អានតួអត្ថបទ
ឥណ្ឌូណេស៊ី-សហរដ្ឋ​អាមេរិក

​អាមេរិក​ដករដ្ឋមន្ត្រី​ការពារ​ជាតិ​​​ឥណ្ឌូណេស៊ីចេញ​ពី​បញ្ជី​ខ្មៅ​ ដើម្បីទប់​ឥទ្ធិពល​​ចិន ?

សហរដ្ឋ​អាមេរិក​បាន​អញ្ជើញ​​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ លោក​ប្រាបូវូ ស៊ូប៊ីយ៉ានតូ(Prabowo Subianto) ​ដែល​ជា​អតី​ត​ឧត្តមសេនីយ៍​ក្នុង​របប​ផ្តាច់ការ​ស៊ូហាតូ ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌូណេស៊ី។ សេចក្តី​អញ្ជើញ​បែប​នេះ​ មាន​ន័យ​ស្មើ​នឹង​ការ​លុបឈ្មោះ​ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ចេញ​ពី​បញ្ជី​ខ្មៅ​ជាប់​ទណ្ឌកម្ម​អាមេរិក។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បានចាត់​ទុក​​​សេចក្តី​សម្រេច​របស់​អាមេរិក​ថា​ជា​មហន្តរាយ​​​សិទ្ធិមនុស្ស​នៅ ឥណ្ឌូណេស៊ី។

លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ Prabowo Subianto រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ឥណ្ឌូណេស៊ី
លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ Prabowo Subianto រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ឥណ្ឌូណេស៊ី AFP/Archivos
ផ្សាយពាណិជ្ជកម្ម

​ជា​អតីត​កូនប្រសារ​របស់​មេដឹកនាំ​ផ្តាច់​ការ​ស៊ូហាតូ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ជាប់​បម្រាម​អាមេរិក មិន​អាចសុំ​ទិដ្ឋាការ​​ចូល​ជាន់​ទឹក​ដី​សហរដ្ឋ​បាន​តាំង​ពី​២០០០​មក​។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​ឥណ្ឌូណេស៊ី​។

​លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន​ក្លាយ​ជា​ជន​ដែលសហរដ្ឋ​អាមេរិក​​ជា​មិន​ស្វាគមន៍​ ​ ព្រោះ​អតីត​ឧត្តមសេនីយ៍​រូប​នេះ ធ្លាប់​ជា​មេបញ្ជាការ​​កង​ទ័ព​ពិសេ​ស Kopassus ដែល​បាន​ចាប់​ជំរិត​សកម្មជន​ប្រជាធិបតេយ្យ​​ជា​ច្រើន​រូប​ ក្នុង​សម័យ​ដឹកនាំ​ផ្តាច់ការ​ស៊ូហាតូ។ សកម្មជន​ប្រជាធិបតេយ្យ​ភាគ​ច្រើន​បាត់​ខ្លួន​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ។

​មិន​តែ​ប៉ុណ្ណោះ លោក ស៊ូប៊ីយ៉ានតូ​ បាន​ជាប់​ចោទ​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល ពី​បទ​បាន​រំលោភ​បំពាន បង្ក្រាបយ៉ាងហិង្សា​ ការ​តស៊ូ​ទាមទារ​ឯករាជ្យ​របស់​ពលរដ្ឋ​​ទីម័រ​ខាង​កើត​ ​ទៀត។

ប៉ុន្តែ​ថ្ងៃ​នេះ​ សហរដ្ឋ​អាមេរិក​បាន​លើក​បម្រាមប្រឆាំង​នឹង​លោក ​​​ស៊ូប៊ីយ៉ានតូ ​ចេញ និង​បាន​អញ្ជើញ​លោកទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ទីក្រុង​វ៉ាស៊ីនតោន ពី​ថ្ងៃទី ១៥-១៩​តុលា​ខាង​មុខ​។  កម្មវត្ថុ​នៃ​ទស្សនកិច្ច​ គឺ​ដើម្បី​ជជែក​អំពី​កិច្ចសហប្រតិបត្តិការ​យោធា​ និង​កិច្ចសហប្រតិបត្តិការ​ទូទៅ​អាមេរិក-ឥណ្ឌូណេស៊ី។ ស្ថានឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​ហ្សាការតា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាំង​អស់​ជុំ​វិញ​សំណុំ​រឿង ដោយ​សំអាង​ថា​ជា​រឿង​សម្ងាត់​ជាតិ​ស្តី​ពី​ទិដ្ឋាការ។

អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International  បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​​សហរដ្ឋ​អាមេរិក​ ដោយ​គ្មាន​បង្អង់​ថា មិនមែន​មាន​ឈ្មោះ​ជា​​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ ធ្វើ​ដំណើរ​ទៅ​ណា​ដោយ​គ្មាន​ទិដ្ឋាការ​ឡើយ។ ហើយ​ការ​ផ្តល់​ទិដ្ឋាការ​ដោយ​គ្មាន​ដាក់​លក្ខខណ្ឌ​ត្រឹម​ត្រូវ​ ច្បាស់​លាស់​ជាមុន គឺ​ជា​សេចក្តី​សម្រេច​​ចិត្ត​ប្រកប​ដោយ​មហន្តរាយ​​​ និង​ជា​ការ​បំផ្លាញ​សិទ្ធិមនុស្ស​នៅឥណ្ឌូណេស៊ី។

សូម​បញ្ជាក់​ថា បន្ទាប់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​​ជា​ច្រើន​លើក​ច្រើន​សា​មក លោក ស៊ូប៊ីយ៉ានតូ ​បានក្លាយ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ កាលពីឆ្នាំ​​ទៅ។ ជា​អ្នក​អភិរក្ស និង​ជាតិ​និយមខ្លាំង មាន​ជំហរ​ការពារ​តែ​ប្រយោជន៍​ជាតិឯង​ដូច​លោក​ដូណាល់ ត្រាំ លោករដ្ឋមន្ត្រី​ ស៊ូប៊ីយ៉ានតូ បាន​សកម្ម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន ដើម្បី​ចរចា​រក​កិច្ចសន្យា​ទិញ​សព្វាវុធ​ មក​ពង្រឹង​វិស័យការពារ​ជាតិ។ ថ្មីៗ​នេះ​ សហរដ្ឋ​អាមេរិក ទើបបាន​លើក​ទឹក​ចិត្ត​ឱ្យ​ឥណ្ឌណេស៊ី​​ធ្វើយ៉ាង​ណា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​រដ្ឋ​ចិន​​នៅក្នុង​តំបន់ ប៉ុន្តែ​ឥណ្ឌូណេស៊ី​បានទប់​ជំហរ​មិន​ចង់​មាន​ចំណែក​ក្នុង​ជម្លោះ​ប្រកួត​ប្រជែក​រវាង​មហាយក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ