អានតួអត្ថបទ
ឥណ្ឌូណេស៊ី-កូវីដ១៩

ឥណ្ឌូណេស៊ី ទិញ​វ៉ាក់សាំង​ការពារ​កូវីដ១៩ ចំនួន​​១០០​លាន​ដូស ពី​មន្ទីរ​​ពិសោធន៍​​​AstraZeneca

លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានមកដល់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពី​ថ្ងៃពុធ ទី​១៤តុលា​ ដើម្បីចុះហត្ថលេខា ទិញ​ថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ​១៩ ពី​មន្ទីរពិសោធន៍ AstraZeneca ចំនួន​១០០លានដូស។ ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានលើកឡើងផងដែរ ថាប្រទេសឥណ្ឌូណេស៊ី សូមអំពាវនាវឲ្យ​ ការលក់​ថ្នាំវ៉ាក់សាំងកូវីដ១៩ ត្រូវតែ​ធ្វើឲ្យ​បាន​ស្មើភាព​គ្នា​ ទៅឲ្យ​ប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ មិនមែន​ប្រទេសអ្នកមាន ​ប្រមូលទិញផ្តាច់មុខ ​តែម្នាក់ឯងនោះទេ។

វ៉ាក់សាំង ដែលមន្ទីរពិសោធន៍ AstraZeneca កំពុងស្រាវជ្រាវ ស្ថិតក្នុងដំណាក់​កាលសាកល្បងទី៣។
វ៉ាក់សាំង ដែលមន្ទីរពិសោធន៍ AstraZeneca កំពុងស្រាវជ្រាវ ស្ថិតក្នុងដំណាក់​កាលសាកល្បងទី៣។ © REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី នឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន​១០០លានដូស ពីមន្ទីរពិសោធន៍ AstraZeneca របស់អង់គ្លេស។ លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់បន្ថែមថា នៅរវាង​ដើមឆ្នាំ២០២១ មន្ទីរពិសោធន៍ AstraZeneca នឹងចាប់ផ្តើមប្រគល់វ៉ាក់សាំង ដែលផលិតបាន បន្តិចម្តងៗ ជាច្រើន​ដំណាក់កាល។ ចេញពីទីក្រុងឡុងដ៍ លោកស្រីប្រមុខការទូតឥណ្ឌូណេស៊ី ត្រូវធ្វើដំណើរទៅកាន់អង្គការសុខភាព​ពិភពលោក នៅទីក្រុងហ្សឺណែវ ដើម្បី​ជម្រុញឲ្យ​ឥណ្ឌូណេស៊ី មានឈ្មោះក្នុងកម្មវិធី សហភាគី​គ្រប់គ្រងការបែងចែកវ៉ាក់សាំងប្រឆាំងកូវីដ​១៩ (Covax)។

ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយ​អ្នកយកព័ត៌មានបារាំងAFP លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បាន​លើកឡើងផងដែរថា ការលក់និងចែកចាយថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ ត្រូវតែធ្វើឲ្យ​មាន​សមភាព និងយុត្តិធម៌ សម្រាប់ប្រទេសទាំងអស់ មិនថាប្រទេសអ្នកមាន ឬប្រទេសកំពុងអភិវឌ្ឍន៍ឡើយ។ ពោលគឺដើម្បីធានា ឲ្យ​ប្រទេសក្រីក្រ ក៏អាចមានលទ្ធភាព​ជាវថ្នាំវ៉ាក់សាំងនេះ ក្នុងតម្លៃថោក​សមរម្យ។ ការថ្លែងដូចនេះ គឺបន្ទាប់​ពីមានការចុះផ្សាយ​ របស់​អង្គការ Oxfam ដែលបានអះអាងថា ប្រទេសអ្នកមាន ដែលមាន​ប្រជាជន​ត្រឹមប្រមាណ​១៣%នៃពិភពលោក បានកក់បញ្ជាទិញ ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ អស់ចំនួន​ពាក់កណ្តាលបាត់ទៅហើយ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីមានប្រជាជន​ប្រមាណ​២៧០លាននាក់ ពោលគឺជាប្រទេសលំដាប់ទី៤ ដែលមានប្រជាជន​ច្រើនជាងគេបង្អស់​។ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ក៏ជាប្រទេសដែលរងគ្រោះធ្ងន់ជាងគេដែរ ដោយសារជំងឺកូវីដ១៩ដែរ​ ដោយមានអ្នកឆ្លងសរុបប្រមាណ​៣៤ម៉ឺននាក់ ក្នុង​នោះ​មានស្លាប់ ​១២០០០នាក់​។ តួលេខនេះ អាចទាបជាងការពិតជាក់ស្តែងផង បើយោងតាមការវិភាគ របស់អ្នកជំនាញខ្លះ។​

ប្រឈមនឹងបញ្ហានេះ ​រដ្ឋាភិបាលឥណ្ឌូណេស៊ី បានស្វះស្វែងគ្រប់ផ្លូវ ដើម្បីទទួលបានថ្នាំវ៉ាក់សាំង ក្នុងចំនួន​ច្រើន សមមាត្រ​ទៅនឹងចំនួន​ប្រជាជនខ្លួន បើទោះបីដឹងថា ប្រទេសអ្នកមានៗ​ បានសម្រុកប្រមូលកក់ទុក សឹងអស់ទៅហើយ។ កាលពី​ខែ​សីហា ឥណ្ឌូណេស៊ីបាន​ធ្វើការសាកល្បង ថ្នាំវ៉ាក់សាំងរបស់ចិន ផលិតដោយមន្ទីរពិសោធន៍ Sinovac Biotech ទៅលើមនុស្ស​១៦០០នាក់។ រដ្ឋាភិបាលឥណ្ឌូណេស៊ី អះអាងថា បើសិនបានលទ្ធផល​ល្អ ឥណ្ឌូណេស៊ី​នឹងចាប់ផ្តើមផលិត​ថ្នាំវ៉ាក់សាំងរបស់ចិននេះ នៅក្នុងប្រទេសខ្លួន​តែម្តង។

ដោយឡែក រដ្ឋាភិបាលថៃ ក៏បានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះ ថាខ្លួនបានចុះកិច្ចព្រមព្រៀង ជាមួយ​មន្ទីរពិសោធន៍ AstraZeneca ដើម្បីទទួលបានសិទ្ធិ​ផលិត​ថ្នាំវ៉ាក់សាំងការពារកូវីដ១៩។ ក្រុមហ៊ុនផលិតឱសថ​ថៃ​ឈ្មោះ Siam Bioscience គឺជាអ្នកផលិតអនាគតវ៉ាក់សាំងនេះ ដើម្បីចែកចាយក្នុងប្រទេសថៃ និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅរវាង​ពាក់កណ្តាលឆ្នាំ២០២១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ