អានតួអត្ថបទ
ចិន

របាយការណ៍​ផ្លូវការ​ចិន ៖ ពលរដ្ឋ​​ចិនជាង​ពាក់កណ្តាល​ ​ធាត់​ជ្រុល

បើ​តាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​ចិន ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ២៣​ធ្នូ ២០២០​នេះ ប្រជាពលរដ្ឋ​ពេញ​វ័យចិនបច្ចុប្បន្ន​ ចំនួន​ដល់​ទៅ​ជាង​ពាក់កណ្តាល មាន​រូប​រាងកាយ​ធាត់​លើស​ទម្ងន់​។ កំរិត​ជីវភាព​ធូរធារ​ជាង​មុន កង្វះ​សកម្មភាព​កីឡា ព្រមទាំង​សម្ពាធ​ការងារ ជា​កត្តា​ដែល​​ជំរុញ​ឱ្យ​ពលរដ្ឋ​ចិនកាន់​តែ​ច្រើន​​ឡើងៗ ​​​ធាត់​។

នៅ​ឆ្នាំ​២០២០ ពលរដ្ឋ​ជាងពាក់កណ្តាល ធាត់​ជ្រុល ឬ​ធាត់​ចុកខ្លាញ់
នៅ​ឆ្នាំ​២០២០ ពលរដ្ឋ​ជាងពាក់កណ្តាល ធាត់​ជ្រុល ឬ​ធាត់​ចុកខ្លាញ់ iStock : Rostislav_Sedlacek
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋចិន​​អាយុ​លើស​១៨​ឆ្នាំ​ឡើង​ទៅ ចំនួន ៣៤,៣% ធាត់​លើសទម្ងន់ និង ១៦,៤% ធាត់ជ្រុល​ចុកខ្លាញ់ ពោល​គឺ​​ជាង​ពាក់កណ្តាល​ (​៥០,៣%) នៃ​ប្រជាជន​ចិន​ជា​មនុស្ស​ធាត់​។ នេះ​បើ​តាម​របាយការណ៍​ឆ្នាំ​២០២០ ស្តី​ពី​របប​អាហារ​និង​ជំងឺ​រ៉ាំរ៉ៃ របស់​ក្រសួង​សុខាភិបាល​ចិន ដែល​បញ្ជាក់ថា​ចំនួន​មនុស្ស​ធាត់​បា​ន​កើន​ឡើង ៤,២ (ធាត់​លើស​ទម្ងន់) និង​៤,៥% (ធាត់​ចុក​ខ្លាញ់) បើ​ប្រៀប​ទៅនឹង​ឆ្នាំ​២០១២។ ហើយ​កាលពី​ឆ្នាំ​២០០២ ចិន​មាន​ពលរដ្ឋ​ធាត់​តែ​ប្រមាណ​២៩,៩%។

ចំណែក​កុមារ​ និង​យុវជន​ចិន អាយុ​ពី​៦​ទៅ១៧​ឆ្នាំ​វិញ ក៏​មាន​បញ្ហា​លើស​ទម្ងន់​កាន់​តែ​ច្រើនឡើងដែរ។ ក្មេង​ជិត​២០%​មាន​អាការៈធាត់​ជ្រុល​លើស​ទម្ងន់​នៅ​ឆ្នាំ​២០២០​នេះ​ទល់​នឹង​១៦%​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១២។

ពលរដ្ឋ​ចិន ធាត់ ហើយ​ ធំ​ ទៀត។ ​របាយការណ៍​ចិន​ដដែល​បាន​បង្ហាញ​ថា បុរស​ចិន​មាន​ទម្ងន់​ជា​មធ្យម​៦៩,៩​គីឡូក្រាម និង​មានកម្ពស់​ជាមធ្យម ១៦៩,៧សង់ទីម៉ែត្រ ពោល​គឺ​លូត​ខ្ពស់​ ​២,៦សង់ទីម៉ែត្រ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ។ ចំណែកស្ត្រី​វិញ​ក៏​ដូច​គ្នា ស្ត្រី​មាន​ទម្ងន់​ជា​មធ្យម ៥៩​គីឡូក្រាម និង​កម្ពស់ ១៥៨សង់ទីម៉ែត្រ (ខ្ពស់​ជាងមធ្យមភាគ​​កាលពី​ឆ្នាំ​២០១២ចំនួន​២,២ស.ម.)។

ហេតុ​អ្វី​ចិន​ស្គាល់​កំណើន​ចំនួន​មនុស្ស​ធាត់​លឿន​ខ្លាំងដូច្នេះ ? តាំង​ពី​៤០​ឆ្នាំចុងក្រោយ​នេះ ចិន​មាន​ការ​អភិវឌ្ឍ​លូត​លាស់​យ៉ាង​​លឿន​ស្លេវ ​ទម្លាប់រស់នៅ​និង​របបអាហារ​​ក៏​បាន​​ប្តូរផ្លាស់ច្រើន ហើយ​ចំណី​អាហារនៅ​លើ​ទីផ្សារក៏​កាន់​តែ​​​សម្បូរ​បែប​ និងតម្លៃ​ក៏​សមរម្យ​ទៀត។ ដូច្នេះ​បើ​មាន​​ជីវភាព​ធូរធារហើយ ​ចិនមិន​សំចៃ​នឹងរឿង​ទទួល​ទាន​ទេ ព្រោះ​​សម្រាប់​ដូនតា​ចិន ញ៉ាំ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​។ ទទួល​ទាន​អាហារ​ច្រើន​សម្បូរ​វីតាមីន ប្រូតេអ៊ីន​ហើយ ពលរដ្ឋ​ចិន​មិន​សូវ​បញ្ចេញ​កម្លាំង​កាយ​ធ្វើ​កីឡា​ហាត់​ប្រាណទេ ហើយ​ថែម​ទាំង​មាន​សម្ពាធ​ច្រើន ដូច​ជាសម្ពាធ​ការងារ សម្ពាធ​គ្រួសារ ពេលវេលា​ការងារ​មិន​ទៀងទាត់ និង​គ្មានលំនឹង​រវាង​រយៈពេល​ម៉ោង​ធ្វើ​ការ​និង​ការ​សម្រាក​កម្លាំង​ទេ។ នេះ​បើ​តាម​ការ​ពន្យល់របស់​អ្នក​ជំនាញ​ផ្នែកអាហារូបត្ថម្ភ​ Wang Dan នៅ​ក្រុងHarbin​។

ការ​ធាត់​លើសទម្ងន់ ជា​កត្តា​ហានិភ័យ​នាំ​ឱ្យ​មានគ្រោះ​កើត​ជំងឺសរសៃ​ឈាម​បេះ​ដូង ទឹក​នោម​ផ្អែម ឬ​ជំងឺមហារីក។ សម្រាប់​អាជ្ញាធរ​វិញ មាន​ពលរដ្ឋធាត់កាន់​តែ​ច្រើន ​ប្រព័ន្ធ​សុខភាពអាច​​ត្រូវ​រង​សម្ពាធ​ខ្លាំងនា​ថ្ងៃ​អនាគត។ តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយមកនេះ ​ធាត់​ជ្រុល​លើ​ទម្ងន់ ឬជំងឺធាត់​ចុកខ្លាញ់ មាន​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក រាប់​ទាំង​ក្នុង​ប្រទេសកំពុង​អភិវឌ្ឍ​ន៍ផង ដល់​ទៅ​ប្រមាណ​ជាង​២ពាន់លាន​នាក់។ សហរដ្ឋ​អាមេរិក​ជាប្រទេសមាន​អ្នក​ធាត់​ជ្រុល​ច្រើន​ជាង​គេ​បំផុត​។ ក្នុង​រយៈ​ពេលតែ​៤​ទសវត្សរ៍​ ចំនួន​អ្នក​ធាត់​ចុក​ខ្លាញ់ បាន​កើន​ឡើង​មួយ​ទ្វេ​ជាពីរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ