ បើ​តាម​ឥណ្ឌូណេស៊ី នាវា​ល្បាត​ចិន​ បាន​រំលោភ​ចូល​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​សៅរ៍ និង​ទើប​បើក​ចេញ​ទៅ​វិញ នៅ​ថ្ងៃ​ចន្ទ​នេះ​តែ​ប៉ុណ្ណោះ។

ផែនទី​បង្ហាញ​សមុទ្ទ​ចិន​ខាង​ត្បូង និង​តំបន់​ប្រជុំ​កោះ​ជាប់​ជម្លោះ
ផែនទី​បង្ហាញ​សមុទ្ទ​ចិន​ខាង​ត្បូង និង​តំបន់​ប្រជុំ​កោះ​ជាប់​ជម្លោះ weekeepedia
ផ្សាយពាណិជ្ជកម្ម

នាវាចិន​ពាក់​ផ្លាក​លេខ CCG៥២០៤ បាន​ចូល​មក​កៀក​នឹង​តំបន់​ប្រជុំ​កោះ​ ណាទូណា Natuna ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ដែលជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ឥណ្ឌូណេស៊ី មាន​ន័យ​ថា ជា​តំបន់​ដែល​​ស្ថិត​នៅ​ចន្លោះ​ពី​ដែន​ទឹក​អន្តរជាតិ​និង​ដែន​ទឹក​ជាតិ និង​ដែល​រដ្ឋឥណ្ឌូណេស៊ី​មាន​សិទ្ធិផ្តាច់​មុខ​ធ្វើ​ផលិតកម្ម​ធនធាន​ធម្មជាតិតែ​​ម្នាក់ឯង។

​ភ្នាក់ងារ​សន្តិសុខ​ផ្លូវ​ទឹក​ឥណ្ឌូណេស៊ី បាន​អះអាង​​ថា​បាន​ទាក់​ទង​ប្រាប់​​នាវា​ចិន​នោះដែរ តែ​ភាគី​ចិន​បាន​ឆ្លើយ​តប​មក​វិញ​ថា​ពួកគេ​កំពុង​បំពេញ​សកម្មភាព​ល្បាត ក្នុង​តំបន់​ “៩គំនូស”។ តំបន់​៩​គំនូស ជា​តំបន់​គ្មាន​ការ​បែង​ព្រំដែន​ខណ្ឌ​ចែក​សមុទ្ទ​ចិន​ខាង​ត្បូង​ដែល​ចិន​ទាមទារ​និង​ចាត់​ទុក​ជា​បូរណភាព​របស់​ខ្លួន តែ​ប្រទេស​ជិត​ខាងជំទាស់​។

ឥណ្ឌូណេស៊ី​ផ្ទាល់ ក៏​មិន​ទទួល​ស្គាល់ បន្ទាត់​ព្រំ​ដែន “៩​គំនូស”​ នេះ​ដែរ ដោយ​យល់​ថា​វា​ផ្ទុយ​ពី​អនុសញ្ញារបស់​​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាប់សមុទ្ទ។ ក្រសួងការបរទេស​ឥណ្ឌូណេស៊ី បាន​សេចក្តី​ថ្លែងការណ៍​រំលឹក​ថា​ តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ឥណ្ឌូណេស៊ី និង​តំបន់​ដែន​ទឹកចិន មិន​គង​គ្នា​ទេ។

​គ្រាន់​តែ​កើត​មាន​ឧប្បត្តិហេតុ​​នាវា​ឆ្មាំ​សមុទ្ទ​ចិន​​រំលោភ​ចូល​ដែន​ទឹក​ខ្លួន​ភ្លាម ឥណ្ឌូណេស៊ី​​បាន​ទាក់ទង​ទៅ​តំណាង​ការ​ទូតចិន​ប្រចាំ​ទីក្រុង​ហ្សាការតាភ្លាម និង​បាន​សុំ​ឱ្យ​ចិន​ធ្វើ​ការ​បំភ្លឺ។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​​អ្ន​កនាំ​ពាក្យ​ក្រសួង​ការ​បរទេសឥណ្ឌូណេស៊ី​។

សូម​បញ្ជាក់​ថា ឥណ្ឌូណេស៊ី ​ប្រទេស​ប្រជុំ​កោះ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ចំណាយ​កម្លាំង​ការ​ពារ​ដែន​ទឹក​​ខ្លាំង​ណាស់ ព្រោះ​មាន​​​នាវា​បរទេសជា​ច្រើន​បាន​ឆ្លង​និង​រំលោភ​ចូល​មក​នេសាទ និង​ដែល​បាន​ធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី​ខាត​បង់​អស់​រាប់​សិបពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

កាលពី​ខែ​មករា ហ្សាការតា បាន​បញ្ជូន​យន្តហោះ​ប្រដេញ​ទៅ​ឆ្វែល​ការពារ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន បន្ទាប់​ពី​មាន​ទូក​នេសាទ​ចិន​ជា​ច្រើន​អបការពារ​ដោយ​នាវា​ល្បាត​ផង រំលោភ​ចូល។

ក្រៅពី​ឥណ្ឌូណេស៊ី​​ ប្រទេស​ជិត​ខាង​ផ្សេង​ទៀត ដូច​ជា ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន តៃវ៉ាន់ ... ក៏​តែង​តវ៉ា​ប្រឆាំង​នឹង​ចិន​ដែល​ចង់​បាន​សមុទ្ទ​ចិន​ខាង​ត្បូង​ទាំង​មូល និង​ម្នាក់​ឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ