អានតួអត្ថបទ
ឥណ្ឌូណេស៊ី

​ផ្ទុះ​អំពើ​ហិង្សា​កណ្តាល​បាតុកម្មប្រឆាំង​នឹង​ច្បាប់ការងារ នៅ​ឥណ្ឌូណេស៊ី

នៅ​ឥណ្ឌូណេស៊ី ច្បាប់​ការងារ​​ដែល​មាន​កម្មវត្ថុ​​លើក​ស្ទួយ​សេដ្ឋកិច្ច​ ផ្តល់​ការងារ​ដល់​យុវជន​ និង​ដែល​ទើប​ត្រូវ​បាន​សភា​បោះឆ្នោត​ធ្វើ​វិសោធនកម្ម​ ​កាលពី​ថ្ងៃ​ចន្ទ រង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង។ នៅថ្ងៃ​ព្រហស្បតិ៍ទី​៨​តុលា​២០២០​ ដែល​ត្រូវ​ជា​ថ្ងៃ​​ទី​បី​នៃ​បាតុកម្ម​ មាន​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​​នៅ​រដ្ឋ​ធានី​ហ្សាការតា និង​នៅ​តាម​​​ក្រុង​ជា​ច្រើន​របស់​ប្រទេស។ ប៉ូលិស​បាន​ចាប់​ខ្លួន​បាតុករ​ជាច្រើន​រយ​​នាក់។

បាតុកម្ម​ប្រឆាំង​ច្បាប់​ការងារ​នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី
បាតុកម្ម​ប្រឆាំង​ច្បាប់​ការងារ​នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី REUTERS/Ajeng Dinar Ulfiana
ផ្សាយពាណិជ្ជកម្ម

និស្សិត​និងកម្មករ​​និយោជិក​​ លែង​ខ្វល់​នឹង​បម្រាម​​ទប់​ស្កាត់​កូវីដ​១៩​ហើយ។ ក្រោម​ការ​អំពាវនាវ​របស់​សហជីព បាតុកម្ម​បាន​ផុស​​ឡើង​ នៅ​​រដ្ឋធានី​ និង​នៅ​តាម​ទីក្រុង​ធំៗជា​ច្រើន​ ក្នុង​ផ្ទៃ​ប្រទេស តាំង​ពី​ពីរ​បី​ថ្ងៃ​មក​ហើយ។ បាតុកម្ម​បាន​រាលដាល​ទៅ​ជា​អំពើ​ហិង្សា ​បាតុករ​ បាន​នាំ​គ្នា​បញ្ចេញ​កំហឹងសភា​តំបន់នីមួយៗនិង​វាយប្រហារ​អាគារ​ជា​ទីស្នាក់​ការ​​​ ​រដ្ឋ​ផង។

នៅ​រដ្ឋ​ធានី​ហ្សាការតា អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ខ្លាំង។ ប៉ូលិសនិ​ងកង​កម្លាំង​រក្សា​សន្តិសុខ​ជាង​៩ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​​នៅ​តាម​ទីតាំង​ផ្សេងៗ ដើម្បីទប់​ស្កាត់​ចលនា​បាតុកម្ម​របស់​ក្រុម​និស្សិត​និង​និយោជិក​ ដែល​មានទិសដៅ​​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វិមាន​ប្រធានាធិបតី​និង​រដ្ឋ​សភាជាតិ។

ប៉ូលិស​បាន​ប្រើ​​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​បាន​ចាប់​ខ្លួន​​​​បាតុករប្រមាណ​ជាង​៤០០​នាក់ ភាគ​ច្រើន​ជា​យុវជន​ក្មេងៗ ដែល​ប្រព្រឹត្ត​​​អំពើ​ហិង្សា បំផ្លាញ​សម្បត្តិ​សាធារណៈ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ប៉ូលិស​ក្រុង​ហ្សាការតា។

សូម​បញ្ជាក់​ថា​នេះ​ជា​បាតុកម្ម​​​ប្រឆាំ​ង​នឹង​ច្បាប់​ការងារ​ថ្មី​។ ​ច្បាប់​ការងារ​ថ្មី កម្រាស់​១០០០​ទំព័រ ដែលសភា​ទើប​បាន​បោះឆ្នោត​​​ធ្វើ​វិសោធនកម្ម​ច្បាប់​ចាស់​​ លើវិស័យ​បរិស្ថាន ពន្ធដារ សិទ្ធិការងារ និងបទដ្ឋាន​(ស្តង់ដារ)​បរិស្ថាន សំដៅ​​កាត់​បន្ថយ​របបការិយាល័យ​និយម​ និង​ទាក់ទាញ​វិនិយោគ​បរទេស ព្រោះ​ប្រទេស​កំពុង​ឈាន​ទៅ​រក​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ។

ប៉ុន្តែ​សម្រាប់​ក្រុម​សហជីព​និយោជិក​ និង​ក្រុមអ្នក​ការពារ​បរិស្ថាន​ ក៏​ដូច​ជា​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ Amnesty International ច្បាប់​ថ្មី​នេះ​ថា​ជា​មហន្តរាយ​សម្រាប់​បុគ្គលិក​និយោជិក ដោយ​បាន​ការ​កាត់​បន្ថយ​ប្រាក់​សំណង​បុគ្គលិក​ពេល​​បណ្តេញ​ចេញ​ពីការងារ បង្កើន​ពេល​ធ្វើការម៉ោង​បន្ថែម​ និង​បាន​​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​​នៃ​កិច្ចសន្យា​រយៈ​វែង​របស់​ក្រុមហ៊ុន។ បើតាម​​អ្នកការពារ​បរិស្ថាន ច្បាប់​ថ្មី​នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​កាប់​ព្រៃឈើ​ដែល​លែង​អាច​ត្រួត​ពិនិត្យ​បាន។

ពលរដ្ឋ​ឥណ្ឌូណេស៊ី បាន​សម្តែង​កំហឹង​យ៉ាង​ខ្លាំង​និង​យ៉ាង​ច្រើន​​នៅ​បណ្តាញ​សង្គម។ ក្រុមចោរ​អ៊ីនធ័រនែត​បាន​ថែម​ទាំង​ហែកចូល​​វេបសាយ​សភា​ ទៅ​ប្តូរ​ឈ្មោះ​សភា​ទៅ​ជា​ក្រុមប្រឹក្សាក្បត់​​ ទៀតផង។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ