អានតួអត្ថបទ

តើ​នាយករដ្ឋមន្រ្តី​សិង្ហបុរី​កំពុង​តាមបិទ​សេរីភាព​បញ្ចេញមតិ​របស់​អ្នកប្រឆាំង?

នាយករដ្ឋមន្រ្តី​សិង្ហបុរី លោក​លី ស៊ានឡុង កាលពីថ្ងៃ​អង្គារ​ម្សិលមិញ បាន​បង្ហាញខ្លួន​ជាលើក​ទី១ នៅ​តុលាការ​កំពូល ដើម្បី​ធ្វើ​សាក្ខីកម្ម នៅក្នុង​សំណុំរឿង បរិហាកេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល និង​ខ្លួន​លោកផ្ទាល់។ នៅក្នុង​សវនាការ​រយៈពេល ៤ថ្ងៃ ដែល​ចាប់ផ្តើម កាលពី​ថ្ងៃ​អង្គារ នាយករដ្ឋមន្រ្តី​សិង្ហបុរី បាន​ប្តឹង ទីប្រឹក្សា​ហិរញ្ញវត្ថុ និងជាអ្នកសរសេរ​ប្លុក​ម្នាក់ ថា បាន​ចែករំលែក​អត្ថបទ ដែល​បង្ខូចកេរ្តិ៍ឈ្មោះ និង​កិត្តិយស​រដ្ឋាភិបាល រួម​ទាំងខ្លួន​លោក​លី ស៊ានឡុង​ផ្ទាល់។

លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី លី ស៊ានឡុង​ធ្វើដំណើរ​ទៅ​តុលាការ​កំពូល កាលពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​សំណុំរឿង​ដែលលោកប្តឹង​អ្នកសរសេរ​ប្លុកម្នាក់ ពីបទ​បរិហារកេរ្តិ៍។
លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី លី ស៊ានឡុង​ធ្វើដំណើរ​ទៅ​តុលាការ​កំពូល កាលពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​សំណុំរឿង​ដែលលោកប្តឹង​អ្នកសរសេរ​ប្លុកម្នាក់ ពីបទ​បរិហារកេរ្តិ៍។ © REUTERS - EDGAR SU
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បណ្តឹង​បរិហាកេរ្តិ៍ នាយករដ្ឋមន្រ្តី សិង្ហបុរី លោក​លី ស៊ានឡុង​បាន​ចោទប្រកាន់ ​ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ជា​អ្នកសរសេរ​ប្លុក លោក លៀង សឿឈាន Leong Sze Hian ពី​បទ​ចែកចាយ​បន្ត​ព័ត៌មាន​មិនពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើ​ប៉ះពាល់​ដល់​កិត្តិយស និង​ភាព​ស្មោះត្រង់​របស់​រដ្ឋាភិបាល។

រឿងរ៉ាវ កើតឡើង​កាលពី​ឆ្នាំ ២០១៨ នៅពេល លោក​លៀង សឿឈាន អ្នកសរសេរ​ប្លុក និង​ជាទីប្រឹក្សា​ហិរញ្ញវត្ថុ សិង្ហបុរី បាន​ចែករំលែក នៅលើ​ទំព័រហ្វេសប៊ុក របស់ខ្លួន នូវ​អត្ថបទ​មួយ របស់​កាសែត​ម៉ាឡេស៊ី ដែល​និយាយ​ពីការស៊ើបអង្កេត ប្រឆាំង​នាយករដ្ឋមន្រ្តី​សិង្ហបុរី នៅក្នុង​សំណុំរឿងអាស្រូវ ពុករលួយ ជាប់ទាក់ទង​នឹង​មូលនិធិ​អភិវឌ្ឍ​ម៉ាឡេស៊ី 1MDB។ តាម​កាសែត​ម៉ាឡេស៊ី Coverage លោក​នាយករដ្ឋមន្រ្តី សិង្ហបុរី លី ស៊ានឡុង បាន​ចុះ​ហត្ថលេខា​ដោយ​សម្ងាត់​ជាមួយ អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ដើម្បី​លាងលុយ ដែល​កេងបន្លំ បាន​មកពី​មូលនិធិ អភិវឌ្ឍ ម៉ាឡេស៊ី 1MDB។

នៅថ្ងៃ​បើកដំបូង​នៃ​សវនាការ ប្រឆាំង​អ្នកសរសេរ​ប្លុក លោក នាយករដ្ឋមន្រ្តី​សិង្ហបុរី​និយាយ​ដែរថា កេរ្តិ៍ឈ្មោះ​របស់​លោកផ្ទាល់ ក៏ត្រូវ រងគ្រោះ​ដោយសារ​ស្នាដៃ​របស់​លោក លៀង សឿឈាន។

អ្នកសរសេរ​ប្លុក លោក​លៀង សឿឈាន​បដិសេធ​ការចោទប្រកាន់​ដែល​ថា លោក​មាន​ចេតនា អាក្រក់ បំផ្លាញ​មុខមាត់​របស់​នាយករដ្ឋមន្រ្តី។ ជាក់ស្តែង លោក​បាន​ដកអត្ថបទ​ពី​ហ្វេសប៊ុក នៅ​តែ​៣ថ្ងៃ​ក្រោយ បង្ហោះផ្សាយ នៅ​បន្ទាប់ពី​មាន​ការព្រមាន​របស់​អាជ្ញាធរ​គ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយ។ សម្រាប់​មេធាវី របស់​លោក​លៀង សឿឈាន ប្រមុខ​រដ្ឋាភិបាល​មិនគួរ​ប្តឹង​កូនក្តី របស់លោកទៀតទេ ព្រោះ អាជ្ញាធរ​ផ្ទាល់​ធ្លាប់​បាន​បដិសេធ ព័ត៌មាន​ចុះផ្សាយ​រួចហើយ។ ម្យ៉ាងទៀត លោក​សឿឈាន មិនមែន​ជាមនុស្ស​តែម្នាក់​ដែល​បាន​ចែករំលែក​អត្ថបទ​របស់​កាសែត​ម៉ាឡេស៊ី​នោះទេ។ សម្រាប់​លោក​សឿឈាន​ផ្ទាល់ ទោះជា​អត្ថបទ​របស់​កាសែត​ម៉ាឡេស៊ី ចុះផ្សាយ ពិត ឬ​មិនពិត ការណ៍ ដែល​នាយករដ្ឋមន្រ្តី​កា្លយ​ជា​គោលដៅ ស៊ើបអង្កេត ក្នុង​រឿងអាស្រូវ​ពុករលួយ របស់​1MDB មានជាប់ទាក់ទង​នឹង​ផលប្រយោជន៍​សាធារណៈ ដែល​ប្រជាជន​សិង្ហបុរី ត្រូវការដឹងលឺ។

សម្រាប់​សកម្មជន​ការពារ​សិទ្ធិមនុស្ស ជាថ្មី​ម្តងទៀត រដ្ឋាភិបាល​ផ្តាច់ការ​សិង្ហបុរី បាន​ប្រើចំណាត់ការ​ប្តឹង នៅ​តុលាការ​ដើម្បី បិទសិទ្ធិសេរីភាព បិទមាត់ អ្នកប្រឆាំង នៅ​លើ​អ៊ីនធ័រនែត។ កាលពី​ឆ្នាំ​ទៅ រដ្ឋាភិបាល​សិង្ហបុរី បាន​បង្កើត​ច្បាប់​ថ្មី​ប្រឆាំង​នឹង​ការចុះផ្សាយ​ព័ត៌មាន​មិនពិត​នៅតាមអ៊ីនធ័រនែត។ ច្បាប់​ថ្មី បាន​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​សិង្ហបុរី​ក្នុង​ការត្រួតពិនិត្យ និង​ទាមទារឲ្យ​​កែតម្រូវ ខ្លឹមសារ​ចុះផ្សាយ ដែល​រដ្ឋាភិបាល​យល់​ថា ជា​ព័ត៌មាន​ភូតកុហក។ សកម្មជន​សិទ្ធិមនុស្ស រួម​ទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា ដូចជា​Facebook Twitter ជាដើម​ចាត់ទុក​ជា​ថ្នាំគីមី សម្លាប់ សេរីភាព នៅ​សិង្ហបុរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ